វិភាគ៖ តើមានមូលហេតុអ្វីខ្លះជំរុញឲ្យតំណាងរាស្ត្របក្សប្រឆំាងលោក អ៊ុំ សំអាន ចូលខ្លួនឲ្យគេចាប់?

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ​ សំអាន ពេល​ត្រូ​វបាន​បញ្ជូនទៅតុលាការ ក្រោយ​បញ្ចប់ការសាកសួរនៅនាយកដ្ឋានប្រឆាំងភេរវកម្មនៅក្រសួងមហាផ្ទៃ​ កាលពីថ្ងៃ​ចន្ទ​

គេនៅចាំបានថានៅពាក់កណ្តាលខែមេសាឆ្នាំ២០១៥សមាជិកព្រឹទ្ធសភាមួយរូបរបស់គណបក្ស សម រង្ស៊ី គឺលោក ហុង សុខហួរ ត្រូវបានលោក ហ៊ុន សែន បញ្ជាផ្ទាល់មាត់ឲ្យសមត្ថកិច្ចចាប់ខ្លួនទាំងមិនទាន់ដកអភ័យឯកសិទ្ធិ ដោយលោកចោទថាមន្ត្រីមកពីបក្សប្រឆាំងរូបនោះក្បត់ជាតិប្រព្រឹត្តបទល្មើសជាក់ស្តែងទាក់ទិននឹងការបង្ហោះសន្និសញ្ញាព្រំដែនកម្ពុជាវៀតណាមឆ្នាំ១៩៧៩។

ក្រោយមួយថ្ងៃនៃព្រឹត្តិការណ៍ចាប់ខ្លួនលោក ហុង សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំងមួយរូបទៀតគឺលោក អ៊ុំ សំអាន ដែលសកម្មក្នុងការរិះគន់រឿងបញ្ហាព្រំដែន បានគេចខ្លួនទៅក្រៅប្រទេសដោយស្ងៀមស្ងាត់ទំនងជាការគេចខ្លួននោះភ័យខ្លាចពីការតាមចាប់ខ្លួនពីសំណាក់រដ្ឋាភិបាល ។

ប៉ុន្តែប្រមាណជា៧ខែក្រោយមកពោលគឺនៅថ្ងៃអាទិត្យទី១១ខែមេសាឆ្នាំ២០១៦ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលសកម្មក្នុងការរិះគន់បញ្ហាព្រំដែនលោក អ៊ុំ សំអាន បានវិលចូលមកម្ពុជាវិញ បើទោះបីលោកត្រូវសមត្ថកិច្ចដៅមុខសញ្ញាថា ជាអ្នកដឹកនាំកម្លាំងចុះពិនិត្យបង្គោលព្រំដែនកម្ពុជាវៀតណាមបង្កឲ្យស្ថានការណ៍នយោបាយឡើងកម្តៅនាពេលនោះក៏ដោយ។

នៅយប់ថ្ងៃអាទិត្យដដែលនោះសមត្ថកិច្ចបានឃាត់ខ្លួននិងវ៉ៃខ្នោះដៃលោក អ៊ុំ សំអាន ទាំងមិនដកអភ័យឯកសិទ្ធិដូចលោក ហុង សុខហួរ ដែររួចបញ្ជូនតំណាងរាស្ត្ររូបនោះមកកាន់តុលាការ ក្រោយមកបញ្ជូនតំណាងរាស្ត្ររូបនោះទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនិងបទញុះញង់ឲ្យមានការរើសអើង។

តើមានកត្តាអ្វីខ្លះជំរុញឲ្យលោក អ៊ុំ សំអាន សម្រេចចិត្តចូលកម្ពុជាវិញឲ្យលោក ហ៊ុន សែន ចាប់ខ្លួន?

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា លើកឡើងថាតំណាងរាស្ត្របក្សប្រឆាំងលោក អ៊ុំ សំអាន ប្រាកដជាដឹងមុនថាការដែលលោកវិលចូលកម្ពុជាវិញពិតត្រូវបានរដ្ឋាភិបាលចាប់ខ្លួន។

ប៉ុន្តែលោក ឯម សុវណ្ណារ៉ា វិភាគថាការវិលមកឲ្យរដ្ឋាភិបាលចាប់ខ្លួនរបស់លោក អ៊ុំ សំអាន លោកថាទំនងជាតំណាងរាស្ត្របក្សប្រឆាំងរូបនោះចង់បានប្រជាប្រិយភាពខ្លួនឯងផង ប្រជាប្រិយភាពគណបក្សសង្គ្រោះជាតិផង និងទាញទម្លាប់ប្រជាប្រិយភាពបក្សកាន់អំណាចផងដែរ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនោះពន្យល់ថាការទាញប្រជាប្រិយភាពខ្លួនឯងត្រង់ថាពេលដែលតំណាងរាស្ត្ររូបនោះធ្លាប់រិះគន់រដ្ឋាភិបាលថាបានប្រើផែនទីក្លែងក្លាយក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាមធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីទៅប្រទេសវៀតណាមនោះ លោកថាពេលនេះលោក អ៊ុំ សំអាន ចង់បង្ហាញទៅសាធារណៈជនថា លោកហ៊ានប្រឈមនឹងការពិតពីបញ្ហាជាតិនិយម។

ករណីនេះលោក ឯម សុវណ្ណារ៉ា ចាត់ទុកថាលោក អ៊ុំ សំអាន អាចទាក់ទាញប្រជាប្រិយភាពបានមួយកម្រិតទៀតពីសាធារណជនបន្ទាប់ពីតំណាងរាស្ត្ររូបនោះធ្លាប់ដឹកនាំចុះពិនិត្យបង្គោលព្រំដែន។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថាចំនុចមួយទៀតការវិលមកឲ្យគេចាប់ខ្លួនរបស់លោក អ៊ុំ សំអាន នៅពេលនេះអាចជាសំឡេងជួងមួយទៀតដាស់អារម្មណ៍ទៅសហគមន៍អន្តរជាតិកុំឲ្យភ្លេចក្រលេកមើលពីការរំលោភសិទ្ធិមនុស្សនិងសិទ្ធិអ្នកតំណាងរាស្ត្ររបស់បក្សប្រឆាំងដែលជាញឹកញាប់ត្រូវបានរំលោភបំពានពីបក្សកំពុងគ្រប់គ្រងអំណាចនៅកម្ពុជានិងរំឭកពលរដ្ឋខ្មែរពីភាពចម្រូវចម្រាសនៅតាមព្រំដែន។

លោកថា៖ “ឯកឧត្តម អ៊ុំ សំអាន វិលមកហើយគេចាប់ទៅវិញនេះគឺធ្វើឲ្យមតិអន្តរជាតិងាកមកចាប់អារម្មណ៍ម្តងទៀត ពីមុនចាប់ឯកឧត្តម ហុង សុខហួរ ទៅរាងភ្លេចឯកឧត្តម សម រង្ស៊ី រត់ចេញទៅរាងភ្លេច (និរទេសខ្លួនទៅក្រៅប្រទេស)អាហ្នឹងគឺជាសម្ពាធនយោបាយធ្វើឲ្យគណបក្សសង្គ្រោះជាតិហ្នឹងមិនមានគេហៅថាទិដ្ឋភាពនយោបាយស្មើភាពគ្នាក្នុងការប្រកួតប្រជែងទេ អញ្ចឹងអន្តរជាតិគេអត់សូវចាប់អារម្មណ៍ទេ។ ប៉ុន្តែឯកឧត្តម អ៊ុំ សំអាន មកម្តងទៀតអាសម្ពាធហ្នឹងអាទឹកស្រក់មួយតក់ៗ ប៉ុន្តែស្រក់ច្រើនតក់វាធ្វើឲ្យអ្នកផ្សេងឮធ្វើឲ្យអ្នកផ្សេងទៀតចាប់អារម្មណ៍ អញ្ចឹងសកម្មភាពហ្នឹងអាចធ្វើឲ្យសហគមន៍អន្តរជាតិគេចាប់អារម្មណ៍ឬមានវិធានការអន្តរាគមន៍មករដ្ឋាភិបាលភិបាលហើយខ្ញុំថាមិនអត់ទេ”។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថាការចាប់ខ្លួនលោកតំណាងរាស្ត្របក្សប្រឆាំងលោក អ៊ុំ សំអាន ដោយមិនបានដកអភ័យឯកសិទ្ធិជាមុននេះ លោកថាបើទោះបីរដ្ឋាភិបាលចោទតំណាងរាស្ត្ររូបនោះថាបានប្រព្រឹត្តបទល្មើសអ្វីក៏ដោយ ប៉ុន្តែលោកថាពលរដ្ឋខ្មែរភាគច្រើនមិនឲ្យតម្លៃទៅលើតួកាចទេ។ ករណីនេះលោកថាលោក អ៊ុំ សំអាន អាចធ្វើឲ្យបក្សកាន់អំណាចបន្តធ្លាក់ចុះប្រជាប្រិយភាពមួយកម្រិតទៀត។

លោកថា៖ “ប្រជាពលរដ្ឋខ្មែរយើងមានមនោសញ្ចេតនាជ្រាលជ្រៅណាស់ជួយអាណិតអ្នកដែលរងគ្រោះច្រើនជាងអ្នកដែលប្រើហិង្សា យើងមើលតែរឿងល្ខោនដួងចិត្តប្រជាពលរដ្ឋយើងគាំទ្រតែតួកំសត់ច្រើនជាងតួកាចតួសប្បាយឃើញទេ អ្នកដែលរងគ្រោះហ្នឹងប្រជាពលរដ្ឋគោរពអាណិតស្រឡាញ់ ហើយជាក់ស្តែងឯកឧត្តម អ៊ុំ សំអាន វាចូលអាតួកំសត់របស់គេហ្នឹងហើយ ម្ល៉ោះហើយពលរដ្ឋជាទូទៅលោកស្រឡាញ់អាណិត ព្រោះគាត់មិនយករឿងគាត់ទេទោះបីពលរដ្ឋយល់ដឹងកម្រិតណាក៏ដោយ ប៉ុន្តែគាត់លើកយកបញ្ហាជាតិមកនិយាយអញ្ចឹងពលរដ្ឋត្រូវតែឈឺឆ្អាលហើយ”។

លោក ឯម សុវណ្ណារ៉ា បានរំឭកពីព្រឹត្តិការណ៍ដែលពលរដ្ឋរាប់ម៉ឺននាក់ទៅទទួលលោក សម រង្ស៊ី ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញមុនបោះឆ្នោតឆ្នាំ២០១៣ ក្រោយពីមានការលើកលែងទោសដោយសារតែមេបក្សប្រឆាំងរូបនោះដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាមនៅខេត្តស្វាយរៀង លោកថាពេលនោះបក្សប្រឆាំងដែលជាតួអង្គកំសត់ទទួលបានការគាំទ្រពីពលរដ្ឋ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី វិភាគថាការវិលចូលម្ពុជារបស់លោក អ៊ុំ សំអាន ឲ្យរដ្ឋាភិបាលចាប់ខ្លួន លោកថាអាចជាសារបង្ហាញថាលោក អ៊ុំ សំអាន មិនតក់ស្លុតពីការគំរាមចាប់ខ្លួនដើម្បីស្វែងរកការពិតពីបូរណភាពទឹកដី។ លោកថាវីរភាពរបស់តំណាងរាស្ត្របក្សប្រឆាំងលោក អ៊ុំ សំអាន ពេលនេះអាចបន្សាបឥទ្ធិពលឈ្នះៗ របស់បក្សកំពុងគ្រប់គ្រងអំណាចក៏ថាបាន។

លោកថា៖ “កាលណាបន្លាចមួយយើងរត់៥បន្លាច១យើងរត់៦ អញ្ចឹងគណបក្សកាន់អំណាចមិនថាតែរដ្ឋាភិបាលនៅស្រុកខ្មែរទេ រដ្ឋាភិបាលនៅស្រុកណាក៏ដោយកាលណាគេប្រើវិធានការក្តៅមកហើយមនុស្សនៅក្នុងសង្គមហ្នឹងនាំគ្នាខ្លាច អាហ្នឹងគេ(រដ្ឋាភិបាល)កាន់តែមានកម្លាំងទៀត។ ប៉ុន្តែការបង្ក្រាបហ្នឹងពេលខ្លះវាហួសហេតុពេកវាទៅជាគ្រប់គ្រងលែងបាន វាធ្វើឲ្យកិត្តិយស៌ហ្នឹងវាធ្លាក់ទៅៗ ហើយខ្ញុំគិតថាពីដើមមកគណបក្សប្រជាជនកម្ពុជាហ្នឹងធ្លាប់តែអនុវត្តនយោបាយឈ្នះៗខ្ញុំគិតថា គួរយកអានយោបាយឈ្នះៗហ្នឹងមកប្រើវិញទៅព្រោះអីឥឡូវនេះអានយោបាយឈ្នះៗហ្នឹងចាប់ផ្តើមពីនយោបាយចាញ់ៗហើយ”។

សម្រាប់វិទ្យាសាស្ត្រនយោបាយមួយរូបទៀតគឺលោក រស់ រ៉ាវុធ វិភាគថាសា្ថនការណ៍នយោបាយនៅតែបន្តឡើងកម្តៅដូចពេលបច្ចុប្បន្ននេះ លោកថាពលរដ្ឋទេជាអ្នកចាញ់ដោយលោកអះអាងថាចាញ់ព្រោះកម្ពុជានៅតែមានឈ្មោះមិនល្អនៅលើឆាកអន្តរជាតិពីការហែកហួរគ្នា អ្នកវិនិយោគធំៗអត់ហ៊ានមកបណ្តាក់ទន់ សេដ្ឋកិច្ចជាតិនៅមានកម្រិត ការអភិវឌ្ឍជាតិយឺតយ៉ាវ។

លោក រស់ រ៉ាវុធ វិភាគថាអ្វីដែលខ្មែរចំណេញគឺអ្នកនយោបាយដែលមានអាសនៈក្នុងសភាត្រូវពង្រឹងវប្បធម៌សន្ទនាដែលមានស្រាប់យកមកដោះស្រាយបញ្ហាដែលនៅសេសសល់ ឈរលើស្មារតីឯកភាពជាតិ បំភ្លេចរឿងអតីតកាល តម្កល់ប្រយោជន៍ជាតិជាធំ។

លោកថា៖ “យើងមើលឃើញថាបច្ចុប្បន្ននេះ គ្មានអ្វីក្រៅពីការរួមគ្នាទេ ប្រសិនបើខ្មែរនៅតែបែកបាក់គឺខ្មែរនៅតែបន្តខាត”។

ទាំងអ្នកវិភាគទាំងអ្នកស្រាវជ្រាវគិតថាដើម្បីកុំបក្សប្រឆាំងយកបញ្ហាព្រំដែនធ្វើជាផ្ទាំងស៊ីបកេងចំណេញនយោបាយ ពួកគេថា បក្សកាន់អំណាចគួរលាតត្រដាងឲ្យសាធារណជនជឿទុកចិត្តបានទៅលើយន្តការកំណត់ខ្សែបន្ទាប់ព្រំដែនជាមួយប្រទេសជិតខាងនិងធ្វើយ៉ាងណាការពារដីស្រែចំការរបស់ពលរដ្ឋដែលរស់នៅតាមព្រំដែនកុំឲ្យបាត់បង់ មិនមែនប្រើវិធានការណ៍គំរាមកំហែង បំបិតមាត់ អ្នកដែលរិះគន់ និងបារម្មណ៍ពីការបាត់បង់ទឹកដីទៅប្រទេសជិតខាងនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ