បក្សប្រឆាំងនឹងធ្វើសមាជជ្រើសរើសអនុប្រធានម្ដងទៀត តាមសំណើរបស់ក្រសួងមហាផ្ទៃ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 10:40 AM | នយោបាយ | 0 | 5926 ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ

មន្ដ្រីគណបក្សប្រឆាំងឲ្យដឹងថា គណបក្សសង្គ្រោះជាតិនឹងធ្វើសមាជវិសាមញ្ញជាថ្មីម្ដងទៀត ដើម្បីជ្រើសរើសអនុប្រធានឡើងវិញ បន្ទាប់ពីក្រសួងមហាផ្ទៃបានប្រកាសទទួលស្គាល់តែលោក កឹម សុខា ជាប្រធានបក្សតែមិនទទួលស្គាល់អនុប្រធាន៣រូបទៀត។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ឲ្យដឹងថា ការធ្វើសមាជវិសាមញ្ញជាថ្មីម្តងទៀត គឺនៅថ្ងៃទី២៥ មេសា ឆ្នាំ២០១៧ ដើម្បីពិនិត្យលើវិសោធនកម្មលក្ខន្ដិកៈគណបក្ស និងដើម្បីជ្រើសអនុប្រធានបក្ស ។

ការរៀបចំធ្វើសមាជវិសាមញ្ញថ្មីនេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំងបានរៀបចំឲ្យមានកិច្ចប្រជុំមួយ កាលពីថ្ងៃទី១៧ ខែមេសា ម្សិលមិញ នៅទីស្នាក់ការគណបក្ស។

ក្រសួងមហាផ្ទៃបានបដិសេធមិនបានទទួលស្គាល់ អនុប្រធានបក្ស៣រូប របស់គណបក្សប្រឆាំងនោះទេ រួមមាន លោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និងលោក​ អេង ឆៃអ៊ាង។ ក្រសួងមហាផ្ទៃលើកហេតុផលថា ការជ្រើសរើសអនុប្រធាន៣រូប កាលពីថ្ងៃទី២ មេសា ឆ្នាំ២០១៧ នេះ គឺខុសនឹងលក្ខន្ដិកៈថ្មី របស់គណបក្សប្រឆាំងត្រង់ប្រការ៤៧ថ្មី ដោយក្រសួងថា ការជ្រើសរើសនេះ បានហួសរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃលោក សម រង្ស៊ី លាលែងពីតំណែង៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required