បក្សប្រឆាំងស្នើបញ្ចូលព័ត៌មានពីថ្ងៃបោះឆ្នោតជាសំឡេងក្នុងទូរសព្ទ

មន្ត្រីបក្ស​ប្រឆាំងស្នើគ.ជ.ប បន្ថែមការផ្សព្វផ្សាយព័ត៌មាន ស្តីពីការបោះឆ្នោត ជាសំឡេងផ្ញើសារតាម​ទូរ​សព្ទដៃ ខ​ណៈ​​អ្ន​​កឃ្លាំ​មើលរ​កឃើ​ញ​ថា ​ព​​ល​​រដ្ឋ​​ភា​​​​គ​ច្រើនមិន​ទា​ន់​​​ដឹ​ងថ្ងៃ​ទៅ​បោះ​ឆ្នោ​​តនៅឡើយ។

កាលពីថ្ងៃទី៥ខែមេសា សម្ព័ន្ធកំណែ​ទម្រង់ការ​​បោះ​ឆ្នោត ​បានបង្ហាញរបាយការណ៍ស្ទង់មតិមួយថា ពលរ​ដ្ឋ​​ជាង​ពាក់​កណ្តាល មិនទាន់​ដឹង​ថ្ងៃ​បោះ​ឆ្នោតនៅឡើយ។

ក្នុងកិច្ចប្រជុំមួយនៅស្នាក់ការកណ្តាលរបស់គ.ជ.ប នាថ្ងៃទី១៨ខែមេសានេះ តំណាង​រាស្ត្រ​គ​ណបក្សសង្រ្គោះជាតិ មណ្ឌលកំពង់ធំ លោក លិម​ គិមយ៉ា លើកឡើងថា ដើម្បីឲ្យពលរដ្ឋដឹងកាន់តែច្បាស់ ពីថ្ងៃ​បោះ​ឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ​-សង្កាត់ខាងមុខ លោកថា គ.ជ.ប គួរស្នើទៅ​រដ្ឋាភិ​​បា​លឲ្យអន្តរាគម​ន៍ទៅ​ក្រុ​មហ៊ុន​ទូរស​ព្ទចល័ត ដាក់សារជាសំឡេងបញ្ជាក់ពី​ថ្ងៃបោះ​ឆ្នោត ដូចដែលរដ្ឋា​ភិបាលធ្លាប់ស្នើ​ឲ្យដា​ក់ថា មីក្រូ​ហិ​រញ្ញវត្ថុទាំងអស់មិនមែនជារបស់រដ្ឋ។

លោកថា៖ «ហេតុដូច្នេះ ដល់ពេលហ្នឹងយើងធ្វើអញ្ចឹងដែរទៅ។ យើងថាថ្ងៃទី៤ខែមិថុនាហ្នឹង ជាថ្ងៃបោះ​ឆ្នោ​ត​​ អញ្ចឹងសូ​មអញ្ចឹញប្រជាពលរដ្ឋទៅបោះឆ្នោត»។

អគ្គលេខាធិការ គជប លោក ទេព នីថា បានច្រានចោលសំណើរនេះ ដោយថា​យន្ត​ការជា​ច្រើ​ន​​​ដែល គ.ជ.ប ផ្សព្វផ្សាយ​ឲ្យ​ពល​រដ្ឋ​​ដឹ​ង​ពីដំណើរការបោះឆ្នោតនេះ ដូចជាការផ្សាព្វ​ផ្សា​យតាម​កញ្ច​ក់ទូរ​ទស្ស​ន៍ វិទ្យុ ធ្វើស្ពតខ្លីៗ ការ​បិទប្រ​កា​ស​​ជាដើម រួម​ទាំង​​ចែក​ប័​ណ្ណព័ត៌មា​នស្តីពីការបោះ​ឆ្នោត ដល់អ្ន​កដែ​ល​បា​ន​ចុះឈ្មោះរួម​ហើយ​ផងដែ​រ។​

លោកថា៖ «យើងពុំបានធ្វើទូរសព្ទដូចផ្សាយអំពើមីក្រូហិរញ្ញវត្ថុអីទេ។ យើងផ្សាយទៅតាមលេខទូរសព្ទមួយដែលគាត់អត់អស់លុយ។ នេះជាការឧបត្ថមរបស់ USAID លេខ១២៨៥ យើងចុចអាហ្នឹងទៅ យើងនឹងបា​នព័ត៌មា​នដែលយើងចង់ដឹងទាក់ទងនឹងការបោះឆ្នោត»។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅ NICFEC លោក សំ គន្ធាមី លើកឡើងថា សារ​ជាសំ​​ឡេងដែលមានស្រាប់ របស់ គជប លោកថា ជាព័ត៌មានទូលំទូលាយពេក ដែលលោកថា ធ្វើព​លរដ្ឋពិបា​កយល់ ។ លោកជំរុញឲ្យ គ.ជ.ប ពិចារណាទទួលយកសំណើរនេះ ដោយថាដើម្បីបង្កើនកា​រយ​ល់​​​ដឹង​កា​ន់តែច្បាស់ដល់ប្រជាពលរដ្ឋ ឲ្យពួកគេមានពេលច្រើនសម្រាប់ត្រៀមខ្លួនទៅបោះឆ្នោត។

លោកថា៖ «សំណើហ្នឹងល្អ វាជួយដែរដល់អ្នកប្រើប្រព័ន្ធទូរសព្ទ គាត់បានដឹងពីព័ត៌មាន​បោះឆ្នោត។ ចែ​កប័ណ្ណ​ព័ត៌មានក៏ម្យាងដែរ ប៉ុន្តែបានអាហ្នឹងមួយទៀតជួយកាន់តែច្រើន»។

បើតាមលោក ទេព នីថា ការចែកប័ណ្ណព័ត៌មាន បានចាប់ផ្តើមពីថ្ងៃទី១៧ខែមេសា ដល់ថ្ងៃទី១៦​ខែ​ឧ​សភា  និងមានការឃ្លាំមើលពីមន្ត្រីអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធ។

ប្រធានកិច្ចការបោះឆ្នោត និងនីតិកម្ម របស់គណបក្សសង្គ្រោះជាតិ លោកស្រី ម៉េង សុ​ភា​រី លើកឡើងថា ការចែកប័ណ្ណព័ត៌មានស្តីពីការបោះឆ្នោត កាលពីម្សិលមិញ លោកស្រីថា អា​ជ្ញា​ធ​​រ​ខ្លះបានចែក នៅកន្លែ​​ង​មា​នបំ​ពា​ក់ស្លាក​គណប​ក្ស​ប្រជា​ជ​ន​កម្ពុជា។

មន្ត្រីបក្សប្រឆាំងរូបនោះ ជំរុញឲ្យ គ.ជ.ប ទប់ស្កាត់បញ្ហានេះ ដោយថាដើម្បីបង្ហាញពីតម្លាភាព។

យ៉ា​ងនេះក្តី លោក ទេព នីថា អះអាងថា ការធ្វើបែបនោះពិតជាកំហុសមួយ លោកថា គ.ជ.ប បាន​​ជូន​ដំណឹ​ងទៅ​អាជ្ញាធរពាក់​ព័ន្ធ ឲ្យទប់​ស្កាត់​បញ្ហា​នេះ​ហើយ។

បើតាម គ.ជ.ប គិតត្រឹមថ្ងៃ១១មេសា មានគណបក្ស ចំនួន១២ បានចុះ​ឈ្មោះ​ប្រកួត​ប្រជែ​ងការ​បោះឆ្នោ​ត​ជ្រើ​​ស​រើសក្រុមប្រឹក្សាឃុំ សង្កាត់​ អាណត្តិទី៤នេះ ។ ​ក្នុងនោះមានតែគណបក្សប្រជាជនកម្ពុជា និងគណ​ប​ក្ស​​សង្គ្រោះជា​តិប៉ុណ្ណោះ បានដាក់បេក្ខភាព បានគ្រប់១៦៤៦ឃុំ សង្កាត់ នៅទូទាំងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ