ក្រសួងយុត្តិធម៌ថាអ្នកធ្វើយុទ្ធនាការអាវខ្មៅអាចប្រឈមនឹងផ្លូវច្បាប់

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានលើកឡើងថា អ្នកធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ សុំឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស និងសកម្មជនដីធ្លី គឺអាចប្រឈមនឹងផ្លូវច្បាប់ បើសិនជាមានគោលដៅទុច្ចរិតណាមួយដែលល្មើសនឹងច្បាប់។

ការលើកឡើងនេះ បន្ទាប់ពីសកម្មជនដីធ្លីដែលសកម្មធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមធ្វើយុទ្ធនាការនេះ ឲ្យបានខ្លាំងក្លាជាងមុន ដើម្បីសុំឲ្យដោះលែងមន្ត្រីសង្គមស៊ីវិល និងសកម្មជនដីធ្លី ខណៈដែលរដ្ឋាភិបាលនៅបន្តឃុំខ្លួនអ្នកទាំងនោះនៅឡើយ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ចាត់ទុកការអំពាវនាវឲ្យដោះលែងជាប់ឃុំនោះជារឿងខុសច្បាប់ ។

លោកថា «គួរតែបង្ហាញអំពីគោលដៅនៃការធ្វើយុទ្ធនាការឲ្យច្បាស់លាស់ ព្រោះថា​បើតាម វិអូឌីចុះគឺយុទ្ធនាការដើម្បីដោះលែង។ ភាសាដោះលែង គឺខុសច្បាប់តែម្ដង ដោះលែងជនដែលកំពុងជាប់ឃុំ គឺគ្មានអំណាចណាមួយមកបញ្ជាឲ្យតុលាការដោះលែងបានទេ គឺមានតែអំណាចតុលាការមួយគត់ដែលសម្រេចថាជនណាត្រូវដោះលែងជនណាត្រូវមានទោសជាប់ឃុំយ៉ាងម៉េចៗ គឺអំណាចតុលាការដែលជាអំណាចឯករាជ្យ។ ចឹងអ្វី ដែលវីអូឌីផ្សាយម្សិលមិញនេះគឺច្បាស់លាស់ណាស់ គឺគោលបំណងដើម្បីដោះលែង មើលអត្ថបទវីអូឌីឡើងវិញ។ ចឹងអាចំណុចនេះ ជាចំណុចខុសច្បាប់ ខ្ញុំមិនបញ្ជាក់ជូនអំពីអ្វីផ្សេងទៀតទេ សូមឲ្យមើលខ្លួនឯងវីអូឌីផ្សាយម្សិលមិញ បើកមើលក្រមព្រហ្មទណ្ឌឡើងវិញថា ចំណុចណាដែលជាបទល្មើសដែលអាចប្រឈម»។

យ៉ាងណាក៏ដោយ សកម្មជនដីធ្លីទាំងនោះ អះអាងថា ការធ្វើយុទ្ធនាការអាវខ្មៅរបស់ពួកគេ គឺក្នុងគោលបំណងទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស៤រូប មន្ត្រីគ.ជ.ប លោក នី ចរិយា និងតំណាងពួកគេ អ្នកស្រី ទេព វន្នី ដោយមិនមានគោលបំណងអ្វីឡើយ ហើយបើរដ្ឋាភិបាលដោះលែងអ្នកទាំងនោះពួកគេនឹងឈប់ធ្វើយុទ្ធនាការនេះ។

ទាក់ទងរឿងនេះ លោក​មេធាវី ហុង គឹមសួន មានប្រសាសន៍ថា គ្មានច្បាប់ណាផ្ដន្ទាទោស ឬ ចោទប្រកាន់បើប្រជាពលរដ្ឋគ្រាន់តែអំពាវនាវចូលរួមឲ្យធ្វើយុទ្ធនាការនេះសុំឲ្យដោះលែងអ្នកជាប់ឃុំ ដោយសន្តិវិធី គឺមិនខុសច្បាប់ ដោយសារពួកគេមិនបានអំពាវនាវឲ្យចូលរួមធ្វើកុប្បកម្មដើម្បីផ្ដួរំលំរដ្ឋាភិបាលនោះទេ គ្រាន់តែជាទាមទារសុំឲ្យដោះលែងជាប់ពន្ធនាគារតែប៉ុណ្ណោះ។

លោកថា «ការជួបជុំពលរដ្ឋមិនមែនជាការបង្កឲ្យមានរឿងចលាចលនៅក្នុងសង្គម ឬក៏ប្រព្រឹត្តបទល្មើសកុបាកម្មឬក៏ធ្វើអ្វី ឬក៏ផ្ដួរំលំរដ្ឋាភិបាលទេ និងសូមឲ្យអ្នកដែលចោទប្រកាន់នឹងលោកគិតអំពីការឈឺចាប់របស់ប្រជាពលរដ្ឋផង ប្រជាពលរដ្ឋគាត់ធ្វើអ្វីគាត់ចង់បានតែសន្តិសុខសន្តិភាពទេ។ ចឹងប្រជាពលរដ្ឋភាគច្រើន លោកមើលទៅឃើញថា អ្នកដែលត្រូវបានចាប់ខ្លួន​​គាត់មិនខុសទេ។​ មិនមែនប្រជាពលរដ្ឋគាត់ល្ងង់ទេ គាត់ចេះច្បាប់ គាត់ដឹងពីរឿងប្រព្រឹត្ត ឬមិនប្រព្រឹត្តហើយ។ ចឹងការទាមទាររបស់គាត់ សូមឲ្យយល់ពីភាពឈឺចាប់ពីភាពព្រាត់ប្រាស់របស់គេផង បើក្រុមគ្រួសាររបស់អស់លោក តើចេះឈឺចាប់ដូចគេដែរទេ ចឹងសូមបែបមើលទឹកភ្នែកប្រជាពលរដ្ឋផង»។

ជារៀងរាល់ថ្ងៃចន្ទ សកម្មជនដីធ្លី សង្គមស៊ីវិល និងប្រជា​ពល​រដ្ឋសហគមន៍ផ្សេងៗ តែងតែពាក់​អាវខ្មៅ ដើម្បីសុំឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស មន្ត្រីគ.ជ.ប សកម្មជនដីធ្លី លោក គឹម សុខ និងទាមទារឲ្យរកយុត្តិធម៌ករណីសម្លាប់ លោក កែម ឡី ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ