គ.ជ.ប​ ដាក់វិធានការ៥ចំណុច​ដើម្បីការពារសន្តិសុខ អំឡុង​ពេលបោះឆ្នោតថ្នាក់ជាតិ​

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដាក់វិធានការ៥ចំណុច​ធំៗ ដោយថាដើម្បី​ពង្រឹង​ការពារ​សន្តិ​សុខ​ដល់ភ្នាក់ងារ និងបេក្ខជននៃគណបក្សនយោបាយទាំងអស់​ដែលចូល​រួមបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នៅចុងខែកក្កដា ឆ្នាំ២០១៨នះ ឲ្យ​​មាន​ភាព​ល្អប្រសើរ។

ក្នុង​សេចក្តីណែនាំរបស់ គ.ជ.ប ចុះផ្សាយនៅថ្ងៃនេះថា វិធានការ៥ចំណុច​ធំៗ ដោយ​ជំរុញទៅសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដូចជា​ ​​គណៈ​បញ្ជាការ​ងារ​ឯកភាព​រដ្ឋបាលរាជធានីខេត្ត ពិសេសស្នងការ​ដ្ឋាននគ​របាលនគរបាលរាជធានី ខេត្ត អធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ ត្រូវធានា​ឲ្យមានសន្តិសុខឲ្យបានល្អ​ក្នុង​ដែនដីរបស់ខ្លួន តាមរយៈតាមដានត្រួតពិនិត្យសភាពការណ៍ និងស្នើសុំអន្ត​រាគមន៍កម្លាំង​មានសមត្ថកិច្ច​បន្ថែម ត្រូវ​ចាត់ចែង​រៀបចំកិច្ចប្រជុំចម្រុះ ក្នុងករណីមានការអុកឡុក គំរាមកំហែង ឬរាយការណ៍ជាប្រចាំពីស្ថានភាពសន្តិសុខ សុវត្ថិ​ភាព ទៅអគ្គ​លេខាធិការដ្ឋាន គ.ជ.ប ដើម្បីទប់ស្កាត់ និងកាត់បន្ថយរាល់បញ្ហាទំនាស់ ឬបាតុភាពនានា ដែលអាច​កើតមាន​ឡើងជាយ​ថាហេតុនៅ​គ្រប់​ដំណាក់កាលនៃការរៀប​ចំការបោះឆ្នោតជ្រើសតាំងតំណាង​រាស្ត្រខាងមុខ​នេះ​​។

ក្នុង​វេបសាយរបស់អគ្គស្នងការដ្ឋាន​នគរបាលជាតិ បានដកស្រង់សម្តី​អ្នកនាំពាក្យ លោក គៀត ច័ន្ទថារិទ្ធ ដែលបានថ្លែង​ក្នុងវគ្គបណ្តុះបណ្តាលមួយនាថ្ងៃនេះថា ស្ថាប័នរដ្ឋនឹង​ដាក់​កម្លាំងនគរបាលជាតិ កម្លាំង​កងយោធពល​ខេមរភូមិន្ទ និងកម្លាំងកងរាជអាវុធហត្ថ សរុបរហូតដល់៨ម៉ឺននាក់ ​រួមទាំងមា​នកម្លាំងប្រជាការពារ​ប្រមាណ២ម៉ឺន​នាក់ផង​ដែរ ដោយថា​ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់​ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ខាងមុខនេះ។

អ្វីដែលគួរឲ្យកត់សំគាល់ ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ចម្រូង​ចម្រាស់ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គូ​ប្រជែង​ដ៏​ធំ​តែ​មួយ​គត់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ នៅ​តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រកួត​ប្រជែង​នោះ​ឡើយ បន្ទាប់​ពី​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ