លោក សម រង្ស៊ី រំឭកការបះបោរនៅប្រទេសខ្លះខណៈជម្លោះនយោបាយនៅកម្ពុជាបន្តអូសបន្លាយ

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (FB: លោក សម រង្សុី)

អតីតមេដឹកនាំបក្សប្រឆាំង លោក​ សម រង្ស៊ី បានថ្លែងហាក់រំឭកឲ្យចាប់អារម្មណ៍ទៅលើចលនាមហាជនងើបបះ​បោរប្រឆាំង​និ​ង​មេ​ដឹក​​នាំ​ក្រា​​ញអំ​ណា​​​ច​​ រ​ប​ស់​​​​ប្រទេសមួយចំនួនលើពិភពលោក ខណៈគណបក្សកាន់អំណាច នៅបន្តផា​ត់បក្ស​ប្រឆាំងចេ​ញ​​ពី​​​ឆា​​​កន​​យោ​បាយ​នៅ​​ឡើ​យនោះ​។

តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេស កាលពីចុងឆ្នាំមុន មុ​​នកា​​របោះឆ្នោ​តជ្រើ​សតាំងតំណាងរាស្ត្រអាណត្តិថ្មីនេះ ចូលមកដល់ តាមបណ្តឹងរបស់រដ្ឋាភិបាល ។

បើគ្មានអ្វីប្រែប្រួលទេ ការបោះឆ្នោតនឹងធ្វើឡើងនៅ​ថ្ងៃទី២៩ខែកក្កដាឆ្នាំ​២០១៨ ពោ​ល​នៅ​​​ស​ល់​តែជាង២​ខែទៀត​​ប៉ុណ្ណោះ​។

លោក សម រង្ស៊ី កាលពីសប្តាហ៍មុនបានធ្វើដំណើរទៅប្រទេសជប៉ុន និងក្រោយមកត្រ​ឡប់ទៅប្រទេ​សឥណ្ឌូនេស៊ីទៀត នូវអ្វីដែល​លោកហៅថា ​​ដើម្បីស្វែងរកជួបមេដឹកនាំនៃប្រទេសលោកសេរី ឲ្យជួយស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។

​​លោក សម រង្ស៊ី កាលពីម្សិលមិញ និយាយប្រាប់សារព័ត៌មានអនឡាញឥណ្ឌណេស៊ី Temppoថា កម្ពុជានឹង​​ប្រ​ឈ​ម​មុ​​ខនិងភា​ព​​មិន​ច្បាស់លាស់នៅមុនការបោះឆ្នោតថ្នាក់ជាតិខែកក្កដាខាងមុខ បើគ្មានអតី​តប​ក្ស​ប្រ​ឆាំ​ងចូលរួម។

ភា​ព​​មិ​នច្បាប់លាស់នេះ លោក សម រង្ស៊ី បានលើកជាឧទាហរណ៍ ពីវិបត្តិនៅមជ្ឈិមបូព៌ា មានប្រទេសស៊ីរី  និងលីប៊ី ជាដើម ដែ​ល​​​ប្រ​​ទេសទាំងនោះ ពលរដ្ឋកំពុងងើបបះបោរប្រឆាំងមេដឹកនាំក្រាញអំណាច ដែលលោកសម រង្ស៊ីថាជាមេដឹ​កនាំផ្តា​​ច់កា​រ​។

លោកថា៖«មូលហេតុនៃការបះបោរនៅមជ្ឈិមបូព៌ា គឺដោយសារតែរដ្ឋាភិបាលផ្ដាច់ការ និងគ្មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅប្រទេសស៊ីរី និងលីប៊ី»។

ពលរដ្ឋនៅប្រទេសស៊ីរី និងលីប៊ី បានងើបបះបោរ ប្រឆាំងនឹងមេដឹកនាំក្រាញអំណាចយូរឆ្នាំរបស់ខ្លួន ហើយពេលនេះ ប្រ​ទេសទាំងនោះ កំពុងជួបវិបត្តិ និងហែកហួរដោយជម្លោះផ្ទៃក្នុង។

ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមេដឹកនាំបក្សកាន់អំណាចផងនោះ បានសរសេរនៅលើងគេហទំព័រហ្វេសប៊ុក របស់​លោ​​ក នៅ​ថ្ងៃ​នេះ​ថា ពលរដ្ឋពេលនេះកំពុង​រស់នៅ​សុ​ខ​​​សា​ន្ត ដោយសារតែកម្ពុជាមា​នសន្តិភា​ពពេញលេញ​រយៈពេល​ជាង​២០ឆ្នាំ​ម​ក​​ហើ​យ​​។​​លោ​ករំឭកថា« យើ​ង​មិនត្រូវឲ្យន្តិភា​​​​​​របូតចេ​​​​ពីដៃបានឲ្យសោះ ទោះបីដោយតម្លៃណាក៏ដោយ»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ហៅការលើកឡើងរបស់លោកសម រង្ស៊ី ថាជាការយល់ខុស ដោយលោ​កអះ​អាង ពលរដ្ឋកម្ពុជាធ្លាប់ជួបទុក្ខលំបាក ពេលប្រទេសមានសង្គ្រាម មុនប្រទេសស៊ីរី លោកថា ដូចនេះ​ការងើបបះបោរ ពីសំណា​ក់មហា​​ជន ដែលថាចង់ប្រឆាំងនឹងមេដឹកនាំ ដូចលោក សម រង្ស៊ីគិតនោះគឺគ្មានទេ។

អ្ន​ក​នាំពា​ក្យរូបនេះ អះអាងទៀតថា ពលរដ្ឋកម្ពុជាពេលនេះ លែងខ្វល់និងរឿងអ្នកណាជាប់គុក អ្នកណារត់ចោលស្រុក គណ​បក្សណាត្រូវរំលាយទៀតហើយ ដោយថាពួកគេពេលនេះ គិតពីបញ្ហាជីវភាព និងដើរលំហែរនៅថ្ងៃបុណ្យជាតិច្រើនជាង។

លោកថា៖«ព្រោះ សម រង្ស៊ី នេះមិនបានធ្វើអ្វីដល់ជាតិមាតុភូមិរបស់គេទេ ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ តាំងពី សម រង្ស៊ី មានវត្តមានក្នុងស្រុក ។

គេកត់សម្គាល់ឃើញតែមួយទេ បុគ្គលហ្នឹងក្រៅពីធ្វើឲ្យខ្មែរបែកបាក់ គឺអុចអាលឲ្យស្អប់គ្នាទៅវិញទៅមក ក្នុងសង្គម។ហើយសមទ្ធផល ដែល សម រង្ស៊ី ដឹកនាំគេធ្វើ គឺមានមួយ យើងឃើញហើយ គឺចេតិយមួយ នៅខាងត្បូងព្រះបរមរាជវាំងនឹង​ [ស្តូបរំឭកវិញ្ញាណខន្ធអ្នកស្លាប់ដោយគ្រាប់បែកឆ្នាំ១៩៩៧]

ទោះជាយ៉ាងណារបត់នយោបាយនៅក​​ម្ពុជា ដែលឈានទៅចាប់ឃុំខ្លួនអតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា រំលាយ​គ​ណ​​​​បក្សសង្គ្រោះជាតិ បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និ​ង​គំរា​មអ្នកឃ្លាំមើលសិទ្ធិមនុស្សជាដើមនោះ ជំរុញឲ្យក្រុ​មប្រទេ​ស​លោ​ក​សេ​រី ថ្កោ​លទោស និងគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច បើរដ្ឋា​ភិបា​​ល​មិនស្តារប្រជាធិបតេយ្យឡើងវិញ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ