ពលរដ្ឋខ្លះមិនពេញចិត្ដនឹងការអភិវឌ្ឍតំបន់ទេសចរណ៍លើបឹងផ្ទុកទឹកនៅឧត្ដរមានជ័យ

ប្រជាពលរដ្ឋមួយចំនួននៅខេត្ដឧត្ដរមានជ័យសំដែងការមិនពេញចិត្ដនឹងអាជ្ញាធរខេត្ដនេះ ដែលអភិវឌ្ឍតំបន់ទេសចរណ៍លើបឹងរក្សាទឹកនៅក្រុងសំរោង ដោយអះអាងថាធ្វើឲ្យប៉ះពាល់បរិស្ថាននិងទឹកប្រើប្រាស់។

ពលរដ្ឋនៅក្រុងសំរោង អ្នកស្រី ហ៊ុន ភាព ឲ្យវីអូឌីVODដឹងនៅថ្ងៃនេះថា បឹងផ្ទុកទឹកមួយកន្លែងនៅក្នុងទីរួមខេត្ដឧត្ដរមានជ័យ មានឈ្មោះថាបឹងស្នោរ ត្រូវបានអាជ្ញាធរស្ដារមានគម្រោងអភិវឌ្ឍជាតំបន់ទេសចរណ៍ដែលពួកគាត់បារម្ភថាអាចបាត់បឹងផ្ទុកទឹកដែលពលរដ្ឋកំពុងប្រើប្រាស់ប្រចាំថ្ងៃ។ អ្នកស្រីថា បឹងនោះអាចផ្គត់ផ្គង់ទឹកដល់ពលរដ្ឋរាប់រយគ្រួសារដែលថាពួកគាត់ធ្លាប់បានស្នើសុំឲ្យអាជ្ញាធរស្ដារធ្វើអាងរក្សាទឹកដើម្បីទុកឲ្យពលរដ្ឋប្រើប្រាស់ ប៉ុន្ដែបែជាអាជ្ញាធរអភិវឌ្ឍកន្លែងកំសាន្ដទៅវិញ ខណៈពលរដ្ឋកំពុងខ្វះខាតទឹកប្រើប្រាស់។ អ្នកស្រីបន្ដថា៖ “បើគេធ្វើអញ្ចឹងមែនវាអាចប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើននៅក្នុងខេត្ដយើងនេះ។ ខ្ញុំស្នើថាឲ្យបង្កើតជាអាងស្ដុកទឹកវាល្អប្រសើរវិញ តែធ្វើជាសួនកំសាន្ដ ហើយគេអ្នកហូគេអ្នកដើរលេងហូបហើយគេបោះសំរាមពេញហ្នឹង។ ហើយវាអស់ធនធានទឹកវាពិបាកទឹកនឹងពិបាកខ្លាំងមែនទែន

បើតាមគម្រោងអភិវឌ្ឍន៍ដែលធ្វើលើបឹងស្នោរនោះ មានដូចជា អាគារធំៗ សួនកំសាន្ដ ចំណតរថយន្ដ ស្ពាននាគ ទូកចែវកំសាន្ដ ផ្សាររាត្រី ភោជនីយដ្ឋាន និងកន្លែងប្រវត្តិសាស្ដ្រតំណាងឲ្យខេត្ដនេះជាដើម។

ពលរដ្ឋមួយរូបទៀតលោក យឹម តុលា ឲ្យដឹងថាពួកគាត់មិនគាំទ្រគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍បឹងស្នោរនោះទេ ដោយសារការអភិវឌ្ឍធ្វើឲ្យបាត់បង់បឹងផ្ទុកទឹកនឹងធ្វើឲ្យពលរដ្ឋគ្មានទឹកប្រើប្រាស់។ លោកបន្ដថា៖ “ឥឡូវនេះគេកំពុងតែជីកដីបារបាតត្រពាំងហ្នឹង ហើយកំពុងតែកាយបណ្ដើរៗទាំងយប់ទាំងថ្ងៃដល់ពេលគាត់ធ្វើចឹងមកវាមិនកើតប្រជាពលរដ្ឋបានទឹកអីប្រើប្រាស់ចិត្ដបើថាបារបឹងហ្នឹងទុកទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់ខ្ញុំគាំទ្រឲ្យគាត់ធ្វើចុះ បើថាទឹកបឹងហ្នឹងគាត់ស្ដារ ហើយបង្កើតជាអាគារបង្កើតជាអាគារបង្កើតសួនជាបេនឡានមិនគាំទ្រ

អភិបាលខេត្ដឧត្ដរមានជ័យលោក ស ថាវី មានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍នេះលោកស្នើទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរៀបតំបន់ទេសចរណ៍និងកន្លែងហាត់បា្រណ ស្ដារអាងទឹកឲ្យពលរដ្ឋប្រើប្រាស់។លោកថា អ្នកដែលមិនពេញចិត្ដនោះជាអ្នកប្រឆាំង។ លោកមានប្រសាសន៍ថា៖ “ខ្ញុំដូចជាមិនទាន់ដឹងរឿងហ្នឹង មានតែប្រឆាំងដែលវាអ្នកជំទាស់រឿងហ្នឹងព្រោះការអភិវឌ្ឍនឹងដើម្បីស្ដារទឹកទុកឲ្យប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល អ្នកថាហ្នឹងមិនបានមកធ្វើផងហ្នឹង

ប៉ុន្ដែប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្ដឧត្ដរមានជ័យ លោក ឃិន ញាណ មានប្រសាសន៍ថា អាជ្ញាធរមិនបានសហកាជាមួយមន្ទីរនោះឡើយ ដែលលោកថាលោកគ្រាន់តែឃើញប្លង់គម្រោងអភិវឌ្ឍន៍នោះមានផ្លូវស្ពានលើផ្ទៃបឹងស្នោរនោះ។ លោកបន្ដថា ការអភិវឌ្ឍបែបនេះខុសពីលក្ខណៈបច្ចេកទេសនៃការគ្រប់គ្រងទឹក ដែលលោកថាធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋប្រើប្រាស់ទឹកនិងបរិស្ថាន។ លោកបន្ដថា៖ “តាមលក្ខណៈបច្ចេកទេសធនធានទឹកវាអត់ត្រូវទេ បើគេស្ដារអាង គេត្រូវស្ដារយកដីចេញចាក់មាត់អាង ហើយអាហ្នឹងថាបានទឹក តែបើគាត់ធ្វើវាអត់លក្ខណៈ ដូចថាស្ដារអស់មួយម៉ឺនម៉ែត្រគីប ហើយចាក់មួយម៉ឺនម៉ែត្រគីបដាក់មួយម៉ឺនម៉ែត្រគីបវានៅដដែល

បើតាមប្រធានមន្ទីរធនធានទឹករូបនេះ បឹងស្នោរ នៅខេត្តឧត្តរមាណជ័យនេះមានទំហំ១០០ហិកតាដែលអាចផ្ទុកទឹកបាន១លាន៥០ម៉ឺនម៉ែត្រគូប ដែលមានពលរដ្ឋប្រើប្រាស់ទឹកចំនួន៣សង្កាត់ ក្នុងក្រុងសំរោង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ