តុលាការ​កោះហៅ​លោក កឹម សុខា សាជាថ្មី លើករណី​ដែលត្រូវចោទរឿង​​ស្រីកំណាន់​

អនុប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​

ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅសាជាថ្មី ឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ចូលមកតុលាការ លើសំណុំរឿងសញ្ចារកម្ម ក្រោយពីលោកមិនបានចូលបំភ្លឺកាលពីថ្ងៃអង្គារម្សិលមិញនេះ ដែលពាក់ព័ន្ធនឹងខ្សែអាត់សំឡេងដែលត្រូវបានចោទប្រកាន់រឿងស្រីកំណាន់កាលពីកន្លងមក។

នៅក្នុងដីកាកោះថ្មីមួយចុះថ្ងៃទី១៧ ខែឧសភា លោក សៀង សុខ បានសរសេរថាសាមីខ្លួន លោក កឹម សុខា ជាសាក្សី ត្រូវអញ្ជើញមកតុលាការនៅថ្ងៃទី២៦ ខែឧសភា វេលាម៉ោង៩ព្រឹកនិងយកលិខិតផ្សេងៗដែលទាក់ទងនឹងរឿងសញ្ចារកម្ម ប្រសិនបើមាន។

លោក កឹម សុខា មិនបានចូលខ្លួនបំភ្លឺចំនួនពីរលើករួចមកហើយ ដោយការកោះហៅទីមួយទាក់ទងនឹងដំណើររឿងដែលសកម្មជនល្បីឈ្មោះតាមបណ្តាញហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍ក្នុងសំណុំរឿងបែកធ្លាយខ្សែអាត់សំឡេងដូចគ្នា។ លោកមិនបានចូលបំភ្លឺកាលពីថ្ងៃទី១១ខែឧសភានោះទេ។

អ្នកនាំពាក្យស្ថាប័នអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បានបដិសេធមិនអត្ថាធិប្បាយពីចំណាត់ការបន្ត ប្រសិនបើលោក កឹម សុខា មិនចូលបំភ្លឺតាមការកោះហៅសាជាថ្មី។

កន្លងទៅ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានលើកឡើងថាអ្នកមានអភ័យឯកសិទ្ធិទាំងអស់មិនអាចប្រឆាំងវិធានការរបស់រដ្ឋាភិបាលឬនគរបាលយុត្តិធម៌នោះទេ។ លោកពន្យល់ថាប្រសិនបើតុលាការចោទប្រកាន់អ្នកមានអភ័យឯកសិទ្ធិ ទាល់តែមានការព្យួរអភ័យឯកសិទ្ធិ។ លោកបញ្ជាក់បន្ថែមថាប្រសិនបើករណីមិនចូលតាមការកោះហៅរបស់តុលាការ លោក កឹម សុខា នឹងត្រូវចាប់ខ្លួន ដោយថានេះជាបទល្មើសជាក់ស្តែង។

លោកមានប្រសាសន៍ថា៖ “លិខិតដែលយើងឃើញថាព្រះរាជអាជ្ញាកោះហៅលោកកឹម សុខា មក។ [បើ]លោក កឹម សុខា គាត់មក តាមការកំណត់។ មកដល់គាត់ប្រាប់ថាខ្ញុំតំណាងរាស្រ្ត ខ្ញុំមានអភ័យឯកសិទ្ធិ ខ្ញុំជឿថាព្រះរាជ្ញាថាលោកអាចឆ្លើយសំណួរនេះទេ បើគាត់មិនឆ្លើយ ក៏អត់ដឹងធ្វើអីគាត់ដែរ គឺគាត់ត្រូវត្រឡប់ទៅវិញ តែគាត់ប្រឆាំងការទៅ។ សូមជម្រាបថាគាត់បង្កើតបទល្មើសជាក់ស្តែង  អារឿងធំមិនគិត ទៅជាបង្កើតរឿងមួយធំជាងហ្នឹងទៅទៀត អញ្ចឹងគេមិនចាប់អារឿងគាត់អី សញ្ចារកម្មអីទេ គេចាប់រឿងអាបទល្មើសថ្មី ភ្លាមៗនេះ”

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ប្រាប់វីអូឌីកាលពីថ្ងៃអង្គារថាចំណាត់ការចាប់ខ្លួនអ្វីមួយត្រូវគោរពរដ្ឋធម្មនុញ្ញនិងនីតិរដ្ឋ។

កាលពីថ្ងៃទី១៦ ខែឧសភា តំណាងរាស្ត្រ២រូបរបស់គណបក្សសង្គ្រោះជាតិ គឺលោក ពិន រតនានិងលោក តុ វ៉ាន់ចាន់ ក៏មិនបានចូលបំភ្លឺពីការចោទប្រកាន់ពីអំពើពេស្យាចារទាក់ទងនឹងរឿងអាស្រូវស្នេហាដែលត្រូវបានទម្លាយថាពាក់ព័ន្ធនឹងលោក កឹម សុខា។

ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិបានសម្រេចមិនឲ្យតំណាងរាស្រ្ត៣រូបចូលបំភ្លឺតាមការកោះហៅ ដោយលើកឡើងថាចំណាត់ការនេះបំពានអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្ត។ ក្រុមសមាជិកសភាបក្សប្រឆាំងបានបញ្ជាក់ថារាល់ដីកាកោះហៅតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធិសភាពីសំណាក់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញគឺ”ជាការប្រើប្រាស់អំណាចដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិសភារបស់តំណាងរាស្រ្ត”។ សេចក្តីថ្លែងការណ៍បន្តថា៖ “តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនឹងមិនទៅតាមដីកាកោះរបស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ដែលរំលោភបំពានច្បាប់នោះឡើយ”

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់មានប្រសាសន៍ថាការគេចមិនចូលបំភ្លឺអាចជាការបង្កើតបទល្មើសមួយដែរ តែលោកមិនទាន់អាចបញ្ជាក់ថាតើជាបទល្មើសជាក់ស្តែងឬយ៉ាងណា។ លោកបញ្ជាក់ថា៖ “ក្នុងករណីចូលបំភ្លឺ បច្ចុប្បន្ននេះ គឺថាមិនមានអ្វីពាក់ព័ន្ធទៅហ្នឹងអភ័យឯកសិទ្ធិសភានោះទេ ព្រោះគ្រាន់តែកោះឲ្យគាត់ចូលទៅបំភ្លឺតែប៉ុណ្ណោះ តែប្រសិនបើគាត់មិនទៅបំភ្លឺ គាត់គេចចេញពីការកោះហៅ គាត់មិនសហការជាមួយអាជ្ញាធរសាធារណៈ វាអាចបង្កើតជាបទល្មើសមួយថ្មីផ្សេងទៀត។ អញ្ចឹងថាតើបទល្មើសអី ថាតើមានធាតុផ្សំគ្រប់គ្រាន់ ក្នុងការកំណត់ថាជាបទល្មើសដែរឬអត់? ហើយវាកំណត់ថាជាបទល្មើសជាក់ស្តែងឬក៏មិនជាក់ស្តែង វាអាស្រ័យទៅលើចំណាត់ការរបស់តុលាការនៅពេលនោះ”។

លោកមេធាវី សុក សំអឿន មិនយល់ស្របតាមការលើកឡើងរបស់លោក ឱម យ៉ិនទៀងនោះទេ ដោយលោកមានប្រសាសន៍ថាបើតាមច្បាប់ អ្នកមានអភ័យឯកសិទ្ធិមិនត្រូវចាប់ខ្លួននោះទេ បើទោះជាមិនចូលទៅតុលាការតាមការកោះហៅក៏ដោយ។

មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល៕ រាយការណ៍បន្ថែម កាន់ វិច្ឆិកា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ