អង្គការសម្ព័ន្ធ​មិត្តខ្មែរ-អាមេរិកាំងប្រកាសធ្វើបាតុកម្មទាមទារ​ឲ្យ​អាមេរិក​ដាក់ទណ្ឌកម្មលើ​កម្ពុជា

ប្រជា​ពលរដ្ឋ​ខ្មែរអាមេរិកកាំង​ធ្វើបាតុកម្ម​ប្រឆាំង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦(រូបភាព​ដែលបង្ហោះលើហ្វេសប៊ុក​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំង)

អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងបានប្រកាសថាខ្លួននឹងធ្វើបាតុកម្មនៅខែមិថុនាខាងមុខនេះ ដោយទាមទារឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងការទូតមកលើរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យមានការដោះលែងសកម្មជននយោបាយនិងសង្គមស៊ីវិល។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃពុធនេះ អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងបានឲ្យដឹងថាខ្លួននឹងរៀបចំធ្វើបាតុកម្មនៅមុខអាគារសភាសហរដ្ឋអាមេរិក នៅថ្ងៃទី១០ ខែមិថុនា។ សេចក្តីប្រកាសបញ្ជាក់ថាការធ្វើបាតុកម្មនេះគឺដើម្បីជំរុញឲ្យសភាសហរដ្ឋអាមេរិកអនុម័តច្បាប់ដើម្បីទាមទារឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចនិងការទូតទៅលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន រហូតទាល់តែមានការដោះលែងអ្នកទោសនយោបាយ សកម្មជនការពារសិទ្ធិមនុស្សនិងសកម្មជនដទៃទៀតឲ្យមានសេរីភាព។ សេចក្តីប្រកាសបន្តថាការធ្វើបាតុកម្មក៏ទាមទារឲ្យមានការអនុម័តច្បាប់ស្តីពីការបង្កើតនូវក្រុមទាក់ទងកម្ពុជាដើម្បីធានាការបោះឆ្នោតដោយសេរីនិងយុត្តិធម៌និងធានាការផ្ទេរអំណាចដោយសន្តិវិធីនៅកម្ពុជា។

អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង បានបន្ថែមថា៖ “យើងខ្ញុំសូមអំពាវនាវសហគមន៍ខ្មែរនៅជុំវិញពិភពលោកដឹកនាំធ្វើបាតុកម្មដោយសន្តិវិធីនៅតាមសាលាក្រុង សភាជាតិនិងស្ថានទូតខ្មែរនានា ទៅតាមបណ្តាប្រទេសរបស់ខ្លួន នៅថ្ងៃទី១០ ខែមិថុនានេះ ដើម្បីរំឭកពិភពលោកថាប្រទេសកម្ពុជាពុំមានសេរីភាពទ្បើយ ។ របបផ្តាច់ការហ៊ុន សែន គឺជាការគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅកម្ពុជា ក៏ដូចជាលទ្ធិប្រជាធិបតេយ្យ សេរីភាពនិងយុត្តិធម៌ផងដែរ”

ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង លោក ទូច វិបុល មានប្រសាសន៍ថាលោកបានសុំច្បាប់ពីអាជ្ញាធរអាមេរិកក្នុងការសុំធ្វើបាតុកម្មនេះ ដែលលោកថាជាទូទៅអាចមានការអនុញ្ញាតឲ្យចូលរួមទៅដល់៣០០នាក់តែប៉ុណ្ណោះ។ លោកបញ្ជាក់ថាការដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជាគឺសមហេតុផលចំពោះចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជានាពេលនេះ។ លោកមានប្រសាសន៍ថា៖ “ការដែលយើងយល់ឃើញថាការដាក់ទណ្ឌផ្នែកសេដ្ឋកិច្ចនិងការទូតនៅពេលនេះ នេះជាជម្រើសមួយដ៏ប្រពៃ ដែលសហរដ្ឋអាមេរិកអាចធ្វើឲ្យមានប្រសិទ្ធភាពនៅក្នុងការរកដំណោះស្រាយក្នុងការដោះលែងអ្នកប្រជាធិបតេយ្យនានា ជាពិសេសសកម្មជនការពារសិទ្ធិមនុស្ស ក៏ដូចជាអ្នកទោសនយោបាយនានា ហើយយន្តការនៃការដាក់គំនាបផ្នែកសេដ្ឋកិច្ចនិងការទូតនេះគឺជាដំណាក់កាលមួយដែលមានការចាំបាច់”។

កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែបានអំពាវនាវកុំឲ្យពិភពលោកប្រើវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសណាមួយ ដោយលោកថាការដាក់ទណ្ឌកម្មនេះធ្វើឲ្យប្រជាជនជួបការលំបាក។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាការធ្វើបាតុកម្មណាមួយគឺជាសិទ្ធិរបស់អ្នកដែលរស់ក្នុងសង្គមប្រជាធិបតេយ្យ។ ទោះយ៉ាងណាលោកថាចំពោះការទាមទារឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងការទូតមកលើកម្ពុជានោះ គឺមិនអាចទៅរួចនោះទេ ដោយថាកម្ពុជាមានរដ្ឋាភិបាលស្របច្បាប់មួយកើតចេញពីការបោះឆ្នោត។ លោកបន្ថែមថា៖ “រដ្ឋាភិបាលបច្ចុប្បន្នជារដ្ឋាភិបាលស្របច្បាប់ កើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត ដូច្នេះហើយការអនុវត្តច្បាប់របស់រដ្ឋាភិបាលចំពោះជនឧក្រិដ្ឋល្មើសគឺជាការត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ អ៊ីចឹងមិនអាចមានឥទ្ធិពលអ្វីដល់មហាអំណាចឬបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាទេ”

បើតាមលោក សុខ ឥសាន នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ បណ្តាប្រទេសប្រកាន់របបសេរីបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដោយចោទថារដ្ឋាភិបាលនេះមិនឯករាជ្យនិងគ្រប់គ្រងដោយវៀតណាម។ លោកថាពេលនោះអាសនៈរបស់តំណាងប្រទេសកម្ពុជានៅអង្គការសហប្រជាជាតិគឺពួកខ្មែរក្រហមជាអ្នកគ្រប់គ្រង។ លោកបន្តថាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនៅពេលនោះធ្វើឲ្យពលរដ្ឋខ្មែរជួបការលំបាកក្នុងជីវភាព។

វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Jay Raman បាននៅឡើយទេ តែកន្លងមកលោកធ្លាប់លើកឡើងថាស្ថានទូតអាមេរិកបារម្ភយ៉ាងខ្លាំងពីការចោទប្រកាន់ដោយតុលាការភ្នំពេញប្រឆាំងនឹងមន្រ្តីសង្គមស៊ីវិលនិងថាស្ថានទូតកំពុងតែពិនិត្យលើករណីនេះយ៉ាងយកចិត្តទុកដាក់។

ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងច្រើនលើការជួយពីបរទេស ដោយ៣០ទៅ៤០ភាគរយនៃថវិការបស់រដ្ឋាភិបាលពឹងផ្អែកលើជំនួយបរទេស។ យោងតាមគេហទំព័រCensus.gov ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិកក្នុងឆ្នាំ២០១៤ មានចំនួន៣១៧១លានដុល្លារ ដែលក្នុងនោះកម្ពុជាបាននាំចេញទៅអាមេរិកមានចំនួន៣២៧,៩លានដុល្លារនិងនាំចូលមកវិញចំនួន២៨៤៦,៧លានដុល្លារ។ ចំណែកក្នុងឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មមានចំនួន៣៤១៥លានដុល្លារ ដែលក្នុងនោះកម្ពុជានាំចេញទៅអាមេរិកចំនួន៣៩២លានដុល្លារ ហើយអាមេរិកនាំចូលចំនួន៣០២៣លានដុល្លារ។

ស្ថានភាពនយោបាយនៅកម្ពុជាចុងក្រោយត្រូវបានកត់សម្គាល់ថាមានសភាពតានតឹង ក្រោយពេលមានការចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន រឿងនិយាយពីផែនទីក្លែងក្លាយនិងការចាប់ខ្លួនមន្រ្តីសមាគមអាដហុក៤និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក នី ចរិយា ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងសូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។ ប្រសិនបើតុលាការផ្តន្ទាទោស អ្នកទាំងអស់នោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ៕ ដោយ ស៊ុន ណារិន និងទូច សុខា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ