ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃពុធម្សិលមិញបានអបអរសាទរដល់ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ហ្វីលីពីន លោក Rodrigo Duterte ដោយលោក អូបាម៉ា បានកោតសរសើរដល់ប្រជាធិបតេយ្យរបស់ប្រទេសនេះនិងសារៈសំខាន់នៃការការពារសិទ្ធិមនុស្ស។
សេតវិមានបាននិយាយថា លោក អូបាម៉ា បានលើកឡើងពីតម្លៃ ដែលជាកម្លាំងគាំទ្រសម្ព័ន្ធជាមួយប្រទេសហ្វីលីពីន ក្នុងនោះមានការប្ដេជ្ញាចិត្តរួមឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងកំណើនសេដ្ឋកិច្ច។
លោក Duterte អាយុ ៧១ឆ្នាំ បានទទួលជោគជ័យយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៩ ខែឧសភាកន្លងមកនេះ។ លោក Duterte ត្រូវបានក្រុមសិទ្ធិមនុស្សចោទប្រកាន់ថាបានបង្កើតក្រុមពិឃាតនៅឯទីក្រុង Davao ដែលលោកបានគ្រប់គ្រងអស់រយៈពេលពីរទសវត្សរ៍។
លោក Duterte ក៏បានប្ដេជ្ញាយកច្បាប់ប្រហារជីវិតមកប្រើឡើងវិញនិងបញ្ជាឲ្យទាហានបាញ់ស៊ីបសម្លាប់ជនសង្ស័យជាឧក្រិដ្ឋជន។
ហ្វីលីពីនគឺជាសម្ព័ន្ធជិតស្និទ្ធបំផុតរបស់អាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែលោក Duterte បានបញ្ជាក់ថា លោកអាចផ្លាស់ប្ដូរជម្រើស៕