ផលិត​កម្ម​ថោនព្រួយបារម្ភ​រឿង​​​​ខេម​​​​​​​​​​​​បើក​ឡានបុក​​​​​​​​គ្នា បណ្ដាល​ឲ្យ​​​ម្នាក់ស្លាប់​ ​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 9:46 AM | កំសាន្ដ | 3 | 24754 លោក ខេម តារាចម្រៀងផលិតកម្មថោន(រូបថតពីហ្វេសប៊ុក​)

កាលពីយប់ថ្ងៃទី១៧ ឈានចូល១៨ ឧសភា តារាចម្រៀងប្រចាំផលិតកម្មថោនត្រូវបានបណ្ដាញសារព័ត៌មានព្រោងព្រាតចុះផ្សាយថាជួបឧបទ្ទវហេតុចរាចរណ៍បុកគ្នាជាមួយរថយន្តម្ខាងទៀត បណ្ដាលឲ្យអ្នកបើករថយន្តម្ខាងទៀតស្លាប់ភ្លាមៗនៅនឹងកន្លែង។ ពាក់ព័ន្ធនឹងបញ្ហានេះ តំណាងផលិតកម្មថោន បានបង្ហាញទឹកចិត្តព្រួយបារម្ភ បន្ទាប់ពីបានដឹងថានៅក្នុងឧបទ្ទវហេតុនោះ គឺជនរងគ្រោះម្នាក់បាត់បង់ជីវិត។

លោក មាស សុខរតនៈ អ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្មថោន បានអះអាងថាលោកមានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលដែលបានដឹងថាតារាចម្រៀងរបស់លោកបានជួបឧបទ្ទវហេតុចរាចរណ៍ ហើយបណ្ដាលឲ្យអ្នករងគ្រោះម្នាក់ស្លាប់។ លោកនិយាយថា៖ “មិនមែនរឿងខេមគាត់តួធំតួតូចអីទេអូន តាពេលណាមានបញ្ហាកើតឡើងហ្នឹងគឺយើងជាផលិតកម្មចេះតែបារម្ភហើយ ប៉ុន្តែខ្ញុំគិតថាម្នាក់ៗអត់មានអ្នកចង់មានគ្រោះថ្នាក់ចរាចរណ៍ទេ ហើយរឿងដែលបណ្ដាលឲ្យម្ខាងទៀតស្លាប់ហ្នឹងគឺរឹតតែមិនចង់ទៅទៀត!”។ លោកថាមិនទាន់បានជួបសម្ដីផ្ទាល់ជាមួយលោកខេមនៅឡើយទេ ដោយសារតែទូរស័ព្ទខលមិនចូល។

រថយន្តរបស់ខេម(រូបថតពីហ្វេសប៊ុក)
រថយន្តរបស់ខេម(រូបថតពីហ្វេសប៊ុក)

យោងតាមការចុះផ្សាយពីព័ត៌មានក្នុងស្រុកនិងការចែកចាយព័ត៌មាននៅលើបណ្ដាញហ្វេសប៊ុកបានអះអាងថា តារាចម្រៀងខេម ដែលជាតារាចម្រៀងល្បីល្បាញរបស់ផលិតកម្មថោន បានបើករថយន្តហើយបុកគ្នាជាមួយរថយន្តបញ្ច្រាសទិសគ្នា ហើយបណ្ដាលឲ្យម្ចាស់រថយន្តម្ខាងម្នាក់ស្លាប់និងម្នាក់រងរបួស។ ព័ត៌មានដដែលបានអះអាងថាក្រោយពីមានការចោមរោមមើលលោក ខេម និងនារីម្នាក់ដែលជិះជាមួយក៏បានឡើងម៉ូតូឌុបចាកចេញ ដោយសារតែអ្នកទាំងពីរមិនមានរបួសធ្ងន់។ ហេតុការណ៍នោះត្រូវបានបញ្ជាក់ថាកើតឡើងនៅវេលាម៉ោង១និង ៥០នាទី នៅយប់ពាក់កណ្ដាលអាធ្រាតឈានចូល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខឃ្លាំងសំាង សូគីមិច តាមបណ្ដោយផ្លូវជាតិលេខ៥  ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយបុរសដែលបានស្លាប់មានឈ្មោះថា លី ការិន អាយុ៣១ឆ្នាំ ស្នាក់នៅម៉ាម្តុំ គីឡូម៉ែតលេខ៨ សង្កាត់ ច្រាំងចំរះ ក្នុងខណ្ឌឫស្សីកែវ។ ព័ត៌មានជាច្រើនបានអះអាងថាលោកខេម ជាអ្នកបើករថយន្តម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2x.9987  ដែលរថយន្តនេះត្រូវគេស្គាល់ថាជារបស់លោកខេមយូរដែរមកហើយ បន្ទាប់ពីលោកឡើងកាលីបក្លាយជាតារាចម្រៀងជួរមុខម្នាក់។ លោកត្រូវគេអះអាងថាជិះជាមួយនារីស្រីរូបស្រស់ម្នាក់ដោយអ្នកទាំងពីរធ្វើដំណើរតាមផ្លូវជាតិលេខ៥  ក្នុងទិសដៅពីជើងទៅត្បូង ខណៈដែលរថយន្តមួយគ្រឿងទៀតគឺម៉ាកសេលីកា  ពណ៌ខ្មៅ ពាក់ស្លាកលេខ  ភ្នំពេញ 2M.5575 បើកបញ្ច្រាស់គ្នាលើផ្លូវតែមួយ។ រថយន្តទាំងពីរមានសភាពដំណំសងខាង ប៉ុន្តែលោកខេម និងនារីដែលជិះជាមួយមិនមានបញ្ហានោះទេ រថយន្តRange Rover ខ្ពស់មិនធ្វើឲ្យលោកគ្រោះថ្នាក់។

មកទល់នឹងពេលនេះ ទូរស័ព្ទគ្រប់ខ្សែរបស់លោកខេម ត្រូវបានបិទ មិនអាចសុំការបញ្ជាក់បាននៅឡើយទេ។

យ៉ាងណាមិញ លោក ទៀង ច័ន្ទសារ អធិការខ័ណ្ឌឫស្សីកែវបានប្រាប់VODថាពិតជាឧបទ្ទវហេតុបុកគ្នារបស់តារាចម្រៀងខេមនោះ លោកសុំមិនទាន់ផ្ដល់ព័ត៌មានលម្អិតយ៉ាងណានោះទេ ដោយទុកពេលឲ្យនរគបាលធ្វើការសិន។ លោកនិយាយថា៖ “យប់មិញម៉ោង១យប់ហ្នឹង គឺមានគ្រោះថ្នាក់ចរារណ៍ហ្នឹងមែន(ខេមបើករថយន្តបុកគ្នា) ប៉ុន្តែខ្ញុំសុំទុកពេលឲ្យខាងសមត្ថកិច្ចគាត់ធ្វើការសិន!”៕

លោក ខេម ពេលសម្តែងកាលពីកន្លងទៅ
លោក ខេម ពេលសម្តែងកាលពីកន្លងទៅ

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required