សុខ សោម៉ាវត្តី ​សារភាពលែ​ងប្ដី

អ្នក​នាង​សុខ សោម៉ាវត្តីនិ​ងអតីតស្វាមី

កាលពីល្ងាចថ្ងៃទី១៧ ឧសភា តារាសម្ដែងល្បីឈ្មោះ អ្នកនាងសុខ សោម៉ាវត្តី បានបង្ហាញខ្លួននៅក្នុងពិធីសម្ពោធរឿងថ្មីរបស់ផលិតកម្មមហាហង្សដែលអ្នកនាងនិងលោកជា វណ្ណរិទ្ធិ សម្ដែងរួមគ្នានៅក្នុងផ្សារទំនើបTK។ ក្នុងពិធីនោះអ្នកនាងបានសារភាពចេញពីមាត់ជាលើកដំបូងមិនធ្លាប់មានថាអ្នកនាងពិតជាបានបែកគ្នាជាមួយស្វាមីដែលជាកូនប្រុសមន្ត្រីធំប្រាកដមែន។

ក្រោយបញ្ចប់វេទិកាសន្និសីទកាសែតផ្សព្វផ្សាយរឿងថ្មីក្រោមចំណងជើងថា«អ្នកនាងម្ចាស់ឡឺកឺ»នាល្ងាចថ្ងៃនោះ អ្នកនាងសុខ សោម៉ាវត្តី បានអះអាងទទួលស្គាល់ថាអ្នកនាងពិតជាបានលែងលះជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ អតីតស្វាមីក្រាបសំពះដល់កន្ទេល ដែលអ្នកណាក៏ស្គាល់ថាជាកូនប្រុសរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់លោកទូច ណារ៉ុថ នោះមែន។ ទោះជាយ៉ាងណា អ្នកនាងបដិសេធមិនបញ្ជាក់ពីមូលហេតុនៃការលែងលះនោះទេ។ អ្នកនាងបានឆ្លើយតបចំពោះការជជីកសួរនាពេលនោះថា៖ “សម្រាប់រឿងហ្នឹង(រឿងលែងលះ) ខ្ញុំអត់ចង់បកស្រាយច្រើនទេ ប៉ុន្តែខ្ញុំអាចនិយាយបានថាឥឡូវហ្នឹងគឺខ្ញុំទំនេរ ហើយអត់មានពាក់ព័ន្ធជាមួយអ្នកណា(អតីតស្វាមី)ទៀតទេ និយាយអោយខ្លីគឺខ្ញុំនៅលីវឥឡូវហ្នឹង!”។ អ្នកនាងបដិសេធមិនបង្ហើបបន្ថែមថាការបែកបាក់ស្វាមីបានកើតឡើងតាំងពីពេលណានិងដោយសារតែហេតុផលអ្វី បើទោះជាមានការជជីកសួរពីក្រុមអ្នកកាសែត។ អ្នកនាងពោលដោយអួលដើមកថា៖ “រឿងបែកបាក់ស្អីៗខ្ញុំសុំអត់និយាយទាំងអស់! សុំត្រឹមតែប្រាប់ថាឥឡូវខ្ញុំទំនេរប៉ុណ្ណោះ ចំណែករឿងផ្សេងខ្ញុំសុំចិត្តកុំសួរ!”។

នេះជាការទទួលស្គាល់លើកដំបូង បន្ទាប់ពីដំណឹងបែកបាក់រវាងនាងនិងស្វាមី ត្រូវបានគេទម្លាយចេញពីប្រភពអ្នកសិល្បៈដែលរួមការងារជាមួយនាងប្រមាណជា១ឆ្នាំមកហើយ ប៉ុន្តែរមែងត្រូវបាននាងប្រកែក។ ផ្អែកតាមការទម្លាយគឺអ្នកនាងនិងលោកទូច ដាណារ៉ា បានលែងលះគ្នានៅក្រៅប្រព័ន្ធតុលាការដោយសារតែអ្នកទាំងពីរមិនមានអេតាស៊ីវិលក្រោយពេលរៀបការ។ សុខ សោម៉ាវត្តី បានបដិសេធបញ្ជាក់ថាកូនស្រីស្ថិតនៅក្រោមបន្ទុកអ្នកណា ក្នុងពេលដែលតារាសិល្បៈភាគច្រើនបានអះអាងថាគឺស្ថិតក្រោមការចិញ្ចឹមបីបាច់ដោយក្រុមគ្រួសារស្វាមីនាង។ នាងទទូចកុំឲ្យសួរពាក់ព័ន្ធនឹងរឿងបាក់បែក ដោយសុំអោយផ្ដោតលើការងារសិល្បៈរបស់នាង ដើម្បីកុំឲ្យនាងស្មុគចិត្ត៕

អ្នកនាងសុខ សោម៉ាវត្តី ក្នុងពេលសម្ពោធរឿងថ្មី
អ្នកនាងសុខ សោម៉ាវត្តី ក្នុងពេលសម្ពោធរឿងថ្មី
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ