នាយហុងដា ប្ដូរជំហរចង់អោយកូនប្រុសរួចពីគុក

(រូបភាពពីហ្វេសប៊ុក)

មិនខុសពីទឹកចិត្តឪពុកទូទៅ តារាកំប្លែងនាយហុងដា ដែលពេលភរិយា​ក្រោយស្លាប់ភ្លាមៗ បានប្រកាសថានឹងទុក​អោយច្បាប់​ចាប់កូនប្រុសដាក់គុកនិងថាបើជាប់កាន់តែយូរ កាន់តែបានធូរទ្រូងនោះ ពេលនេះលោកបែរជាបានប្រកាសថាខ្លួនចង់ឆ្កួត ក្រោយពេលដឹងថាកូនប្រុសត្រូវជាប់ឃុំ ហើយប្រឈមជាប់គុកអស់មួយជិវិត ដោយសារតែគេមានជាប់ពាក់ព័ន្ធនឹងរឿងគ្រឿងញៀន។

លោកថាមិនចង់ឃើញកូនបាត់បង់អនាគតដោយសារតែទោសទណ្ឌនេះទេ ​​ដោយលោកប្រកាសថាបើបានកូនប្រុសត្រូវច្បាប់​សម្រាលទោសណាមួយនោះលោកសប្បាយចិត្ត​។ ​

នាយ ហុងដា និយាយថា​​ ​លោកមិនចាប់អារម្មណ៍នឹងសម្ដីរបស់អតីតភរិយានោះទេ ​ដោយបាន​ចាត់ទុកថាអ្វីដែលអ្នកនាងលើកឡើងពីការសម្អុយឈ្មោះខ្លួន​ថាលោកញៀនល្បែងនិងមានស្រីទើបបណ្ដាលអោយបែកគ្នាគឺជាជម្រើសដែលអ្នកនាងធ្វើដើម្បីទទួលបាននូវការអាណិត។

បើទោះជាអ្នកនាងមិនមានការសុំទោសពីសំណាក់អតីតភរិយា ក៏លោកប្រកាសថាខ្លួនមិនប្រកាន់។ យ៉ាងណាមិញ លោកបានព្រមានថាបើអ្នកនាងឃ្មឹប​បន្តបង្ខូចឈ្មោះលោកដើម្បីអោយទាក់ទាញចំណាប់អារម្មណ៍ជាងនេះ គឺលោកនឹងអាចទម្លាយនូវរឿងមិនល្អរបស់អ្នកនាងវិញ ដោយលោកប្រកាសថាបើលោកធ្វើមែនគឺអ្នកនាងឃ្មឹបនឹងអស់ផ្លូវ។

​លោកថាធៀបនឹងរឿងស្មុគចិត្ត គឺលោកមិន​​សូវខ្វល់រឿងអតីតភរិយានិយាយប៉ះពាល់ពីលោកក្នុងប៉ុន្មានថ្ងៃនេះទេ ដោយលោកបញ្ជាក់ថាក្រោយការសុំទោសរបស់អ្នកនាងឃ្មឹប​កាលពីល្ងាច​ថ្ងៃទី១៧ ឧសភា ក៏លោកយល់ថាខ្លួនមិនចាប់អារម្មណ៍។

លោកថាខួរក្បាលរបស់លោកគិតតែរឿងម្យ៉ាងគត់ តើត្រូវធ្វើយ៉ាងណាអោយកូនប្រុសរបស់លោក​ភ្ញាក់ខ្លួនហើយអាចរស់នៅក្រៅគុកនៅក្រោមបន្ទុករបស់លោក​​​ដូចដើម។

លោកថាក្រោយការលះលែងកូន​​​ទាំង២ដែលជាដំណក់ឈាមរបស់អ្នកនាងឃ្មឹប ​លោកថាស្ថិតនៅក្រោមបន្ទុករបស់លោកទាំងអស់ ដោយខាងអតីតភរិយាមិន​ដែលមករវល់នោះទេ ទើបលោកយល់ថាសម្រាប់បេះ​ដូងគឺលោកមានការខ្លោចចិត្តជាជាងអតីតភរិយាដែលទើបលេចមុខមកយំស្រែក។ លោកថាពីមុនលោកខឹងកូនប្រុសក្រោយការធ្វើឃាតភរិយា​​ក្រោយ ប៉ុន្តែក្រោយបូជាសពប្រពន្ធលោកផ្ដើមអាណិតកូនវិញម្ដង ដោយលោកយល់ថាមិនចង់អោយកូន​លោកជាប់គុកយូរឆ្នាំឬឈានដល់មួយជីវិតដូចការបង្ហើបរបស់មន្ត្រី​ប៉ូលីសនោះឡើយ។

លោកថារន្ធត់ចិត្តនៅពេលមានការបង្ហើប​ថាកូនប្រុសលោកនឹងជាប់គុកអស់មួយជីវិត ដោយលោកបានចាត់ទុកការបង្ហើប​​ដែលលោកបានឮគឺការបំផ្លាញអនាគតរបស់កូន​។

យ៉ាងណាមិញ លោកថាកូនប្រុសលោកមិនទាន់ប្រាកដថានឹងត្រូវជាប់គុកអស់មួយជីវិតនោះទេ ដោយសារតែខាងមន្ត្រី​ប៉ូលិសបានអះអាងថាគឺគា្រន់តែ​ជាការប៉ាន់ស្មាន ហើយការកំណត់ដោយតុលាការទើប​អាចប្រាកដប្រជា។​

លោកថាក្រោយភរិយាក្រោយ​ទទួលមរណភាព រូបលោកមានទុក្ខជាន់ទុក្ខ​ដោយខាងឪពុកក្មេកក៏ពិបាកចិត្តដល់ថ្នាក់ឈឺសម្រាកពេទ្យ ហើយបែរជាត្រូវមកខ្វល់នឹងរឿងអតីតភរិយាលើកឡើងពីលោកប៉ាតណាប៉ាតណីធ្វើអោយលោកឈឺក្បាលថែមទៀត។

លោកថាបើទោះជាលោកចង់អោយអ្នកសម្លាប់ភរិយាក្រោយលោកទទួលទោស តែលោកមិនអាចឈរមើលកូនត្រូវគេដាក់ក្នុងគុកបំផ្លាញអនាគតរបស់កូន​ដោយ​មិនធ្វើសោះនោះទេ។ លោក​មិនទាន់ដឹងថាត្រូវស្នើអោយមានការសម្រាលទោសចំពោះកូនឬត្រូវធ្វើអ្វីនោះទេដោយគ្រាន់តែអារម្មណ៍របស់លោក គឺពិបាកចិត្តក្រោយពេល​​កូនប្រុសត្រូវច្បាប់ចាប់ឃុំ។

លោកនិយាយថា «ខ្ញុំលូវចង់ឆ្កួតហើយ មុនហ្នឹងពិបាកចិត្តរឿងគេសម្លាប់ប្រពន្ធ តែលូវអស់ពីប្រពន្ធគឺខ្វល់រឿងកូនខ្ញុំត្រូវជាប់គុកទៀត»។

លោកថាអត់មានអារម្មណ៍ទទួលការងារសិល្បៈនោះទេ ក្នុងពេលទៅគិតរឿងនោះដែលលោកយល់ថាបាតដៃក៏សាច់ខ្នងដៃក៏សាច់។

លោកថាភរិយារបស់លោកបានស្លាប់ទៅហើយ ដូច្នេះ​បើកូនប្រុសរបស់លោកជាប់ឃុំតែមួយរយៈរួចក្រោយមកក៏កែខ្លនគឺលោកពិតជាសប្បាយចិត្ត។ លោកសារភាព​រវល់នឹងសិល្បៈហើយមើលខុសត្រូវកូនប្រុសមិនបានល្អ ទើបបណ្ដាលអោយគេចិត្តហ៊ានក្នុងវ័យ១៧ឆ្នាំ ​ដោយបានលូកលាន់ក្នុងការសេពគ្រឿងញៀន និង​ក្លាយខ្លួនជាឃាតកព្រោះតែភាពឆេវឆាវ។

នាយហុងដា និយាយថា​លោក​​​ចង់មានជីវិតដែលបានរស់នៅជុំកូនហើយឃើញកូនប្រុសមានឱកាសរៀនសូត្រ និងធ្វើការដូចមនុស្សដែលមានសេចក្ដីថ្លៃថ្នូរ ​ទើបលោកអោយគិតរឿងនោះគឺចង់ឆ្កួតម្ដងៗនៅពេលដឹងថាកូនប្រុសមានទោសទណ្ឌធ្ងន់។

យ៉ាងណាមិញ លោកថាមិនមានគម្រោងដាក់សំណើរទៅកាន់តុលាការដើម្បីសុំអោយដោះលែងកូនប្រុសឬបន្ថយទោសកូនប្រុសទេគឺគ្រាន់តែចង់អោយកូនភ្ញាក់ខ្លួនហើយនៅក្រៅគុកនិងបានរៀនសូត្របន្តដូចក្មេងដទៃ។

លោកនិយាយថា «គ្មានឪចង់អោយកូនជាប់គុកទេ តែខ្ញុំក៏មិនអាចរំលងច្បាប់បានដែរ គឺមានតែពិបាកចិត្ត​​ហ្នឹងឯង!»។

លោកថារវាងកូននិងភរិយាចុងគឺជាមនុស្សសំខាន់ដូចគ្នា ​ដោយលោកបានចាត់ទុកបើអ្នកទាំងពីររស់នៅជាមួយលោកទាំងពីរគឺលោកនឹងមានសេចក្ដីសុខ តែបើម្នាក់ស្លាប់ ហើយម្នាក់ជាប់គុកបែបនេះគឺលោកមាន​វិប្បដិសារីក្នុងជីវិត។

លោកថាកូនមិនល្អគឺជាចំណែករបស់ឪពុក ប៉ុន្តែលោកក៏ពិបាកឃុំគ្រងកូនប្រុសអោយគ្រប់ជ្រុងជ្រោងនោះដែរដោយសារតែលោកត្រូវឡើងចុះខេត្តដើម្បីរកលុយទាំងលំបាកតាំងពីលះលែងជាមួយអ្នកនាងឃ្មឹប។ លោកនៅតែចង់ឃើញកូនប្រុសត្រលប់មកកាន់សាលារៀន និងបានក្លាយជាក្មេងល្អ តែបើទុកអោយគេជាប់គុកព្រោះតែខឹងរឿងគេសម្លាប់ភរិយាក្រោយនោះ គឺបានរំសាយហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ