កំណើន​សេដ្ឋកិច្ច​ជប៉ុន​បន្ត​មាន​សន្ទុះ​ប្រាំ​ត្រី​មាស​ជាប់ៗ​គ្នា

តួលេខ​ពី​រដ្ឋាភិបាល​ជប៉ុន​បាន​បង្ហាញ​នៅ​ថ្ងៃ​នេះ​ថា សេដ្ឋកិច្ច​ជប៉ុន​មាន​កំណើន ០.៥​ភាគរយ នៅ​ក្នុង​រយៈ​ពេល ៣​ខែ​ដើម​ឆ្នាំ​នេះ ដែល​នេះ​គឺ​ជា​កំណើន​សេដ្ឋកិច្ច ៥​ត្រីមាស​ជាប់ៗ​គ្នា និង​មាន​រយៈ​ពេល​វែង​ជាង​គេ​បំផុត នៅ​ក្នុង​រយៈ​ពេល​ជាង ១​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​បាន​និយាយ​ថា កំណើន​នៃ​ការ​នាំ​ចេញ​ដ៏​ធំ បាន​ជំរុញ​ដល់​កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប ឲ្យ​មាន​កំណើន​ពី ០.៣​ភាគរយ​នៅ​ត្រី​មាស​ទី​៤​ឆ្នាំ​២០១៦ មក​ដល់​កំណើន ០.៥​ភាគរយ នៅ​ត្រីមាស​ទី​១ ដើម​ឆ្នាំ​២០១៧​នេះ។

AFP បាន​ផ្សាយ​ថា កំណើន​សេដ្ឋកិច្ច​ជប៉ុន​ក្នុង​ល្បឿន​បែប​នេះ​ វា​ស្រប​គ្នា​ទៅ​នឹង​ការ​រំពឹង​ទុក​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ។

មហា​អំណាច​សេដ្ឋកិច្ច​លំដាប់​ទី​៣​នេះ កំពុងមាន​សន្ទុះ​ឡើង​វិញ​ដោយសារ​តែ​ល្បឿន​នៃ​ការ​នាំ​ចេញ​ដ៏​រឹង​មាំ​ ព្រម​ជាមួយ​ការ​វិនិយោគ​ពាក់​ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ​ឆ្នាំ​២០២០ ខាង​មុខ។ ទីផ្សារ​ការងារ មាន​ភាព​តឹង​តែង ហើយ​ទំនុក​ចិត្ត​ពាណិជ្ជកម្ម​មាន​កម្រិត​ខ្ពស់។

ប៉ុន្តែ កម្រិត​នៃ​ការ​ចំណាយ​របស់​អ្នក​ប្រើ​ប្រាស់ នៅ​តែ​​មាន​ល្បឿន​យឺតយ៉ាវ​នៅ​ឡើយ ហើយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​កាត់​បន្ថយ​​​កម្រិត​បរិផរណា​នោះ បាន​ធ្លាក់​ចុះ​យ៉ាង​ច្រើន បើទោះបី​ជា​​ធនាគារ​កណ្ដាល​ជប៉ុន​បាន​ព្យាយាម​បន្ធូ​បន្ថយ​អត្រា​រូបិយវត្ថុ​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​ក្ដី។ ការ​ចំណាយ​របស់​ប្រជាជន មាន​ចំនួន​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ GDP របស់​ប្រទេស​ជប៉ុន។

ទោះជាយ៉ាងណា សន្ទុះ​កំណើន​សេដ្ឋកិច្ច​ថ្មីៗ​នេះ បង្ហាញ​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​ជប៉ុន​មាន​ល្បឿន​ងើប​ឡើង​វិញ​យ៉ាង​ល្អ​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក អំឡុង​អណត្តិ​អតីត​នាយករដ្ឋ​មន្ត្រី​ដ៏​មាន​ប្រជា​ប្រិយ លោក ជូនីឈីរ៉ូ កូអ៊ិហ្ស៊ូមិ។

សន្ទុះ​កំណើន​សេដ្ឋកិច្ច​នេះ ក៏​ជា​ដំណឹង​ល្អ​សម្រាប់​នាយករដ្ឋ​មន្ត្រី​ជប៉ុន​នា​ពេល​សព្វ​ថ្ងៃ លោក ហ្ស៊ិនហ្ស៊ូ អាបេ ផង​ដែរ ដែល​ធ្លាប់​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​មួយ​រយៈ​ខ្លី​បន្ត​ផ្ទាល់​ពី​លោក កូអ៊ិហ្ស៊ូមិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ