ក្រសួង​យុត្តិធម៌​អាមេរិក​តែង​តាំង​អតីត​មេ FBI ឲ្យ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​រុស្ស៊ី​លូក​លាន់​ការ​បោះ​ឆ្នោត

ក្រសួង​យុត្តិធម៌​អាមេរិក នៅ​ថ្ងៃ​នេះ បាន​តែង​តាំង​អតីត​ប្រមុខ​ FBI ឲ្យ​ធ្វើ​ជា​អ្នក​ប្រឹក្សា​យោបល់​ពិសេស ដើម្បី​ដឹកនាំ​ការ​ស៊ើប​អង្កេត​ទៅ​ការ​លូក​លាន់​របស់​រុស្ស៊ី​ចូល​កិច្ចការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៦ និង​លទ្ធភាព​ដែល​អាច​មាន​ការ​ឃុប​ឃិត​គ្នា​ជាមួយ​ក្រុម​ការងារ​ឃោសនា​បោះ​ឆ្នោត​របស់​លោក ត្រាំ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​តែ​ត្រូវ​បាន​គេ​ចោទ​ថា ព្យាយាម​​បញ្ឈប់​ការ​ស៊ើប​អង្កេត​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ ក្រោយ​ពីលោក​បាន​បណ្ដេញ​នាយក FBI លោក Jamese Comey ចេញ​ពី​តំណែង ហើយ​លោក ត្រាំ រង​ការ​សង្ស័យ​ថា បាន​ស្នើ​ទៅ​លោក Comey ឲ្យ​ទម្លាក់​ចោល​ការ​ស៊ើប​អង្កេត​លើ​អតីត​ជំនួយ​ការ​របស់​លោក។

អនុ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក Rod Rosestein បាន​ស្នើ​ដាក់​លោក Robert Mueller ឲ្យ​ទទួល​ការងារ​ស៊ើប​អង្កេត​របស់ FBI ទៅ​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​រុស្ស៊ី ក្នុង​ការ​គ្រប​ដណ្ដប់​លើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦ និង​បញ្ហា​ពាក់​ព័ន្ធ។ លោក Robert Mueller គឺ​ជាបុគ្គល​ទទួល​បាន​ការ​គោរព​យ៉ាង​ទូលំ​ទូលាយ និង​ធ្លាប់​ដឹកនាំ​ស្ថាប័ន FBI អស់​មួយ​ទសវត្សរ៍ ក្រោយ​ពី​ការវាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១ ខែ​កញ្ញា។

លោក Rosenstein បាន​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ផ្អែក​តាម​កាលៈទេសៈ​ពិសេស ផល​ប្រយោជន៍​សាធារណៈ តម្រូវ​ឲ្យ​រូប​លោក​ដាក់​ការ​ស៊ើប​អង្កេត​នេះ ឲ្យ​ស្ថិត​ក្រោម​អំណាច​បុគ្គល​ម្នាក់ ដែល​អនុវត្ត​តួនាទី​ដោយ​ឯករាជ្យ​ពី​​សង្វាក់​បញ្ជា។

លោក​បន្ថែម​ថា លោក​សម្រេច​ចិត្ត​តែង​តាំង​អ្នក​ប្រឹក្សា​យោបល់​ពិសេស​នេះ មិន​មាន​ន័យ​ថា បទ​ល្មើស​ត្រូវ​បាន​ប្រព្រឹត្ត​ ឬ​ក៏​ការកាត់​ក្ដី​ណា​មួយ ត្រូវ​បាន​ធានា​នោះ​ឡើយ។

ដោយ​ពោរ​ពេញ​ទៅ​ដោយ​កំសួល​នយោបាយ​នៅ​ទីក្រុង​វ៉ាស៊ីងតោន ការ​សម្រេច​ចិត្ត​បែប​នេះ​របស់​ក្រសួង​យុត្តិធម៌ បាន​កើត​ឡើង ខណៈ​ដែល​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​នៅ​ស្ថាប័ន​សភា ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​មួយ​ទៅ​លើ​ទំនាក់​ទំនង​រវាង​ក្រុម​ឃោសនា​របស់​លោក ត្រាំ និង​ក្រុង​មូស្គូ ដែល​ប្រមុខ​ទីភ្នាក់ងារ​សម្ងាត់​អាមេរិក​និយាយ ក្រុង​មូស្គូ​បាន​លូក​លាន់​ចូល​ក្នុង​កិច្ចការ​បោះ​ឆ្នោត ក្នុង​លក្ខណៈ​ជួយ​ដល់​លោក ត្រាំ។

អ្នក​ប្រឹក្សា​យោបល់​ពិសេស​នេះ មាន​អំណាច​អនុវត្ត​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ពី​អំណាច​របស់​ក្រសួង​យុត្តិធម៌ និង​អាច​ជ្រើស​រើស​បុគ្គលិក​ដោយ​ខ្លួន​ឯង​បាន។ អ្នក​កាន់​តំណែង​នេះ មិន​តម្រូវ​ឲ្យ​ប្រឹក្សា​យោបល់ ឬ​ក៏​ជម្រាប​ព័ត៌មាន​ទៅ​រដ្ឋ​មន្ត្រី ឬ​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ អំពី​ដំណើរការ​ស៊ើប​អង្កេត​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ