ធនាគារ​ពិភព​លោក​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​រឹង​មាំ តែ​ព្រមាន​ពី​សញ្ញា​យឺត​យ៉ាវ​មួយ​ចំនួន

កំណើន​សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​ធនាគារ​ពិភព​លោក​​ព្យាករ​ថា នឹង​នៅ​តែ​រឹង​មាំ​​ជាមួយ​អត្រា​កំណើន ៦.៩​ភាគរយ ទាំង​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ ដោយសារ​កម្លាំង​ជំរុញ​ដ៏​សំខាន់​នៃ​វិស័យ​សំណង់ និង​កាត់​ដេរ។

ក្នុង​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ធនាគារ​ពិភព​លោក បាន​អះ​អាង​ថា ដោយ​មាន​កម្លាំង​ជំរុញ​ពី​វិស័យ​សំណង់ និង​វិស័យ​កាត់​ដេរ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​មាន​ភាព​រឹង​មាំ ជាមួយ​អត្រា​កំណើន ៦.៩​ភាគរយ នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨។

ប៉ុន្តែ ក្នុង​របាយការណ៍​ដដែល​នេះ ធនាគារ​ពិភព​លោក​បាន​ព្រមាន​អំពី​សញ្ញា​មួយ​ចំនួន​បង្ហាញ​ពី​ភាព​យឺត​យ៉ាវ​នៃ​វិស័យ​មួយ​ចំនួន ជាពិសេស​វិស័យ​សំណង់ ខណៈ​ដែល​វិស័យ​កាត់​ដេរ​កំពុង​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​ខ្លាំង ដោយ​សារ​តែ​កំណើន​តម្លៃ​ប្រាក់​ដុល្លារ កំណើន​តម្លៃ​ពលកម្ម និង​ការ​ប្រកួត​ប្រជែង​របស់​បណ្ដា​ប្រទេស​​នៅ​ក្នុង​តំបន់​ដែល​មាន​ប្រាក់​ឈ្នួល​ទាប ដែល​ធ្វើ​ឲ្យ​វិស័យ​កាត់​ដេរ​មាន​កំណើន​ត្រឹម ៨.៤​ភាគរយ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០១៦ ធៀប​ទៅ​នឹង​កំណើន ១២.៣​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក។

ធនាគារ​ពិភព​លោក បាន​បញ្ជាក់​បន្ថែម​ថា ទោះជាយ៉ាងណា ការ​ធ្លាក់​ចុះ​បន្តិច​បន្តួច​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​កាត់​ដេរ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទូទាត់​ត្រឡប់​មក​វិញ​ជាមួយ​ការ​ងើប​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា មួយ​ផ្នែក​ដោយសារ​តែ​ការ​បង្កើត​ជើង​ហោះ​ហើរ​ត្រង់​ថ្មីៗ​នៅ​ក្នុង​តំបន់ និង​ការ​ផ្ដួច​ផ្ដើម​មួយ​ចំនួន ដើម្បី​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ និង​ការ​ងើប​ឡើង​វិញ​​ដោយ​សន្សឹមៗ​នៃ​វិស័យ​កសិកម្ម។

អ្នក​គ្រប់គ្រង​ធនាគារ​ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី អ៊ីនហ្គូណា ដូប្រាចា បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នោះ​ថា ដើម្បី​រក្សា​កំណើន​ដ៏​រឹង​មាំ​នេះ​បាន វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​ធានា​ថា ប្រទេស​កម្ពុជា​វិនិយោគ​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ​ក្នុង​ទិសដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ច ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​នេះ​កំពុង​តែ​ផ្ដោត​ទៅ​លើ​ការ​កសាង​ជំនាញ​សម្រាប់​កំណើន​សេដ្ឋកិច្ច​នា​ពេល​អនាគត និង​ការ​ពង្រឹង​ការ​ផ្ដល់​សេវា​របស់​វិស័យ​សាធារណៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ