អាជ្ញាធរ​ចោទប្រកាន់​បុរស​ម្នាក់​ធ្វើ​ឃាត​តំណាងរាស្ត្រ​អង់គ្លេស​

ពិធីកាន់ទុក្ខ ត្រូវបាន​គេ​ធ្វើឡើង​នៅ​ទូទាំង​ប្រទេស​កាលពី​រសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ(រូបភាពពីសារព័ត៌មានBBC)

បុរសម្នាក់ ត្រូវបានអាជ្ញាធរអង់គ្លេសចោទប្រកាន់ពីបទមនុស្សឃាតពាក់ព័ន្ធនឹងការបាញ់សម្លាប់តំណាងរាស្ត្រគណបក្សការងារ អ្នកស្រី Jo Cox។

សារព័ត៌មាន BBC បានរាយការណ៍ថា បុរសឈ្មោះ Thomas Mair អាយុ ៥២ឆ្នាំ ត្រូវបាននគរបាលនៅទីក្រុង West Yorkshire ចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្សឃាតតំណាងរាស្ត្រស្ត្រីវ័យ ៤១ឆ្នាំ។

អ្នកស្រី Jo Cox ត្រូវបានគេបាញ់ និងចាក់សម្លាប់នៅខាងក្រៅយុទ្ធនាការរបស់អ្នកស្រី នៅតំបន់ Birstall ទីក្រុង West Yorkshire កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ។

បុរសរូបនោះ ត្រូវបានគេនាំទៅតុលាការនៅថ្ងៃសៅរ៍នេះ និងប្រឈមមុខនឹងបទចោទប្រកាន់ដទៃទៀត ក្នុងនោះមានទាំងបង្ករបួសស្នាមធ្ងន់ធ្ងរលើរាងកាយផងដែរ។

បុរសរូបនោះ ក៏ត្រូវជាប់ចោទពីបទកាន់កាប់អាវុធមានគោលបំណង និងកាន់កាប់អាវុធបង្កគ្រោះថ្នាក់។

នាយនគរបាលប្រចាំទីក្រុង West Yorkshire លោក Dee Collins បាននិយាយថា បុរសវ័យ ៧៧ឆ្នាំម្នាក់ កំពុងស្ថិតក្នុងស្ថានភាពនឹងនរនៅឯមន្ទីរពេទ្យ បន្ទាប់ពីរងរបួសនៅពេលស្ទុះចូលទៅជួយតំណាងរាស្ត្ររូបនោះ។

ការកាន់ទុក្ខ ត្រូវបានគេធ្វើឡើងនៅទូទាំងប្រទេសកាលពីរសៀលថ្ងៃសុក្រម្សិលមិញ ខណៈដែលសមាជិកសភា និងអ្នកនយោបាយ បានធ្វើដំណើរទៅដាក់ផ្កា អុចទៀន និងឈរស្មឹងស្មាធ ដើម្បីរំលឹកដល់អ្នកស្រី Cox៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ