អតីតមេបក្សប្រឆាំងថា CNRP នឹងឈ្នះការបោះឆ្នោតឆ្នាំក្រោយ ផ្អែកតាមការស្ទង់មតិដោយសម្ងាត់

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ថ្ងៃ​នេះ​បាន​ចែក​ចាយ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​មួយ ដែល​នាំ​ឲ្យ​លោក​សន្និដ្ឋាន​ថា គណបក្ស​កាន់​អំណាច​នឹង​ចាញ់​គណបក្ស​ប្រឆាំង នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​នេះ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​នេះ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លាត​ត្រដាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជួល​ក្រុមហ៊ុន​អន្តរជាតិ​មួយ ឲ្យ​ធ្វើការ​ស្ទង់​មតិ​​ដោយ​សម្ងាត់​កាល​ពី​ខែ​ឧសភា​ម្ដង និង​ខែ​កញ្ញា​ម្ដង​ទៀត នៅ​ក្នុង​​ឆ្នាំ​២០១៦​កន្លង​មក។

អម​ទៅ​ដោយ​ក្រាហ្វិកមួយ​ទំព័រ​ផង​នោះ ​លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​នោះ ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​​របាយការណ៍​ស្ទង់​មតិ​មួយ​កម្រាស់ ៥០​ទំព័រ ដែល​ឯកសារ​នោះ បាន​ភ្ជាប់​នៅ​ខាង​ក្រោម​ទំព័រ​នូវ​ឈ្មោះ​ក្រុមហ៊ុន SHAVIV​ STRATEGY & CAMPAIGNS។

យោង​តាម​បណ្ដាញ​សង្គម LinkedIn បាន​បង្ហាញ​ថា SHAVIV STRATEGY & CAMPAIGNS គឺ​ជា​ស្ថាប័ន​ផ្ដល់​ប្រឹក្សា​យោបល់​ខាង​នយោបាយ​លំដាប់​ពិភព​លោក ដោយ​មាន​ជំនាញ​ខាង​រៀបចំ​យុទ្ធនាការ​បោះ​ឆ្នោត​ឲ្យ​ទទួល​បាន​ជោគ​ជ័យ។

ការ​ស្ទង់​មតិ​ដែល​ត្រូវ​បាន​ទម្លាយ​​ដោយ​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​គេ​​សាក​សួរ​ទៅ​កាន់​មនុស្ស​​ដែល​ជា​សំណាក​ចំនួន ៥៣៧៩​នាក់ ​តាម​រយៈ​វិធី​សាស្ត្រ​សម្ភាស​ទល់​មុខ​គ្នា នៅ​ចន្លោះ​ថ្ងៃ​ទី​២២ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦។

លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ ដែល​ដាក់​ចំណង​ជើង​ថា “ការ​ស្រាវ​ជ្រាវ​ពី​ទស្សនៈ​សាធារណជន នៅ​កម្ពុជា​” នោះ បានបង្ហាញ​ថា អ្នក​ឆ្លើយ​តប ៤៤​ភាគរយ​ឆ្លើយ​ថា ពួកគេ​នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ខណៈ​អ្នក​ឆ្លើយ​តប​ ៣៥ភាគរយ​ប៉ុណ្ណោះ ឆ្លើយ​ថា ពួកគេ​នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ ចំណែក​ឯ​អ្នក​ឆ្លើយ​តប ១៧​ភាគ​រយ​ទៀត​ ​បាន​ប្រាប់​ថា ពួកគេ​នៅ​ពុំ​ទាន់​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ។

ការ​ស្ទង់​មតិ​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ទទួល​ស្គាល់​ ហើយ​ចាត់​ទុក​ថា ជា​សិទ្ធិ​សេរីភាព​របស់​គណបក្ស​នីមួយៗ សម្រាប់​រៀបចំ​យុទ្ធសាស្ត្រ។

លោក ឈឹម ផលវរុណ ប្រាប់​វីអូឌី​នៅថ្ងៃ​នេះ​ថា​៖ “រឿង​ការ​ស្ទង់​មតិ វា​ជា​សិទ្ធិ​សេរីភាព​របស់​គណបក្ស​នីមួយៗ​ទេ វា​មិន​សំខាន់​ទៅ​លើ​អ្វី​ទេ គ្រាន់​តែ​សម្រាប់​ការ​រៀបចំ​យុទ្ធសាស្ត្រ”។

បើ​ទោះបី​លោក សម រង្ស៊ី សន្និដ្ឋាន​ថា គណបក្ស​ប្រឆាំង​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​ក៏​ដោយ ប៉ុន្តែ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ ​មិន​ភ្ញាក់​ផ្អើល​នោះ​ឡើយ​ ដោយ​ថា វា​ជា​ការ​រវើ​រវាយ​របស់​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​តែ​ប៉ុណ្ណោះ។

ការស្ទង់​មតិ​ដដែល​នេះ ក៏​បានបង្ហាញ​ផង​ដែរ​ថា អ្នក​ឆ្លើយ​តប ៤៣​ភាគរយ យល់​ឃើញ​ថា ប្រទេស​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច បាន​ដើរ​លើ​ផ្លូវ​ត្រូវ ខណៈ​ដែល​អ្នក​ឆ្លើយ​តប ៣៨​ភាគរយ យល់​ថា រដ្ឋាភិបាល​ដើរ​លើ​ផ្លូវ​ខុស។ ចំណែក​អ្នក​ឆ្លើយ​តប ១៦​ភាគរយ​ទៀត យល់​ថា រដ្ឋាភិបាល​កម្ពុជា​ដើរ​ទាំង​លើ​ផ្លូវ​ត្រង់ និង​ផ្លូវ​ខុស។

ការ​ស្ទង់មតិ​នេះ បាន​បង្ហាញ​ក្ដី​កង្វល់​របស់​ពលរដ្ឋ​ទៅ​លើ​បញ្ហា​នានា ដូចជា​បញ្ហា​ឧក្រិដ្ឋកម្ម និង​គ្រឿង​ញៀន បញ្ហា​តម្លៃ​ផលិត​ផល​កសិកម្ម អំពើ​ពុក​រលួយ បញ្ហា​បរិស្ថាន និង​បញ្ហា​ទីផ្សារ​ការងារ។

ផ្អែក​តាម​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ដដែល​នេះ គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំណុច​ខ្លាំង​ខាង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​អភិវឌ្ឍ​វិស័យ​អប់រំ ប៉ុន្តែ គណបក្ស​នេះ​ប្រឈម​មុខ​នឹង​ចំណុច​ខ្សោយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម និង​គ្រឿង​ញៀន អំពើ​ពុក​រលួយ និង​ការ​គ្រប់​គ្រង​ធន​ធាន​ធម្មជាតិ៕

រាយការណ៍​បន្ថែម​ដោយ កញ្ញា យួង ចន្នី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ