ខ្មែរមិនមានការប្រើវណ្ណយុត្ត ចុច (.) ឬ ក្បៀស (,) សម្រាប់កាត់លេខរាល់៣ខ្ទង់នោះទេ

នៅតាមបណ្តាញសារព័ត៌មានឬតាមរយៈការប្រើប្រាស់ទូទៅក្នុងសំណេរអត្ថបទប្រចាំថ្ងៃជាខេមរភាសា ពលរដ្ឋខ្មែរភាគច្រើនតែបង្ហាញឲ្យឃើញនូវការប្រើប្រាស់វណ្ណយុត្តទាំងពីរ២ប្រភេទនៅក្នុងតួលេខគឺចុច (.) និងក្បៀស (,) នោះមានភាពច្របូកច្របល់គ្នាក្នុងការកាត់ខ្ទង់ ដែលភាសាសាមញ្ញគេហៅថា ៣ខ្ទង់កាត់ក្បៀសឬចុចម្តងនោះ។

ការប្រើប្រាស់វណ្ណយុត្ត២ប្រភេទខាងលើនៅក្នុងតួលេខ នៅតែបន្តធ្វើឲ្យកូនខ្មែរមួយចំនួនភ័ន្តច្រឡំគ្នាទៅវិញទៅមក ដោយអ្នកជំនាញខាងអក្សរសាស្រ្តខ្មែរអះអាងថានេះគឺបណ្តាលមកពីការផ្សព្វផ្សាយនិងការអប់រំនៃភាសាជាតិហាក់នៅមានកម្រិតនៅឡើយ។

យោងតាមសំណេរព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលចុះក្នុងខែមិថុនា ឆ្នាំ២០១៦ ដែលបានសរសេរកត់ត្រាពីអត្រារូបិយប័ណ្ណប្រាក់រៀលបានបង្ហាញថា “១ដុល្លារ ស្មើនឹង ៤,០៥០រៀល” រីឯសំណេររបស់សារពត៌មានវិទ្យុអាស៊ីសេរី ដែលចុះផ្សាយកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ បានសរសេរថា “អាជ្ញាធរខេត្តរតនគិរីដាំកូនឈើ ២.៥០០ដើម” ។ រាល់បញ្ហានេះ បង្កើតឲ្យមានការបែងចែកមិនដាច់ស្រឡះ ថាតើការកាត់ខ្ទង់រាល់៣លេខម្តងនោះ មួយណាត្រូវ មួយណាខុស។

និស្សិតឆ្នាំទី២ ផ្នែកគណនេយ្យនៃសាកលវិទ្យាល័យខេមអេដ (CamEd) កញ្ញា ភួយ ម៉ីម៉ី បានរៀបរាប់អំពីការយល់ដឹងរបស់ខ្លួនលើការប្រើប្រាស់សញ្ញាវណ្ណយុត្តទាំងពីរនៅក្នុងតួលេខថា តាមដែលកញ្ញាធ្លាប់រៀននៅសាលា កញ្ញាកត់សម្គាល់ថាគេប្រើក្បៀសដើម្បីកាត់លេខបីខ្ទង់ម្តង ហើយវណ្ណយុត្តចុចគឺសម្រាប់ដាក់ពីមុខចំនួនទសភាគ។

រីឯអ្នកយកព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ភីអិនអិន លោក រិន សុក្រិត្យ មិនមានយោបល់ខុសផ្សេងពីនិស្សិតផ្នែកគណេយ្យនោះទេ ដោយលោកបញ្ជាក់ថា លោកមិនប្រាកដថាអ្វីដែលលោកសម្គាល់ឃើញនោះជាការត្រឹមត្រូវឬក៏អត់នោះទេ តែលោកស្នើឲ្យមានការឯកភាពគ្នាច្បាស់លាស់មួយ ដើម្បីចៀសវាងការភ័ន្តច្រលំ។

លោកមានប្រសាសន៍ថា៖ មានផលប៉ះពាល់ ជួនកាលប្រជាពលរដ្ឋគាត់ច្រឡំទិន្នន័យ គាត់អត់បានដឹងថា តើការប្រើប្រាស់របស់គេហ្នឹងចង់សំដៅទៅលើលេខប៉ុន្មាន គឺអាចច្រឡំគ្នា គឺច្រលំនូវទំហំជាក់លាក់

ឆ្លើយតបនឹងការប្រើប្រាស់វណ្ណយុត្តទាំងពីរនេះអ្នកយកពត៌មានវិទ្យុអាស៊ីសេរី លោក យាង សុជ្ជាមេត្តា បាននិយាយថាខាងស្ថាប័នរបស់លោក គេប្រើសញ្ញាចុចដើម្បីកាត់ខ្ទង់រាល់បីខ្ទង់ម្តង ចំណែកក្បៀសសម្រាប់កាត់ចំនួនទសភាគ។

ទោះជាយ៉ាងណា លោកថាលោកមិនអាចផ្តល់យោបល់បានទេថាតើការប្រើមួយណាត្រូវឬខុសនោះ។

លោកនិយាយថា៖ “រឿងហ្នឹងគួរតែសួរខាងអ្នកអក្សរសាស្រ្តវិញទៅ បងខាងអ្នកព័ត៌មាន ជួនកាលស្ថាប័នបងយើងប្រើតែអញ្ចឹង ហើយខាងគេប្រើផ្សេង ហើយយើងម៉េចហ៊ានថាគេខុស

សាស្រ្តាចារ្យមហាវិទ្យាល័យផ្នែកអក្សរសាស្រ្តខ្មែរ លោក វង្ស មេង បានបង្ហាញអំពីចំណេះដឹងរបស់លោកក្នុងការប្រើប្រាស់សញ្ញាទាំងពីរនេះថាសញ្ញាក្បៀសដែលប្រើសម្រាប់កាត់ខ្ទង់រាល់បីខ្ទង់ម្តងនោះ គឺប្រើតាមប្រព័ន្ធអង់គ្លេស ចំណែកការដែលគេប្រើវណ្ណយុត្ត ចុច នោះគឺតាមប្រព័ន្ធបារាំង។

លោកមានប្រសាសន៍បន្ថែមថា៖ សូម្បីតែខ្ញុំក៏ច្រឡំដែរ កុំថាឡើយអ្នកប្រើ សូម្បីតែខ្ញុំក៏ច្រឡំ។ រឿងលេខ រឿងក្បៀស និងចុចហ្នឹង យើងគួរតែកំណត់យកប្រព័ន្ធណាមួយ ដើម្បីស្រុះស្រួលគ្នាទាំងអស់គ្នាទៅ

អនុប្រធានរាជ្យបណ្ឌិតសភានិងជាប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ លោក ច័ន្ទ សំណព្វ បានបកស្រាយលម្អិតអំពីរបៀបប្រើប្រាស់វណ្ណយុត្តរបស់ខ្មែរឲ្យដឹងថា ខ្មែរយើងមិនប្រើតាមប្រព័ន្ធអង់គ្លេសឬបារាំងដើម្បីកាត់ខ្ទង់រាល់បីខ្ទង់ម្តងនោះទេ ដោយលោកប្រាប់ថាយើងមានប្រព័ន្ធរបស់ខ្លួនឯងស្រាប់ទៅហើយ គឺរាល់បីខ្ទង់ម្តងយើងដកឃ្លា ចំណែកឯវណ្ណយុត្តក្បៀស គឺបញ្ជាក់ពីចំនួនទសភាគ ហើយការកំណត់នេះត្រូវបានអនុម័តឡើងនៅក្នុងគណៈកម្មការបណ្ឌិតសភាទទួលបន្ទុកអនុម័តបញ្ហាពាក្យច្បាប់តាំងពីជាង១០ឆ្នាំមុនមកម្ល៉េះ។

លោកមានប្រសាសន៍ថា៖ អញ្ចឹងអំណឹះតទៅ ការសរសេរខុសពីហ្នឹងគឺចាត់ទុកថាខុស ប៉ុន្តែខ្ញុំមានសេចក្តីបម្រុងមួយសម្រាប់ក្រសួងមួយដែលលោកថាលោកប្រើកុំព្យូទ័រប្រើអីទៅ។ គាត់លើកសរសេរជាលេខអារ៉ាប់លេខអីអញ្ចឹង ទៅតាមរបស់លោកចុះ តែក្រៅពីក្រសួងមួយហ្នឹង គ្រប់ក្រសួងទាំងអស់ គឺត្រូវតែកែ

ដើម្បីជម្រុញការប្រើប្រាស់នេះឲ្យមានប្រសិទ្ធភាព លោក ច័ន្ទ សំណព្វ បានលើកយកយន្តការមួយចំនួនមកធ្វើអត្ថាធិប្បាយ ដោយលោកមានប្រសាសន៍ថា៖ ទី១ ពេលដែលបានបង្កើតក្បួនចេញមកហើយ គឺខ្ញុំត្រូវយកវាទៅអនុវត្តក្នុងលិខិតបទដ្ឋានគតិយុត្តិជាផ្លូវការរបស់ជាតិយើង។ ទី២ គឺខ្ញុំត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយតាមដែលអាចធ្វើទៅបាន ហើយចុងក្រោយនោះ គឺការបង្រៀនសិស្សានុសិស្សឲ្យបានយល់ដឹងឲ្យកាន់តែច្បាស់ពីក្បួនហ្នឹង

វីអូឌីមិនអាចទាក់ទងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីសាកសួរអំពីការប្រើប្រាស់វណ្ណយុត្តទាំងពីរនេះនៅក្នុងតួលេខរបាយការណ៍របស់ក្រសួងបានទេ៕ ដោយ កញ្ញា សន ឆវីវតី និងលោក សាម សុជាទិញ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ