លោក នី ចរិយា ប្តឹង​ដក​ចៅ​ក្រម​ដែលកាន់សំណុំ​រឿង​មន្ត្រី​តុលាការពីររូប​ប្តឹងលោក​កាលពី​ឆ្នាំមុន

លោក នី ចរិយា ក្នុងពេលនាំខ្លួនមកកាន់សាលាដំបូង (រូបភាពផ្តល់ឲ្យ)

អតីតមន្ត្រីសមាគមអាដហុកនិងបច្ចុប្បន្នជាអគ្គលេខាធិការរង គ.ជ.ប ដែលកំពុងជាប់ឃុំលោក នី ចរិយា បានសម្រេចដាក់ពាក្យបណ្តឹងសុំដកចៅក្រមកាន់សំណុំរឿងរបស់លោក ដែលប្តឹងដោយមន្ត្រីតុលាការខេត្តសៀមរាបទាក់ទងនឹងបទចោទបរិហារកេរ្តិ៍។

នៅព្រឹកថ្ងៃចន្ទនេះ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក ឃី ឆៃ បានបើកសវនាកាជំនុំជម្រះលើសំណុំរឿងលោក នី ចរិយា ដែលជាប់ចោទពីបរិហារកេរ្តិ៍ជាសាធារណៈដែលប្តឹងដោយអតីតព្រះរាជអាជ្ញារងសាលាដំបូងខេត្តសៀមរាបលោក សុខ កែវបណ្ឌិត និងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាបលោក គី ឬទ្ធី។

ទោះយ៉ាងណាក្នុងសវនាការនៅព្រឹកនេះភាគីដើមបណ្តឹងមិនមានវត្តមាននោះទេ ដោយមានតែមេធាវីការពារប៉ុណ្ណោះ។ ដោយឡែកមេធាវីការពារលោក នី ចរិយា និងលោក នីចរិយា បានស្នើឲ្យចៅក្រមជំនុំជម្រះលើកពេលសវនាការ ដោយលើកហេតុផលថាអវត្តមានដើមបណ្តឹងរដ្ឋប្បវេណី។ ពួកគេក៏លើកហេតុផលថាសំណុំរឿងនេះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សភាស៊ើបសួរសាលាឧទ្ធរណ៍ និងក្រសួងយុត្តិធម៌មិនទាន់បានកោះហៅមន្ត្រីតុលាការទាំងពីររូបទៅសាកសួរតាមបណ្តឹងរបស់លោក នី ចរិយា នៅឡើយ។

ប៉ុន្តែចៅក្រមជំនុំជម្រះលោក ឃី ឆៃ នៅតែសម្រេចបន្តសវនារនៅព្រឹកនេះដដែល បើទោះបីជាមានការស្នើសុំពីភាគីជនជាប់ចោទ។ ទោះយ៉ាងណាភាគីជនជាប់ចោទមិនយល់ព្រមឲ្យបន្តនីតិវិធី ដោយសម្រេចប្តឹងដិតជិត សុំដកចៅក្រមជំនុំជម្រះដែលកាន់សំណុំរឿងនេះ។ ចៅក្រមបានយល់ព្រមឲ្យជនជាប់ចោទដាក់ពាក្យបណ្តឹងនេះទៅកាន់សាលាឧទ្ធរណ៍ក្នុងរយៈពេល១ខែ ដើម្បីដកលោកចេញពីសំណុំរឿងនេះ។

ក្រោយពីជជែកពិភាក្សាគ្នានិងបានសម្រេចឲ្យមានបណ្តឹងដិតជិតអស់រយៈពេលប្រហែលជា១៥នាទីមក ចៅក្រមសម្រេចលើកពេលសវនាការដោយរង់ចាំការសម្រេចរបស់សាលាឧទ្ធរណ៍ករណីមានការប្តឹងដកចៅក្រមនេះ។

លោក នី ចរិយា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅពេលសមត្ថកិច្ចនាំចេញពីបន្ទប់សវនាការថាសវនាការមិនគួរដំណើរការដោយគ្មានដើមបណ្តឹងនោះទេ ដោយថាលោកជាជនជាប់ចោទចង់ស្តាប់ចម្លើយរបស់ដើមបណ្តឹងដែលចោទប្រកាន់រូបលោក។ លោកថា បើគ្មានដើមបណ្តឹងក្នុងសវនាការ លោកថាលោកនឹងបាត់បង់សិទ្ធិក្នុងការស្តាប់ចម្លើយដើមបណ្តឹង។

លោកបន្ថែមថា៖ អ៊ីចេះខ្ញុំចង់ជួបជាមួយដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីបង្ហាញអំពីភាពស្អាតស្អំរបស់ខ្ញុំក្នុងការជួយជនរងគ្រោះ ជនក្រីក្រ តែប៉ុណ្ណឹងទេ

គួរបញ្ជាក់ថាលោក នី ចរិយា កំពុងជាប់ឃុំបណ្តោះអាសន្ននៅពន្ធនាគារស្នងការរាជធានីភ្នំពេញក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀតក្រោមបទចោទសមគំនិតសូកប៉ាន់សាក្សីទាក់ទងនឹងសំណុំរឿងលោក កឹម សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ