មូលហេតុគណបក្សប្រជាជន​និងហ៊្វុនស៊ិនប៉ិចមិនចូលរួម​ផ្ទាល់​បុណ្យលោក កែម ឡី​

គណបក្សប្រជាជនកម្ពុជានិងគណបក្សហ្វ៊ុនស៊ិនប៉ិច ជាគណបក្សដែលធ្លាប់និងកំពុងដឹកនាំរដ្ឋាភិបាល បានបកស្រាយចំពោះមូលហេតុមិនទៅចូលរួមផ្ទាល់បុណ្យលោក កែម ឡី ដែលកំពុងតម្កល់ទុកធ្វើបុណ្យនៅវត្តចាស់។

ក្រោយហេតុការណ៍បាញ់សម្លាប់លោក កែម ឡី កាលពីថ្ងៃទី១០ខែកក្កដា សពរបស់លោកត្រូវបានតម្កល់ទុកនៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ក្នុងអំឡុងពេលតម្កល់សពនេះ តំណាងអង្គការសង្គមស៊ីវិល ស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋបានយកកម្រងផ្កាទៅដាក់និងគោរពវិញ្ញាណក្ខន្ធលោករាល់ថ្ងៃ ដែលក្នុងមួយថ្ងៃៗមានពីរាប់រយ រាប់ពាន់ ទៅរាប់ម៉ឺននាក់។

ចំណែកថ្នាក់ដឹកនាំគណបក្សនយោបាយវិញក៏បានយកកម្រងផ្កាទៅដាក់ជាបន្តបន្ទាប់ដែរដូចជាគណបក្សស ង្គ្រោះជាតិ គណបក្សសំបុកឃ្មុំ គណបក្សខ្មែររួបរួមជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានជាដើម។ ដោយឡែកគណបក្សប្រជាជនកម្ពុជានិងគណបក្សហ៊្វុនស៊ិនប៉ិចមិនបានទៅចូលរួមដោយផ្ទាល់ទេ។

លោក សុខ ឥសាន មានប្រសាសន៍ថាថ្នាក់ដឹកនាំគណបក្សរបស់លោកមិនបានទៅចូលរួមផ្ទាល់ទេ តែបានចាត់តំណាងឲ្យទៅចូលរួម។ លោកបន្តថារហូតដល់ថ្ងៃនេះតើខាងគណបក្សប្រជាជនមានគម្រោងទៅចូលរួមបុណ្យលោក កែម ឡី ទេ ឯកឧត្តម? យេ!! យើងចាប់អារម្មណ៍អីខ្លាំងម៉េស គេឲ្យតំណាងគណបក្សទៅចូលរួមហើយតើស! ចូលបុណ្យរហូតដល់១០លានរៀល។ មន្ត្រីសាលារាជធានីហ្នឹងមែនឯកឧត្តម? បាទ! អាហ្នឹង គណបក្សតើស គណបក្សមិនអសីលធម៌ទេ គឺមានបញ្ហាអីតែងផ្សារភ្ជាប់មនោសច្ចេតនា ទោះអ្នកនោះ ប្រឆាំងក៏ដោយ មិនប្រឆាំងក៏ដោយ“។

ចំណែកអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចលោក ភាព ភាជន៍ មានប្រសាសន៍ថាមូលហេតុដែលគណបក្សរបស់លោកមិនបានទៅចូលរួមផ្ទាល់នោះ ដោយសារថ្នាក់ដឹកនាំភាគច្រើនមានបេសកកម្មទៅក្រៅប្រទេសទើបមិនមានអ្នកដឹកនាំទៅចូលរួម។ លោកបន្តថាទៀតថា៖ “ដោយសារថ្នាក់ដឹកនាំទៅបំពេញបេសកកម្មនៅក្រៅប្រទេសអស់ចឹងវិលវិញអត់ទាន់ នៅខាងគណបក្សនៅតែសមាជិកធម្មតា ចឹងមិនអាចឲ្យគាត់ទៅចូលរួមបាន ព្រោះមិនសាកសមនឹងកិត្តិយសរបស់លោកបណ្ឌិត(បណ្ឌិត កែម ឡី) ចឹងប្រហែលជាមិនបានចូលរួមទេ តែមានលិខិតរួមរំលែកទុក្ខ

ទោះយ៉ាងណាក្រោយហេតុការណ៍បាញ់សម្លាប់លោក កែម ឡី គណបក្សទាំងពីរនេះសុទ្ធតែបានចេញសេចក្តីថ្លែងការថ្កោលទោសឃាតករនិងសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ។

រហូតដល់ថ្ងៃចន្ទនេះគឺជាថ្ងៃទី៩ហើយដែលសពលោក កែម ឡី តម្កល់ទុកនៅវត្តចាស់។ អំឡុងពេលនេះ ប្រជាពលរដ្ឋខ្មែរមកពីតាមបណ្តាខេត្តនានានិងពលរដ្ឋនៅក្រៅប្រទេសផងក៏បានចូលរួមដែរ ដោយពួកគេចាត់ទុកថា លោក កែម ឡី ជាធនធានសំខាន់ សម្រាប់អភិវឌ្ឍន៍ជាតិឲ្យរីកចម្រើន ហើយការបាញ់សម្លាប់នេះជាការបាត់បង់របស់ជាតិនិងប្រជាពលរដ្ឋខ្មែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ