មន្ត្រីកម្ពុជាថា អាមេរិកសម្តែងការព្រួយបារម្ភពីស្ថានភាពនយោបាយនៅកម្ពុជា

រដ្ឋលេខាធិការក្រ​សួង​ការ​បរទេសកម្ពុជា លោក អ៊ុច បូររិទ្ធ ផ្តល់​បទសម្ភាសន៍​ដល់អ្នក​សារព័ត៌មាន​ក្រោយ​ជំនួបជាមួយ​ឧបការីរដ្ឋមន្ត្រី អាមេរិក (រូបភាព៖ ឃុត សុគន្ធ)

សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន ដោយបានបលើកឡើងពីការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្ស និងការប៉ុនប៉ង និងចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំង។

ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការងារ លោក Tom Malinowski បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាលោក អ៊ុច បូររិទ្ធ ក្នុងរយៈពេលមួយម៉ោងនាល្ងាចថ្ងៃចន្ទនេះនៅទីស្តីការក្រសួង។

ក្រោយកិច្ចប្រជុំ លោក អ៊ុច បូររិទ្ធ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក Tom Malinowski បានលើកពីការចាប់ខ្លួន និងឃុំខ្លួនមន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំង ជាមួយនឹងការប៉ុនប៉ងចាប់ខ្លួនមេបក្សប្រឆាំងជាដើម។ លោក អ៊ុច បូររិទ្ធបន្តទៀតថា ឧបការីអាមេរិកក៏បានជម្រុញឲ្យគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ បន្តអនុវត្តវប្បធម៌សន្ទនាឡើងវិញ ដើម្បីធានាឲ្យបាននូវបរិយាកាសល្អសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨។

ជាការឆ្លើយតប លោក អ៊ុច បូររិទ្ធ ថាលោកបានប្រាប់ទៅលោក ឧបការីអាមេរិកវិញថា រដ្ឋាភិបាលកម្ពុជាបានគោរសិទ្ធិមនុស្ស និងគណបក្សនយោបាយ។ លោកបន្តប្រាប់មន្ត្រីជាន់ខ្ពស់អាមេរិកទៀតថា ការចាប់ខ្លួនមន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង កើតចេញការប្រព្រឹត្តបទល្មើសដោយបុគ្គលផ្ទាល់។

លោកបន្ថែមថា៖ “គឺកម្ពុជា រដ្ឋាភិបាលយើងបានប្តេជ្ញាចិត្តអនុវត្តគោលនយោបាយប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ប៉ុន្តែក្នុងក្រមខណ្ឌច្បាប់ … ហើយបញ្ហានេះគឺ ជារឿងបញ្ហាបុគ្គល វាមិនមែនជាបញ្ហាពាក់ព័ន្ធទៅនឹងអង្គការ ក៏ដូចជាគណបក្សនយោបាយទេ ហើយខ្ញុំបញ្ជាក់ថារឿងដែលកើតឡើងនេះជារឿងបុគ្គល”

ទាក់ទងនឹងការលើកឡើងរបស់ឧបការីរដ្ឋមន្ត្រីអាមេរិកជំរុញឲ្យគណបក្សជាប់ឆ្នោតទាំងពីរបន្តអនុវត្តវប្បធម៌សន្ទនានោះ លោក អ៊ុច បូររិទ្ធ ថាគណបក្សប្រឆាំងខ្លួនឯងទេ ដែលបានបំពានកិច្ចព្រមព្រៀងថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៤ និងថាតែងតែ “អុចអាល” ឲ្យមានការរើសអើសពូជសាសន៍ជាដើម។

លោកបន្តថា៖ “ដៃស៊ីញ៉េ រួចហើយបែរខ្នងក្រោយ គឺចាប់ផ្តើមទាំងសម រង្ស៊ី ទាំងកឹម សុខា នៅគ្រប់វេទិកាពេលខ្លួនជួបជាមួយប្រជាជន តែងតែនិយាយវាយប្រហារប្រើប្រាស់ពាក្សអសុរស ខ្ញុំមិនថាទេ ប៉ុន្តែ ប្រើពាក្យអុចអាល ប្រកាន់ពូជសាសន៍ដើម្បីប្រយោជន៍នយោបាយផ្ទាល់ខ្លួន”

គួរបញ្ជាក់ថា បច្ចុប្បន្ន អង្គការជាតិ អន្តរជាតិ មួយចំនួន និងគណបក្សប្រឆាំង ចាត់ទុកថាកម្ពុជាកំពុងជួបវិបត្តិនយោបាយ ខណៈមន្ត្រីបក្សប្រឆាំង និងមន្ត្រីអង្គការសិទ្ធិមនុស្សមួយចំនួនកំពុងជាប់ឃុំ និងខ្លះកំពុងជាប់បណ្តឹងនៅតុលាការ។ ទោះយ៉ាងណា គណបក្សកាន់អំណាចថាកម្ពុជាមិនមានវិបត្តិនយោបាយនោះទេ និងថាអ្នកដែលជាប់ឃុំ និងកំពុងជាប់បណ្តឹងនៅតុលាការគឺជាការប្រព្រឹត្តបទល្មើសរបស់បុគ្គល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ