លោក ហ៊ុន សែន ព្រមានជាថ្មីទៀតថានឹងមិនអត់ឱនឲ្យអ្នកត្រៀមធ្វើ​«បដិវត្តន៍ពណ៌»

នាយករដ្ឋមន្ដ្រីកម្ពុជាលោក ហ៊ុន សែន (Fresh News)

មេដឹកនាំគណបក្សកាន់អំណាច​បានប្រើសារ​​ព្រមានជាថ្មីទៀត លើក្រុមណាដែលលោកចោទថា ជាអ្នកត្រៀមធ្វើ​«បដិវត្តន៍ពណ៌» ប្រឆាំង​​​​រដ្ឋាភិ​បាល​​ស្របច្បាប់នៅកម្ពុជា។

ការព្រមាននេះ មិនមែនជាលើកទី១នោះ គឺលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន តែង​តែប្រើ​សារ​នេះ​ច្រើន​ដងម​ក​​ហើយ តំាងពីមុននិងក្រោយការបោះឆ្នោតឃុំសង្កាត់​ ឆ្នាំ២០១៧នេះ។

ក្នុង​ពិធីអបអរសាទរប្រាសាទសំបូរព្រៃគុក ជាសម្បត្តិវប្បធម៌ពិភពលោក ១៧ ខែ​កក្កដា​ ឆ្នាំ២០១៧ លោក ហ៊ុន សែន បានប្រតិកម្មខ្លាំងៗ ចំពោះព័ត៌មានដែលគេ​ថា លោក​មាន​ឈឺធ្ងន់​កំពុង​ព្យាបាល​នៅ​ក្រៅ​ប្រទេស។ ស្របពេលជាមួយគ្នានោះ លោក ហ៊ុន​ សែន ក៏បានប្រើសារព្រមាន​ជាថ្មីទៀតថានឹងមិនអត់ឱនទៅ លើក្រុមអ្នក ត្រៀមធ្វើ​​«បដិវត្តន៍ពណ៌»ផ្តួលរំលំរដ្ឋាភិបាលនៃគណបក្សកាន់អំណាច​។

លោកមានប្រសាសន៍ថា «នៅពេលនេះ និងពេលខាង​មុខ យើងក៏មិនអាចសុំការយោគយល់​ពីពួក​អ្នក​ដែល​ត្រៀម​បំរ៉ុងលេបត្របាក់យើង​តាមរយៈនៃ «បដិវត្តន៍ពណ៌»បានដែរ ដូច្នេះជាការឆ្លើយតបរបស់យើង យើងទំាង​អស់គ្នា​ត្រូវរឹងប៉ឹងឡើង ដើម្បីជំនះលើឧបសគ្គទំាងឡាយ ក្នុង​ដំណើរឈានទៅមុខជា​មួយនឹង​ការរក្សា​សន្តិ​ភាព ដើម្បីធានា​ដល់ការអភិវឌ្ឍ»។

អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម ​លោក មាស នី យល់ថា លោក ហ៊ុន សែន កំពុង​ភ័យពីសមត្ថិភាពគ្រប់គ្រងរដ្ឋ ទើបលោកប្រើសារគំរាមរឿង​ដដែលក្រោមលេសបង្រ្កាប​​​«បដិវត្តន៍ពណ៌»។ លោកថា ករណីនេះអាចធ្វើឲ្យពលរដ្ឋម្ចាស់ឆ្នោតមានការធុញទ្រាន់ នឹង​​អស់​ជំនឿលើការដឹក​នាំរបស់​រដ្ឋាភិបាល។

លោកនិយាយថា «ធម្មតា​ទេ តែ​កាលណា បើសិនជា យើងប្រើសារដដែល ទីមួយគឺបង្ហាញ​អំពីការ​ភ័យ​របស់​​រដ្ឋាភិបាល ដោយសារតែរដ្ឋាភិបាលមិនបានបំពេញតួនាទី​ណាមួយឲ្យពលរដ្ឋ​ ឬមិនបានដោះស្រាយ​បញ្ហាសង្គមសំខាន់ៗ សម្រាប់ទិញទឹកចិត្តពលរដ្ឋ ដើម្បីឲ្យពលរដ្ឋដើរតាមខ្លួននោះ វាអត់មាន ឬក៏មិនអាច​ធ្វើ​ទៅបាន​»។

អ្នកវិភាគនយោបាយ លោក ឆំា ប៊ុនថេត មានប្រសាសន៍ថា នៅកម្ពុជា មិនមានមេដឹកនាំ ឬប្រជាពលរដ្ឋ​ណាមួយចង់ធ្វើបដិវត្តន៍ពណ៌ប្រឆំាងរដ្ឋាភិបាលនោះទេ ដោយលោកថា បច្ចុប្បន្ននេះប្រជាពលរដ្ឋចង់បាន​ មេដឹ​ក​​នាំណាមួយ ដែលមានសមត្ថភាពធ្វើឲ្យប្រទេសរីកចំរើន។

លោកមានប្រសាសន៍ថា «បើតាមការអង្កេតមើល ហើយយើង​ការសិក្សា​មើល​វាចេះតែមានហើយ​ អ្នកសរសេរអញ្ចេះអញ្ចុះ មួយនាក់​ ពីរនាក់ ក៏ប៉ុន្តែប្រជាពលរដ្ឋ​ទំាង​មូល​គាត់​មិន​ចង់​បាន​​​ទេ យុវជនក៏មិនចង់បានទំរង់បដិវត្តន៍ទេ។ គេចង់បានការអភិវឌ្ឍមួយដែលមានចេរីភាព ឬក៏ការ​ផ្លាស់​ប្តូរ​​មួយ​ដោយសន្តិភាព ការផ្លាស់ប្តូរមួយដោយមិនមានសន្តិភាព ទោះបីក្រុមណាមួយចង់ធ្វើ​ក៏ប្រជា​ពល​រដ្ឋមិនគំាទ្រដែរ ខ្ញុំជឿអញ្ចឹង​»។

កាលពីពេលថ្មីៗនេះ មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនលោក ឈាង វុន បានលើកឡើងថា មានមនុស្ស និងក្រុមអង្គការ​​សង្គមស៊ីវិល​​មួយចំនួន​កំពុង​ចូល​រួមក្នុងចលនា «បដិវត្តន៍ពណ៌» ប្រឆាំងរដ្ឋាភិ​បាល​ស្រប​ច្បាប់​​នៅកម្ពុជា ដោយថា ពួកគេ​មានការគាំ​ទ្រ​ដោយ​រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ប៉ុន្តែត្រូវ​បានមន្ត្រី​សង្គម​ស៊ី​វិល​​​ច្រានចោលការចោទប្រកាន់នេះ។

គេសង្កេតឃើញថា ក្រោមលេសទប់មិនឲ្យមានបដិវត្តន៍ពណ៌ រដ្ឋាភិបាលបានចាប់ឃុំខ្លួនមនុស្សមួយ​ចំនួនដា​ក់​ពន្ធនាគារ ដូចជា អ្នកតវ៉ាតំបន់បឹងកក់អ្នកស្រី ទេព វន្នី សកម្មជនការពារបរិស្ថានលោក គង់ រ៉ៃយ៉ា​ និងលោក គឹម សុខ អ្នកវិភាគនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ