ព្រឹទ្ធសភាអនុម័តច្បាប់ស្តីពីបក្សនយោបាយដោយគ្មានវត្តមានបក្សប្រឆាំង

សមាជិកព្រឹទ្ធសភាកម្ពុជា (រូបភាពហ្វេសប៊ុកព្រឹទ្ធសភា)

ព្រឹទ្ធសភាកម្ពុជា​យល់​ព្រម​ទាំង​ស្រុងទៅលើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​គ្មាន​វត្ត​មាន​​សមាជិក​ព្រឹទ្ធសភាពី​បក្សប្រឆាំងចូលរួម។

​ការអនុម័តរបស់ព្រឹទ្ធសភានៅថ្ងៃអង្គារនេះ គឺធ្វើឡើងតែមួយសប្តាហ៍ក្រោយពី​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជនកម្ពុជា​ចំនួន៦៦​រូប​ដែល​បាន​ចូល​ប្រជុំ​សភា​ពេញ​អង្គ បា​នអនុ​ម័​ត​សេចក្តី​ស្នើច្បាប់ស្តីពីគណបក្សនយោបាយ ដែលលោក ហ៊ុន សែន ស្នើធ្វើវិ​សោ​​ធន​កម្មជាលើកទី២។

នៅព្រឹក​ថ្ងៃ​ទី​១៨ កក្កដានេះ​ ព្រឹទ្ធសភាដែល​មាន​តែ​សមាជិក​បក្សកាន់​អំណាច​ចូល​រួមចំនួន​៤២រូប​​ក៏​បាន​យល់​ព្រម​ទាំង​ស្រុង​ទៅ​លើ​វិសោធនកម្ម​នេះ​ដោយ​គ្មាន​កែ​ប្រែ​ដោយ​ថាច្បាប់​នេះ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​​នីតិ​រដ្ឋ​ និងសុខ​សន្តិភាព​ជូន​ប្រជា​ពល​រដ្ឋ ទប់ស្កាត់​សង្គ្រាម​ពាក្យ​សំដី។

អ្នកនាំពាក្យ​ព្រឹទ្ធិ​សភា​លោក​ ម៉ម ប៊ុននាង មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ថាការ​ចូល​ឬមិន​ចូល​ពី​សមាជិក​ព្រឹទ្ធសភា​បក្សប្រឆាំង គឺ​ជាសិទ្ធ​របស់​ពួកគេ តែ​ថាលិទ្ធិប្រជា​ធិបតេយ្យគឺ​ត្រូវ​គោរព​សំឡេង​ភាគ​ច្រើន​ ​។

លោកថា៖ «នៅ​ក្នុងនេះ​ដែរ​គឺ​អត់​មាន​កែប្រែ​អី​ទេ​គឺ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ទាំង​អស់ អត់​មា​ន​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញនោះ​ទេ អត់​បាន​រំលោភ​ទៅ​លើ​លិទ្ធិប្រជា​ធិបតេយ្យ​នោះ​ទេ អត់​បាន​ធ្វើ​ឲ្យ​បែក​បាក់​ជាតិ​នោះ​ទេ»។

ទោះ​ជាយ៉ាង​ណា​ប្រធាន​ស្តីទី​គណបក្ស​សម រង្ស៊ី និង​ជា​សមាជិកព្រឹទ្ធ​សភាលោក ទាវ វណ្ណុល​ បាន​ឲ្យ​វី​អូ​ឌី​ដឹង​ថា ការ​សម្រេច​មិន​ចូល​រួម ដោយសារ​សមាជិក​ព្រឹទ្ធ​សភាបក្ស​ប្រឆាំង​យល់ថា ការ​ធ្វើ​វិសោធនកម្ម​នេះ​គឺ​មិន​បាន​បម្រើ​ផល​ប្រយោ​ជន៍​ប្រជា​រាស្រ្ត​ខ្មែរ​ទេ គឺ​បម្រើ​ប្រយោជន៍​​ទៅ​លើ​បុគ្គលច្រើន​ជាង និង​កំពុង​តែ​ធ្វើ​ឲ្យ​លិទ្ធិ​ប្រជា​​ធិបតេយ្យ​ដើរ​ថយ​ក្រោយ។

លោក​ថា៖ «គេ​បាន​សម្រេច​ធ្វើ​វិសោធនកម្មមួយ​សារ​ទៀត​ដោយ​សារ​ការ​ធ្វើ​វិសោធនកម្មមុន​ហ្នឹង​គេ​មិន​អាច​បំពេញ​បំណង​បុគ្គល​ណា​មួយ​ដែល​ចង់​បានហ្នឹង។ ដែល​គាត់​ចង់​បាន​ច្បាប់​ហ្នឹង​អញ្ចឹង​បាន​ជា​គេ ធ្វើ​វិសោធនកម្ម​ហ្នឹង​មួយ​សារ​ទៀត! អញ្ចឹង​បើ​បី​ខែ​ធ្វើ​វិសោធនកម្ម​ម្តង​ដើម្បី​បំពេញ​ចិត្ត មនុស្ស​ម្នាក់​អញ្ចឹង​យើង​មិន​អាច​ទៅ​ចូល​រួម​អញ្ចឹង​កើត​ទេ!»។

មន្ត្រីផ្នែកអង្កេតនៅអង្គការខុមហ្វ្រែល ដែលជាអង្គការមួយឃ្លាំមើលដំណើរការសភា លោក កង សាវាង្ស ធ្លាប់​បាន​លើកឡើងកាលពី​សប្តាហ៍​មុន​ថា ច្បាប់នេះ​ ហាក់​មិន​បា​ន​បើកទូលាយឲ្យគ្រប់​ភាគីពាក់ព័ន្ធ ​បានចូ​លរួមផ្ត​ល់យោប​ល់ តាម​បែ​​ប​​ប្រជា​​ធិបតេយ្យ​ទេ និង​ប្រើ​សម្រាប់​បម្រើ​បុគ្គល​តែ​ម្នាក់​។

លោកថា៖ «យើងមើលឲ្យមែនទែនទៅការធ្វើច្បាប់នេះ វាមិនមែនសំដៅទៅលើប្រយោជន៍រួម ឬក៏ប្រយោ​ជន៍​ទូ​​ទៅទេ ​គឺការប្រើប្រាស់ច្បាប់មួយសម្រាប់តែបុគ្គលម្នាក់។ អញ្ចឹងយើងមើលឃើញ​ថាការ​ធ្វើច្បាប់នេះ ហាក់អត់ទាន់បានគិតអំ​ពីគេហៅថាគោ​លការណ៍នៃ​លទ្ធិប្រ​ជាធិ​បតេយ្យ​ឬមួយ​ជាគោលការ​ណ៍រួមនៅឡើយទេ ហើយសម្រាប់យើងៗហាក់​មិនមានការគាំទ្រច្បា​ប់សម្រា​ប់​បុ​​គ្គ​​លឬក៏ជាបែបហ្នឹងទេណាស់ យើងអត់មានការគាំទ្រទេ។ ប៉ុន្តែយើងនឹងជជែកផ្លូវច្បាប់​បន្ថែម​ទៀត​ថាតើ​ វាប​ង្ហា​​​ញពី​របៀបម៉េច វាខុសត្រង់ចំនុចណាខ្លះ។ នេះគ្រាន់តែជាការវាយតម្លៃបឋម​របស់​ខ្ញុំទេ​បាទ​»។

គួររំលឹក​ផង​ដែរថាការកែច្បាប់គណបក្សនយោបាយជាលើកទី២នេះធ្វើតាមបញ្ជារបស់លោក ហ៊ុន សែន កាលពីចុងខែ​មិថុនា​កន្លង​ទៅ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍៦៦ឆ្នាំ នៃការបង្កើត​គណបក្ស​ប្រជា​ជន​កម្ពុជា។

អ្នកនាំពាក្យតំណាងរាស្ត្រគណ​​បក្ស​ប្រជា​ជន លោក ឈាង វុន អះអាងថា ច្បាប់នេះនឹង​រា​រាំង​​មិនឲ្យ​មាន​ការ​ដាក់តាំងរូបលោក សម រង្ស៊ី នៅ​​ទីសា​ធារ​ណៈ​​ដូច​មុន​ៗទេ ដោយលោកចាត់ទុកលោក សម រង្ស៊ី ជាទណ្ឌិត។ លោក ឈាង វុន បង្ហើបថា ច្បាប់នោះក៏​នឹងទប់​ស្កាត់មិន​ឲ្យមហា​អំណាច​ណាមួយ​ប្រើ​ឥទ្ធិពល នាំ​លោ​​​ក សម រង្ស៊ី ចូល​ក​ម្ពុ​ជាវិញផងដែរ។

ច្បាប់គណបក្សនយោបាយ ដែលបានអនុម័តកាលពីឆ្នាំ១៩៩៧ ត្រូវបានស្នើ​ធ្វើ​វិសោធនកម្ម​ឡើងវិញ​ម្តង​ហើយ ដោយលោក ហ៊ុន សែន កាលពីចុងខែមករាឆ្នាំ២០១៧ និង​ត្រូវបាន​ចូលជាធរមាន បន្ទាប់​ពីបា​ន​ចុះហត្ថលេខា កាលពីថ្ងៃទី៧ខែមីនា ដោយ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភានិង​ជាប្រមុខ​រដ្ឋ​ស្តីទី​ ជំនួសព្រះមហាក្សត្រ ដែលបានយាងទៅចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ