សាលាដំបូងរាជធានីភ្នំពេញច្រានចោលបណ្ដឹងសុំនៅក្រៅឃុំលោក គឹម សុខ

អាជ្ញាធរនាំខ្លួន លោក កឹម សុខ មកកាន់សាលាដំបូងកាលពីពេលកន្លងទៅ (រូបភាព FN)

សាលាដំបូងរាជធានីភ្នំពេញ បានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់លោក គឹម សុខ ដោយសំអាងថា បើឲ្យនៅក្រៅឃុំនោះលោក គឹម សុខ នឹងរត់គេចខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការជំនុំជម្រះក្ដីនៅថ្ងៃទី​២៦ ខែ​កក្កដា​ ខាងមុខនេះ។ ប៉ុន្តែមេធាវី ការពារក្តីឲ្យ លោក គឹម សុខ ហៅការសម្រេចរបស់តុលាការថាអយុត្តិធម៌។

កាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យឃុំខ្លួនលោក គឹម សុខបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស ដោយចោទ ប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ ពាក់ព័ន្ធនឹងការវិភាគទាក់ទងករណីការបាញ់សម្លាប់លោក កែម ឡី ហើយនៅថ្ងៃ​ទី​២៦ ខែ​កក្កដា​ ឆ្នាំ​២០១៧​ខាងមុខ​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញនឹងបើកសវនាការសំណុំរឿងនេះ។ ​

ប៉ុន្តែមុនថ្ងៃបើកសវនាការលើសំណុំរឿងនេះ មេធាវីការពារក្ដីឲ្យលោក គឹម សុខ បានដាក់​លិខិតទៅសាលាដំបូង​រាជធានី​ភ្នំពេញ ដោយស្នើសុំ​​ឲ្យ​កូន​ក្ដី​របស់លោកបាន​នៅ​ក្រៅ​ឃុំបណ្ដោះអាសន្ន១០ថ្ងៃ មុនពេលសវនាការមកដល់។

នៅថ្ងៃអង្គារនេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការបណ្ដឹងសុំនៅក្រៅឃុំរបស់លោក គឹម សុខ។  នៅក្នុងបន្ទប់សវនាការ លោក គឹម សុខ បានប្រាប់ទៅចៅក្រមជំនុំជម្រះថា ការសុំនៅក្រៅឃុំ១០ថ្ងៃមុនពេលសវនាការនេះ គឺដើម្បីឲ្យលោកមានពេលជួបពិភាក្សាជាមួយមេធាវី និងដើម្បីត្រៀមខ្លួនក្នុងការតតាំងក្ដី។ ក្នុងបន្ទប់សវនាការនោះដែរ លោក គឹម សុខ បានច្រានចោលការលើកឡើងរបស់លោ គី តិច កន្លងមក ដោយអះអាងថា លោកមិនបានចោទប្រកាន់លោកនាយករដ្ឋមន្ត្រីពាក់ព័ន្ធករណីឃាតកម្មលោក កែម ឡី ឡើយ។

លោក គឹម សុខ ប្រាប់ទៅចៅក្រមថា ការវិភាគនិងការនិយាយរបស់លោក មិនបានធ្វើឲ្យប៉ះពាល់ដល់សង្គមនោះទេ ប៉ុន្តែការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីទៅវិញទេ ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមនោះ ដោយសារកន្លងមក លោកនាយករដ្ឋមន្ត្រីធ្លាប់បានគំរាមកំចាត់មនុស្ស ខណៈដែលលោកជាថ្នាក់នាំប្រទេស។ លោកស្នើឲ្យតុលាការធ្វើការពិចារណាចំពោះរឿងនេះ។

ឆ្លើយតបទៅនឹងការលើកឡើងថារបស់លោក គឹម សុខ មេធាវីការពារក្ដីឲ្យលោកនាយកមន្ត្រី ហ៊ុន សែន គឺ លោក គី តិច បានជំទាស់ចំពោះការលើកឡើងនោះ ដោយថាការនិយាយរបស់លោក គឹម សុខ និងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីខុសគ្នា។ លោកស្នើតុលាការបន្តឃុំខ្លួនលោក គឹម សុខ បន្តទៀត ដោយថាបើឲ្យនៅក្រៅឃុំរយៈពេល១០ថ្ងៃ ជនជាប់ចោទរូបនេះអាចបង្កបទល្មើសច្រើនជាងមុន។

មេធាវីការពារក្ដីឲ្យលោក គឹម សុខ គឺលោក ជួង ជូងី លើកឡើងនៅក្នុងអង្គសវនាការថា បន្ទាប់ពីកូនក្ដីរបស់លោកធ្វើអត្ថាធិប្បាយនោះរួច មិនមានអំពើអ្វីកើតឡើងដែលធ្វើឲ្យចលាចលនៅក្នុងសង្គមឡើយ។ លោកស្នើឲ្យតុលាការធ្វើការពិចារណា ដើម្បីឲ្យកូនក្ដីលោកបាននៅក្រៅឃុំបណ្ដោះអាសន្ន។

មុនបញ្ចប់សវនាការនៅព្រឹកនេះ តំណាងអយ្យកាលោក សៀង សុខ បានស្នើឲ្យតុលាការពិចារណា​ដោយ ឃុំខ្លួនលោក គឹម សុខ ដដែល។

បន្ទាប់ពីសវនាការ១ម៉ោង ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី​ ឫទ្ធី បានសម្រចបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក គឹម សុខ នៅថ្ងៃដដែលនេះ។

ប្រាប់អ្នកសារព័ត៌មាននៅក្រៅបន្ទប់សវនាការ លោក ជួង ជូងី សម្ដែងការខកចិត្ត បើទោះបីជាការស្នើសុំនេះជាលើកទី២ហើយក៏ដោយ។ លោកចាត់ទុកការសម្រេចរបស់តុលាការដែលមិនអនុញ្ញាតឲ្យកូនក្ដីរបស់លោកនៅក្រៅឃុំនោះ ថាមិនបានផ្ដល់យុត្តិធម៌ឲ្យកូនក្ដីរបស់លោកទេ។

លោកថា «សម្ដេច ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន ហើយលោកក៏ជានាយករដ្ឋមន្ត្រីដែរ ដូច្នេះកាត់មានឥទ្ធពលខ្លាំងណាស់ក្នុងរឿងហ្នឹង។ ចំណែក លោក គឹម សុខ ជាប្រជាពលរដ្ឋសាមញ្ញ ហើយត្រូវបានឃុំខ្លួននៅពន្ធនាគារ ខ្ញុំទៅធ្វើការជាមួយគាត់ពន្ធនាគារពេលវេលាមានកម្រិតណាស់ គឺពិបាកធ្វើការជាមួយគាត់មែន ប៉ុន្តែបើតុលាការ លោកគឹម សុខ ចង់បាន ១០ ថ្ងៃដោះលែងគាត់នៅក្រៅឃុំ ដើម្បីគាត់ធ្វើការជាមួយខ្ញុំ ដើម្បីតតាំងក្ដីនៅថ្ងៃទី២៦ ប៉ុន្តែតុលាការមិនព្រមអនុញ្ញាតចឹងគឺតាំងពីមុនមកដល់ពេលនេះហើយរហូតទៅដល់ពេលសវនាការ។ លោក គឹម សុខនៅតែមានការលំបាកក្នុងការធ្វើការជាមួយខ្ញុំ នៅតែខ្វះលទ្ធភាពក្នុងការត្រៀមខ្លួនឲ្យបានពេញលេញ ដើម្បីតតាំងក្ដីក្នុងការជួបជាមួយគាត់ក្នុងពន្ធនាគារពេលវេលាមានកម្រិត កន្លែងធ្វើការមិនផ្ដល់ឱកាសពេញលេញ ដូចខ្ញុំធ្វលើការជាមួយកូនក្ដីខ្ញុំនៅការិយាល័យខ្ញុំទេ»។

អ្នកនាំពាក្យសមាគមអាដហុក លោក សំ ​ចាន់គា មានប្រសាសន៍ថា តុលាការមិនហ៊ានសម្រេចឲ្យលោក គឹម សុខ នៅក្រៅឃុំនោះឡើយ ដោយសារដើមបណ្ដឹងជានាយករដ្ឋមន្ត្រី ដូចនេះតុលាការពិបាកក្នុងការវិនិច្ឆ័យ។

លោកថា «ប្រសិនជាលោក គឹម សុខ រត់គេចខ្លួន គឺគាត់រត់តាំងពីគំរាមកំហែងមុនចាប់ខ្លួនគាត់ មិនមែនមកដល់ពេលនេះទេ ចឹងអ្វីដែលទាំងអស់គ្រាន់តែជារឿងក្នុងការមិនអនុញ្ញាតឲ្យគាត់នៅក្រៅទេ នេះមិនមែនជារឿងថ្មីទេគឺជារឿងចាស់យូរមកហើយ។ ខ្ញុំយល់ថា ដោយសារ ភាគីម្ខាងទៀតគឺជានាយករដ្ឋមន្ត្រី ចឹងគាត់មិនហានទេខ្លាចអំណាច ដោយសារ តុលាការគាត់អត់ហានប្រើឆន្ទានុសិទ្ធិខ្លួន»។

កាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧ មេធាវីរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោក គី តិច បានប្តឹង លោក គឹម សុខ ដោយទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ បន្ទាប់ពីអ្នកវិភាគ​រូបនេះ បានធ្វើអត្ថាធិប្បាយថា គណបក្សប្រជាជនកម្ពុជា ជាអ្នកនៅពីក្រោយករណីឃាតកម្មលោក កែម ឡី។

ក្រៅពីបណ្ដឹងខាងលើនេះ លោក គឹម សុខ ក៏ត្រូវបានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្តឹងមួយករណីទៀត ដោយចោទរដ្ឋាភិបាលថា បានរៀបចំឲ្យមានប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្សនិងវែកមុខរកឃាតកមិនឃើញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ