នាយ​ចឺម ​​​​​​​​​​​​​លេង​ខ្លាំងជាមួយ ​​នីតា វរវង្ស

នាយ​ចឺម និងកញ្ញា ​​​នីតា វរវង្ស

មានការចាប់អារម្មណ៍បន្ទាប់ពីនាយចឺមត្រូវបានផលិតកររឿង «គំនុំខ្មោចក្រមុំទាំង៣» របស់ផលិតកម្មបដិហារ្យភាពយន្តឲ្យសម្ដែងជាតួអង្គឯក ហើយមានឈុតឱបថើបស្និទ្ធស្នាលនិងរំលោភតួអង្គស្រីគឺកញ្ញា នីតា វរវង្ស ដែលទទួលតំណែងជាតួឯក។

ជាមួយនឹងការសម្ដែងឈុតឆាកកៀកកិតជាមួយតារាស្រីរូបនេះ នាយចឺមក៏សារភាពថាលេងខ្លាំងណាស់ដែរជាមួយដៃគូមិនថាក្រៅឆាកនិងក្នុងឆាក។

ក្នុងពិធីសម្ពោធរឿង «គំនុំខ្មោចក្រមុំទាំង៣» កាលពីយប់ថ្ងៃទី១៧ សីហា នៅផ្សារទំនើបអ៊ីអន នាយចឺមបានអះអាងថានៅក្នុងរឿងនេះ លោកត្រូវគេឲ្យសម្ដែងជាតួកំប្លែងដើរបោកស្រីដោយមានទាំងឈុតរំលោភនិងឱបថើបតួអង្គស្រី ដែលលោកចាត់ទុកថាជាឈុតមានសំណាង។

លោកនិយាយថារវាងលោកនិងកញ្ញា នីតា វរវង្ស ទើបតែបានប៉ះសម្ដែងជាតួឯករួមគ្នាក្នុងរឿងដំបូងប៉ុណ្ណោះ ប៉ុន្តែក្នុងការសម្ដែងនាពេលកន្លងគឺលោកនិងនាងស្គាល់គ្នាយូរមកហើយ ទើបមានភាពស្និទ្ធស្នាលជាមួយគ្នា។

លោកថាក្នុងរឿង «គំនុំខ្មោចក្រមុំទាំង៣»លោកគឺជាតួអង្គឯក ប៉ុន្តែមិនមែនជាតួឯកតែម្នាក់ជាមួយកញ្ញា នីតា វិរវង្ស នោះទេ ដោយសារក្នុងរឿងនេះនៅមានតួឯក២គូផ្សេងទៀត គឺលោក ណា ខុន គូកញ្ញា ស៊ី សុខារ៉ាឌី និងលោក យូ អ៊ីន គូកញ្ញា ដួង ម៉ានិច។ លោកថារវាងលោកនិងកញ្ញា នីតា វរវង្ស ស្និទ្ធគ្នាទាំងក្នុងនិងក្រៅឆាក ទើបការសម្ដែងកៀកកិត បូករួមទាំងឈុតចាប់រំលោភផងគឺមិនមានបញ្ហា។

លោកមានប្រសាសន៍ថា៖ “ក្នុងរឿងហ្នឹងបើនិយាយទៅ ខ្ញុំលេងខ្លាំង (ឈុតស្នេហា) ជាមួយគាត់ (នីតា វរវង្ស) ប៉ុន្តែអត់អីទេ ដោយសារតែខ្ញុំនិងគាត់នៅក្រៅចង់ខ្លាំងជាងហ្នឹងទៀត ទើបគិតថាការសម្ដែងបែបនេះមិនមែនជាបញ្ហាចោទ!”។

កញ្ញា នីតា វរវង្ស បានអះអាងថាក្នុងចំណោមតំណែងតួឯកជាច្រើន នេះជាលើកទី១ដែលនាងបានសម្ដែងជាតួស្រីត្រូវគេរំលោភ ហើយមានឈុតស្នេហាកៀកកិតច្រើនផងជាមួយតួអង្គប្រុសគឺនាយចឺម។

នាងថាសិល្បៈបើទោះជាតម្រូវឲ្យធ្វើអ្វីក៏មិនចោទនោះដែរ ដោយសារតែការសម្ដែងសិល្បៈគឺដាច់ខាតត្រូវតែសម្ដែងតាមសាច់រឿងដែលមិនបានប្រកាន់ថាឈុតរំលោភឬឈុតស្រើបស្រាលមិនហ៊ានសម្ដែង។ យ៉ាងណាមិញនាងថាមិនហ៊ានសម្ដែងហួសហេតុនោះទេ ដើម្បីគេចចេញពីការរិះគន់របស់មហាជន ក្រោយពេលឡើងកូដ។

លោក ស៊ុម ភារិន ចាងហ្វាងផលិតកម្មបដិហារ្យបានអះអាងថានៅក្នុងរឿង «គំនុំខ្មោចក្រមុំទាំង៣» គឺជារឿងទាំងស្រុងដែលមិនចម្លងគេនិងហ៊ានធានាមិនមានឈុតណាដែលមានលំនាំតាមរឿងបរទេស។ លោកថានេះជារឿងដែលលោករំលេចឡើងដោយប្រើអ្នកជំនាញខ្មែរទាំងស្រុង តែជាការប្រមូលផ្ដុំដោយផលិតករ ដោយអ្នកបច្ចេកទេស និងអ្នកដឹកដែលមានសមត្ថភាព។

លោកថាមួយរឿងប្រើទុនជិត៦ម៉ឺនដុល្លារដោយមិនទាន់រាប់បញ្ចូលការចំណាយលើការកុម្មង់កាមេរ៉ានិងឧបករណ៍សម្រាប់ថតកុននៅឡើយ។ លោកថានៅក្នុងរឿងនេះ តួអង្គនាយចឺមនិងតួអង្គស្រីជាដៃគូលែងល្អ ដែលលោកយល់ថាមិនចាញ់តារាក្រៅស្រុកនោះទេ ជាពិសេសគឺឈុតឆាកក្រមិចក្រមើមនិងឈុតឆាកលោតហក់ដែលបានតម្រូវនៅក្នុងសាច់រឿង។

លោកថាតួអង្គនាយចឺម រំលេចពីគំរូអាក្រក់មួយនៅក្នុងសង្គម ក្នុងបំណងពញាក់អោយយុវវ័យកុំភ្លើតភ្លើននឹងរឿងស្នេហា។ លោកក៏រំពឹងច្រើនដែរពីភាពជោគជ័យដោយសារតែក្នុងរឿងនេះសម្ដែងដោយតួអង្គល្បីៗកំពុងឡើងកូដនិងជារឿងដែលបានចំណាយទុនខ្ពស់និងប្រើបច្ចេកទេសផលិតខ្ពស់។

យ៉ាងណាមិញ លោកហាក់មិនហ៊ានទាយថារឿង «ខ្មោចគំនុំខ្មោចក្រមុំទាំង៣» នឹងអាចដាក់បញ្ចាំងបានប៉ុន្មានថ្ងៃប៉ុន្មានសប្ដាហ៍ក្រោយប្រកាសបញ្ចាំងនោះទេ បើទោះជាតួអង្គនាយចឺម តួអង្គណាខុន និងតួអង្គល្បីៗក្នុងរឿងត្រូវបានគេជឿជាក់ថាមិនពិបាកក្នុងការកន្ទ្រាក់អ្នកទស្សនាអោយចាប់អារម្មណ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ