ពលរដ្ឋទាមទារឲ្យសារព័ត៌មានស្និទ្ធរដ្ឋាភិបាលផ្សាយការពិតពីជម្លោះដីធ្លី

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 5:43 PM | បញ្ហា​វិវាទដីធ្លីសិទ្ធិមនុស្ស | 0 | 1779 អ្នកមានជម្លោះដីធ្លីមកពីខេត្តកោះកុង (FB: Fresh News)

អ្នកមានជម្លោះដីធ្លីមកពីខេត្តកោះកុង ទាមទារឲ្យសារព័ត៌មានមួយ ដែលស្និទ្ធនឹងរដ្ឋាភិបាលកែតម្រូវការចុះការចុះផ្សាយរបស់ខ្លួនឡើងវិញ ដោយថាការចុះផ្សាយកន្លងទៅ បានប្រាសចាកពីការពិត និងជំរុញឲ្យពួកគាត់រងគ្រោះកាន់តែខ្លាំងថែមទៀត។

នៅប៉ុន្មានថ្ងៃនេះ អ្នកមានជម្លោះដីធ្លីប្រមាណជា១០០នាក់ បានធ្វើយុទ្ធនាការដើដាក់ញត្តិនៅខុទ្ទការល័យនាយករដ្ឋមន្ត្រី រូមទាំងស្ថាប័នជាតិ និងស្ថាប័នអន្តរជាតិមួយចំនួនទៀតនៅកម្ពុជាដើម្បីជំរុញឲ្យពន្លឿន​រកដំណោះស្រាយលើជម្លោះដីធ្លីរបស់ពួកគេ ដែលបានអូសបន្លាយជាង១០ឆ្នាំមកហើយនោះ។

កាលពីថ្ងៃទី១៧សីហាឆ្នាំ២០១៧ សារព័ត៌មាន Fresh News បានចុះផ្សាយតាមលិខិតមិត្តអ្នកអាន ដោយលើកឡើងថា «ការតវ៉ារឿងជម្លោះដីធ្លីសព្វថ្ងៃ គឺធ្វើឡើងតាមការចាត់តាំងរបស់អង្គការសង្គមស៊ីវិល»។

អ្នកតវ៉ាម្នាក់ក្នុងចំណោម១០០នាក់ គឺអ្នកស្រី ផាវ ញើង បាននិយាយថា ការចុះផ្សាយនោះជារឿងមិនពិតនិងគ្មានវិជ្ជាជីវៈ ដោយថា ការឡើងមកតវ៉ាដល់ភ្នំពេញនេះ មិនមានការរៀបចំដោយអង្គការសង្គមណាមួយនោះទេ គឺពួកគាត់បាត់បង់ដីធ្លីដោយសារក្រុមហ៊ុនរំលោភយកពិតមែន។

អ្នកបន្តថា៖ «កាលដែលចេញផ្សាយខុសការពិតមានបញ្ហាប៉ះពាលដល់សិទ្ធិប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ហើយអត់មានអង្គការនៅពីក្រោយខ្នង អត់មានអ្នកណារៀបចំឲ្យផងគឺដោយឆន្ទៈពួកគាត់ ហើយបែរជាចុះផ្សាយទៅចោទអ្នកនេះអ្នកនោះ វាហាក់បីដូចលាបពណ៌និងរើសអើងទៅលើពួកខ្ញុំជាជនរងគ្រោះថែមទៀត»។

អ្នកស្រីបានសុំឲ្យសារព័ត៌មាន Fresh News ធ្វើការកែតម្រូវការចុះការចុះផ្សាយរបស់ខ្លួនឡើងវិញនិងសុំសារព័ត៌មានមួយនេះ ចុះទៅសិក្សាដល់កន្លែងដីដែលពួកកំពុងមានជម្លោះផងដែរ។

វិអូឌីមិនអាចសុំការឆ្លើយតបពីតំណាងសារព័ត៌មាន Fresh News បានទេ ចំពោះករណីនេះ ប៉ុន្តែតំណាងពលរដ្ឋដែលចូលជួបដល់ក្នុងការិយាល័យផ្ទាល់ឲ្យដឹងថា ខាង Fresh News សន្យានឹងពិនិត្យអត្ថបទនោះឡើងវិញ ហើយថាបើមានកំហុសនឹងធ្វើការកែតម្រូវ។

នាយកលេខាធិកាដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ បានច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មាន Fresh News នេះ ដោយថាការផ្ទុះឡើងរឿងតវ៉ាដីធ្លីរបស់អ្នកភូមិ ដោយសាររដ្ឋាភិបាលដោះស្រាយជម្លោះរបស់ពួកគេមិនមានប្រសិទ្ធភាពនិងមិនមានតម្លាភាព។

លោកបន្តថា ការចុះរបស់សារព័ត៌មាន Fresh News នោះ គឺជាការប្រមាថនិងមាកងាយដល់ប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំងនោះ។

លោកបន្ថែមថា៖ «នេះខ្ញុំគិតថាជាមើលដល់ប្រជាពលរដ្ឋដល់អ្នករង់គ្រោះដីធ្លីធ្ងន់ធ្ងរណាស់ ហើយខ្ញុំគិតថា យើងជាអ្នកចេះដឹង ហើយយើងជាអ្នកសារព័ត៌មានវិជ្ជាជីវៈថ្លៃថ្នូរ យើងមិនអាចប្រមាថមើលងាយអ្នកដ៏ទៃ បើទោះជាពួកគាត់ជាអ្នកក្រីក្រ គាត់ជាអ្នករងគ្រោះគាត់ក៏ជាមនុស្សម្នាក់ដែរ។ យើងឃើញថាជម្លោះដីធ្លី មានការតវ៉ាទូរទាំងប្រទេសកន្លងមកនេះ ខ្ញុំគិតថា ប្រសិនបើរដ្ឋាភិបាលឲ្យល្អដូច លោក ជា សុផារ៉ា ដោះស្រាយរឿងអាគារប៊ូឌីង ខ្ញុំជឿថាមិនការតវ៉ារបៀបនេះទៀតទេ»។

ក្រុមពលរដ្ឋអះអាងថា ប្រសិនសារព័ត៌មានមួយនេះ មិនធ្វើការកែតម្រូវទេ ពួកគេនឹងត្រឡប់តវ៉ាម្តងទៀត ដោយដាក់ជាលិខិតជាផ្លូវការ។

គួររលឹកថា ពលរដ្ឋខេត្តកោះកុង២០០គ្រួសារ នៅស្រុកស្រែអំបិល និងស្រុកបុទមសាគរខេត្តកោះកុង មានជម្លោះដីធ្លីក្រុមហ៊ុននៅក្នុងខេត្តនេះគឺ ក្រុមហ៊ុនក្រុមហ៊ុនកោះកុងស៊ូហ្គឺ និងក្រុមហ៊ុនកោះកុងភ្លែនថេសិនរបស់ លោក ហេង ហ៊ុយ ដោយថា បានបាត់បង់ដីទំហំ៨៤១ហិកតាតាំងពីឆ្នាំ២០០៦និងខ្លះ២០០៩៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required