សិស្សថ្នាក់ទី១២ថាត្រៀមខ្លួនរួចរាល់សម្រាប់ការប្រលងសប្តាហ៍ក្រោយ

សិស្សានុសិស្សថ្នាក់ទី១២ត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របាក់ឌុប

ក្រុមសិស្សានុសិស្សថ្នាក់ទី១២ឲ្យដឹងថា ពួកគេពុំមានការព្រួយបារម្ភ និងបានត្រៀមខ្លួនយ៉ាងល្អ សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របាក់ឌុប នៅដើមសប្តាហ៍ក្រោយនេះ។

ការប្រលងសញ្ញាប័ត្រទុតិយភូមិ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ខែសីហាឆ្នាំ២០១៧ ដោយមានរយៈពេលពីរថ្ងៃ ហើយនៅឆ្នាំនេះ បេក្ខជនចូលរួមប្រឡងសរុប មានចំនួនជាង១០ម៉ឺននាក់ ពោលកើនឡើងប្រមាណជិត១ម៉ឺននាក់ បើធៀបនឹងឆ្នាំកន្លងទៅ។

យុវសិស្សថ្នាក់ទី១២ គឹម វុទ្ធីយុត្រា រៀននៅវិទ្យាល័យបាក់ទូក បានបង្ហាញពីភាពជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួន ហើយថា សង្ឃឹមច្រើននៅក្នុងការប្រលងនេះ ព្រោះលោកបានប្រឹងប្រែងរៀនសូត្រអស់រយៈពេលមួយឆ្នាំរួចមកហើយ។

លោកថា៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំជឿជាក់៧០% ដោយសារខ្ញុំខិតខំប្រឹងរៀន ទាំងរៀនគួរនៅ [សាលា] ជ័យថាវី ហើយរៀនខ្លួនឯងបន្ថែម។ ប្តេជ្ញាចិត្តថានឹងមើលមេរៀនឲ្យបានច្រើន ហើយព្យាយាមធ្វើលំហាត់ឲ្យបានច្រើន ដើម្បីពេលប្រលងខ្ញុំទទួលបានលទ្ធផលល្អ ហើយនឹងខំប្រឹងប្រែងពេលប្រឡង យ៉ាងណាធ្វើឲ្យទទួលបានលទ្ធផលល្អ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ»។

ចំណែកឯយុវតី ឃី ម៉ានុត សិស្សរៀននៅវិទ្យាល័យបាក់ទូកដូចគ្នា ក៏បានបង្ហាញចំណាប់អារម្មណ៍ប្រហាក់ប្រហែលគ្នាដែរ ដោយថា ត្រេកអរ ដោយសារបានត្រៀមគ្រប់យ៉ាងរួចជាស្រេច សម្រាប់ប្រយុទ្ធនៅថ្ងៃប្រលង ហើយរូបនាងសប្បាយចិត្ត ក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួន។ កញ្ញា ជឿថា ខ្លួនអាចទទួលលទ្ធផលល្អទៀតផង នៅក្នុងការប្រលងនេះ។

ម៉ានុត និយាយថា៖ «ត្រៀមខ្លួនយូរមកហើយដែរ និយាយទៅមួយឆ្នាំមក គឺត្រៀមមករហូត ដូចជាការរៀនគួរ រៀនបន្ថែមខ្លួនឯងនៅផ្ទះ រៀនជាក្រុម ហើយការមើលមេរៀន ធ្វើលំហាត់ ខ្ញុំជឿជាក់៨០% ជឿជាក់ថា អាចធ្វើបាន អាចសង្ឃឹមបាននិទ្ទេស B ឬ C»។

ចំពោះ យុវតី ផែន តាំងងីម ដែលមកពីវិទ្យាល័យព្រៃដើមថ្នឹង នៅខេត្តព្រៃវែង បានបង្ហាញទស្សនៈយល់ឃើញថា ការប្រលង គ្មានអ្វីខុសគ្នាទេ ពីមួយឆ្នាំទៅមួយឆ្នាំ សំខាន់បេក្ខជនប្រលងទាំងអស់ត្រូវប្រឹងប្រែង និងមានភាពជឿជាក់លើសមត្ថភាពរបស់ខ្លួន ទើបអាចសម្រេចបានជោគជ័យ។

តាំងងីម និយាយថា៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថា អាចធ្វើបាន ដោយសារការប្រឹងប្រែងរបស់ខ្ញុំកន្លងមក គឺខ្ញុំអាចជឿជាក់លើខ្លួនខ្ញុំបាន។ អ្វីដែលនៅចំពោះខ្ញុំ ខ្ញុំគិតថា គ្រាន់តែជារឿងធម្មតា វាគ្មានអីសំខាន់សម្រាប់យើងទេ ព្រោះនេះជាថ្ងៃសំខាន់របស់យើង ចឹងត្រូវតែធ្វើឲ្យបាន ហើយក៏គ្មានការភ័យព្រួយអីទៀតដែរ ព្រោះអីយើងត្រៀមខ្លួនទុកមុនហើយ»។

យុវសិស្ស មកពីខេត្តព្រៃវែងរូបនេះ ក៏បានផ្តាំផ្ញើរដល់សិស្សទី១២ ដែលត្រូវប្រលងគ្រប់រូបត្រូវព្យាយាមទាំងអស់គ្នា ហើយមិនត្រូវមានអារម្មណ៍ភ័យខ្លាច ថែរក្សាសុខភាពឲ្យល្អ ដើម្បីសម្រេចបានភាពជោគជ័យនាពេលប្រលង។

យុវតី តាំងងីម និយាយថា៖ «ជូនពរទាំងអស់គ្នាឲ្យប្រលងជាប់ទាំងអស់គ្នា ហើយការភ័យព្រួយគឺគ្មានសម្រាប់យើងទាំងអស់គ្នាទេ ព្រោះថាយើងជឿជាក់លើសមត្ថភាពរបស់យើងថាអាចធ្វើទៅបាន»។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លោក ហង់ ជួនណារ៉ុន បានមានប្រសាសន៍កាលពីថ្ងៃទី១៧សីហាថា សូមឲ្យបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ សំណាងល្អ ហើយត្រូវមានភាពជឿជាក់លើខ្លួនឯង ក៏ប៉ុន្តែមិនត្រូវប្រព្រឹត្តិបទល្មើសណាមួយនៅពេលប្រលងឡើយ។

លោកថា៖ «សូមឲ្យប្អូនៗទាំងអស់គ្នា កុំឲ្យមានការភ័យខ្លាច ហើយមានជំនឿជឿជាក់លើខ្លួនឯង ប៉ុន្តែប្អូនៗ ត្រូវគោរពទៅតាមបទបញ្ញតិ្តរបស់ក្រសួងអប់រំយុវជន និងកីឡា គោរពវិន័យ ហើយត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីកំលាំងកាយចិត្តរបស់ខ្លួនឯង ដើម្បីប្រលងឲ្យទទួលបាននូវជោគជ័យ សូមឲ្យដំណើរការប្រលងរលូន»។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ លើកឡើងថា ការបានត្រៀមខ្លួនរួចរាល់របស់សិស្សានុសិស្សថ្នាក់ទី១២ ជាការមួយល្អប្រសើរ ក៏ប៉ុន្តែ លោកថា ពួកគេត្រូវតែគោរពវិន័យ និងបទបញ្ជានៅពេលប្រលងបន្ថែមទៀត ទើបអាចទទួលបានជោគជ័យ។

លោកមានប្រសាសន៍ថា៖ «ការពិតគាត់ត្រៀមខ្លួនហើយ ប៉ុន្តែអ្វីដែលត្រូវបន្ថែមទៀតនោះគឺត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ ព្រោះអីបើសិនជាយើងមានការភ្លាំងភ្លាត់ណាមួយ ដែលអ្នកសង្កេតការណ៍ គេអាចរកឃើញថាមានកំហុស ចឹងគាត់ពូកែហើយ តែគាត់ភ្លាត់ស្នៀត គាត់មិនបានធ្វើតាមការណែនាំបានល្អ គាត់ត្រូវគេដកពិន្ទុ ឬក៏គេបញ្ឈប់ពីការប្រលង ជាចំណុចមួយដែលបេក្ខជនមិនត្រូវមើលរំលង»។

បើតាមលោក សន ជ័យ ការធ្វើកំណែទម្រង់ ដែលស្ថិតក្រោមអាណត្តិរបស់រដ្ឋមន្រ្តីក្រសួងអប់រំថ្មីនេះ សិស្សហាក់មានពេលត្រៀមខ្លួនបានច្រើនជាងមុន ហើយពួកគេ ក៏បានផ្លាស់ប្តូរទម្លាប់ពីការប្រលង ដោយលួចមើលឯកសារ មកជាការខិតខំប្រឹងប្រែងរៀនសូត្រវិញ។​

បើតាមក្រសួងអប់រំ ការប្រឡងឆ្នាំនេះ មាន​មណ្ឌល​សរុប ១៧៨​មណ្ឌល នៅ​ទូទាំង​ប្រទេស។ ចំណែក​លទ្ធផល​នៃ​ការ​ប្រឡង នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​១២ខែ​កញ្ញា ​នៅ​រាជ​ធានី​ភ្នំពេញ និង​នៅ​ថ្ងៃ​ទី​១៣ខែ​កញ្ញា នៅ​តាម​បណ្ដា​ខេត្ត​នានា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ