វិភាគ៖ គណបក្សប្រឆាំងស្ថិតនៅលើផ្លូវតូចចង្អៀតទៅកាន់ការបោះឆ្នោត

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 5:00 PM | បទវិភាគ | 0 | 2185 ការ​ហែរក្បួន​ទ្រង់​ទ្រាយ​ធំម្តង​ទៀត​ នាព្រឹកថ្ងៃទី២៨ ឧសភានេះ​

នៅសល់ពេលតែមួយឆ្នាំទៀតប៉ុណ្ណោះ ការបោះឆ្នោត​ថ្នាក់ជាតិ​ដើម្បី​ជ្រើសរើ​សតំណាងរាស្ត្រ​ឬហៅម្យ៉ាងទៀតថា ដើម្បីរើសមេដឹកនាំ​រដ្ឋា​ភិបាលឬនាយករដ្ឋមន្រ្តី​ នឹង​ចូលមកដល់ ពោល​នៅថ្ងៃទី​២៩​ខែ​កក្កដាឆ្នាំ២០១៨។

ខណៈពេលនេះ គណបក្សប្រឆាំងនិងគណបក្សនៅក្រៅ​រដ្ឋាភិបាល​ជាច្រើន​កំពុងតែ​ស្ថិតនៅលើ​ផ្លូវ​តូច​ចង្អៀត​មួយដែល​អ្នកវិភាគមើលឃើញថា «ត្រូវបានគណបក្ស​កាន់​អំណាច​បង្រួមផ្លូវ​ឲ្យ​ដើរ​​នៅ​លើ​មាត់ជ្រោះ​ដ៏គ្រោះថ្នាក់មួយ»។

ផ្លូវតូច​ចង្អៀត​ទៅ​កាន់​ការ​បោះឆ្នោត​តាម​បែបប្រជាធិបតេយ្យនៅកម្ពុជាសម្រាប់​ក្រុម​គណបក្ស​មិន​កាន់​អំណាច ត្រូវបាន​បង្ហាញឲ្យ​ឃើញ​កាន់​តែ​ច្បាស់​នៅពេល​កន្លង​ទៅ​ថ្មីៗនេះ។

ការ​ធ្វើ​វិសោធនកម្ម​ឬកែច្បាប់​ស្តី​ពីគណបក្ស​នយោបាយ​ជាលើកទី២តាម​ការ​ចង់​បាន​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និងការ​ផាត់​លោក សម រង្ស៊ី មិនឲ្យឈរនៅ​ពីក្រោយ​គណបក្សសង្រ្គោះជាតិ គឺត្រូវ​បានអ្នក​វិភាគ​កត់​សំគាល់់ថា «ជាសម្ពាធ​ដ៏ធំមួយ​សម្រាប់​គណបក្សសង្រ្គោះជាតិ» ក្នុ​ង​ការ​ហ្វឹកហាត់​មុនឡើង​សង្វៀន​ប្រកួត​ផ្តាច់​ព្រាត់​នៅឆ្នាំ​២០១៨។

ស្រប​ពេល​ច្បាប់​ដ៏ចម្រូងចម្រាស់នេះ​ត្រូវបានគេអនុវត្ត គណបក្សសង្រ្គោះជាតិកំពុងតែ​ដុត​ដៃ​ដុតជើង លុប​រូបភាពលោក សម រង្ស៊ី ចាប់​ដៃលើកឡើងលើជាមួយលោក កឹម សុខា ចេញ​ពី​ស្លាក​គណបក្សរបស់​ខ្លួន ដោយ​រក្សា​ទុក​តែ​រូប​សញ្ញាព្រះអាទិត្យប៉ុណ្ណោះ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ការដករូបលោក សម រង្ស៊ី ចេញពីស្លាកគណសង្គ្រោះវិញនេះ លោកវិភាគថា គ​ណ​បក្សនេះអាចនឹងធ្លាក់ចុះប្រជាប្រិយភាពបន្តិចវិញ បើអ្នកមានភក្តីភាពនឹងលោក សម រង្ស៊ី គ្មានជំ​នឿ​លើ​​ក្បាលម៉ាស៊ីនដឹកនាំថ្មី។

លោកថា៖ «គណបក្សសង្គ្រោះជាតិ វាចេញពីឫសគល់សំខាន់ គឺអ្នកហែហម ដែលឲ្យតម្លៃខ្លាំង​ទៅលើ​លោ​ក ស​ម រង្ស៊ី ។កាលណាដករូបលោកចេញទៅ ធ្វើឲ្យអ្នកគាំទ្រហ្នឹង គិតថា លោក សម រង្ស៊ី បានដាច់​ស្រឡះ​ពីគណបក្សសង្គ្រោះជាតិ។ ដូច​នេះប្រជាប្រិយភាពហ្នឹង វាអាចថមថយខ្លះ។ ប៉ុន្តែវាមិនទាំងស្រុងទេ ដោយសារតែបរិបទ បរិយា​កាស​[ប​ច្ចុ​ប្ប​ន្ន]នេះ គណបក្សប្រជែ​ង[បក្សប្រឆាំង]​នឹងប​ក្សកាន់អំណាច អត់មានគណបក្សណាធំ ដូចគ​ណប​ក្ស​ស​​ង្គ្រោះ​ជាតិទេ​»។

ដោយ​សារតែ​គណបក្សសង្រ្គោះជាតិ ស្ថិត​នៅ​លើ​ផ្លូវ​មួយដែល​ត្រូវ​បាន​គេ​គូសឲ្យ​ដើរ​យ៉ាង​ប្រយ័ត្ន​ប្រយ៉ែងនោះ ប្រធានគណបក្ស​សង្រ្គោះជាតិ បាន​ប្តូរ​វិធី​សាស្ត្រ​រិះគន់តាម​វេទិកាជាសាធារណៈទៅជាយុទ្ធសាស្ត្រ «​មិន​ឈ្លោះ មិនឆ្លើយ មិនឆ្លង»។

អ្នកវិភាគនយោបាយ លោក ឆាំ ប៊ុនថេត លើកឡើងថា ជាការល្អទៅវិញទេ ដែលគណ​បក្សស​ង្គ្រោះ​​ជាតិ​ចេះសម្របខ្លួនតាមស្ថានការណ៍នយោបាយ។

លោក ឆាំ ប៊ុនថេត វិភា​គទៀតថា ការសម្រេច​ចិត្តបែបនេះ នឹងធ្វើ​ឲ្យអ្នកគំាទ្រកាន់តែ​មើលឃើញច្បា​ស់ថា ​គ​​​​​ណ​ប​ក្សប្រឆាំងនេះ​ មិន​មែ​​​ន​​ជា ​​​របស់បុគ្គលណាមួយផ្តាច់មុខនោះទេ ហើយពឹងផ្អែកតែមេដឹកនាំម្នាក់ឬពីរនាក់នោះឡើយ ពោលគឺត្រូវបង្កើតគោ​លនយោបាយដោះ​ស្រា​យ​ប​ញ្ហា​​ជាតិ ឆ្លើ​យតបនឹងបញ្ហាសង្គមពិតៗ។

លោកថា៖ «អញ្ចឹងបើសិនក្នុងចេតនាចង់ដោះស្រាយវិបត្តិជាតិ គួរជជែករឿងគោលការណ៍ជាតិឲ្យបានច្រើន ថាតើជា​តិត្រូវ​ដោះ​ស្រាយរបៀបណា? ដើម្បីឲ្យមានសេដ្ឋកិច្ចប្រសើរឡើង ដើម្បីឲ្យមានសន្តិសុខជាងមុន ដើម្បីឲ្យ​មានប្រ​​ព័ន្ធ​យុត្តិធម៌ល្អជាងមុន ហើយឈប់យកអាចំណុចជាទង្វើអាក្រក់របស់អ្នកដទៃ មកធ្វើជាចំណុចខ្លាំងខ្លួនឯង​ ដោយមិនបានកសាងអាសេចក្តីខ្លាំងខ្លួនឯង»។

គួរកត់​សំគាល់ថា ឲ្យតែជិត​ដល់​ពេល​បោះឆ្នោត​ម្តងៗ មេដឹកនាំគណបក្ស​ប្រឆាំង​ តែងតែ​ចុះ​ជួប​ពលរដ្ឋនៅតាម​​មូលដ្ឋានយ៉ាង​សកម្ម ជាពិសេស​ជួប​កម្មករ​នៅតាម​បណ្តា​រោ​ងចក្រ​ ដោយ​ឆ្លៀត​បង្ហាញនូវ​គោល​នយោយបាយ​របស់​គណបក្សទៀតផង។ ប៉ុន្តែ​ពេលនេះ សកម្ម​ភាព​​​ទាំងនោះ​របស់​គណបក្សសង្រ្គោះជាតិ​ហាក់​បាន​ថមថយ​ជាងមុន ដោយសារតែ​លោក សម​ រង្ស៊ី ត្រូវបានគេផាត់ចេញគណបក្ស ហើយរស់នៅក្រៅប្រទេស។

យ៉ាងណាក៏ដោយ​ សកម្មភាពចុះជួប​ពលរដ្ឋនៅតាមមូលដ្ឋាននេះ ​ត្រូវបានជំនួសមកវិញ​ដោយ​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ហើយ​លោកក៏គ្រោង​ចុះជួបកម្មករ​នៅតាម​បណ្តារោងចក្រ​ដែរ​។

សម្រាប់​គណបក្សសង្រ្គោះជាតិ ដែល​ពេល​នេះ​ត្រូវបានគេ​ កាត់ដៃ​ម្ខាងចេញ (មិនឲ្យលោក សម រង្ស៊ី ធ្វើនយោបាយ) ហើយ​ថែម​ទាំង​មិនសូវ​មាន​ថវិកា​សម្បូ​ហូរហៀរផងនោះ គឺមានតែពឹងលើ​ទឹក​ចិត្ត​ពលរដ្ឋ​ដែល​យល់​ពីស្ថានភាពនេះ។

ចំណែកការ​ចាប់​ខ្លួន លោក ញឹក ប៊ុនឆៃ និង​លោក សួន សេរី​រដ្ឋា គឺត្រូវ​បានអ្នក​វិភាគ​កត់​សំគាល់់ថា ជាសញ្ញា​គំរាម​មិនឲ្យ​អ្នកគាំទ្រគណបក្សខ្មែរួបរួមជាតិ និងអ្នកគាំទ្រគណបក្សអំណាច​ខ្មែរ​ ងាកទៅគាំទ្រគណបក្សសង្រ្គោះជាតិ ស្របពេល​ដែល​ លោក ញឹក ប៊ុនឆៃ បានទាក់​ទងជាមួយ លោក អេង ឆៃអ៊ាង ហើយ​លោក សួន សេរី​រដ្ឋា ប្រកាស​មិន​ចូល​រួម​បោះឆ្នោតជាតិ​ឆ្នាំ​២០១៨។

ថ្វីត្បិតតែមិននិយាយចំៗ ករណីចាប់ខ្លួនលោក ញឹក ប៊ុនឆៃ និង​លោក សួន សេរី​រដ្ឋា តែលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី១៣ខែសីហា បានសរសេរថា «សូមកុំចូលលេងល្បែងរបស់គេ សូមធ្វើតែអ្វី ដែលយើងត្រូវធ្វើតាមរយៈ ផែនការសកម្មភាព ដែលយើងកំណត់នេះទៅបានហើយ»។

ផែនការយុទ្ធសាស្រ្ដ របស់លោក កឹម សុខា គឺគណបក្សសង្រ្គោះជាតិ មិនធ្វើអ្វីឲ្យ “ប្រជាពលរដ្ឋខ្មែរ មានការភ័យខ្លាច” និង “មិនឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិជាដាច់ខាត”  ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ “អហិង្សានិងផែនការជាវិជ្ជមាន” ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ យល់ថា ការ​ដែល​គណបក្ស​ប្រឆាំងរក្សា​ភាព​ស្ងៀមស្ងាត់ មិនឆ្លើយឆ្លងនៅពេលនេះ អាចធ្វើឲ្យពលរដ្ឋខ្លះខកចិត្ត ប៉ុន្តែក្នុង​កាលៈទេសៈ​នេះ លោកថាមិនចាំបាច់តបតនាំខាតពេលនោះទេ។

លោកយល់ថា «ក្រែងលោគេមានយុទ្ធសាស្ត្រថា មួយស្របក់នេះ គឺពាក្យខ្មែរថាសម្ងំយកពឹសក៏មិនដឹងដែរ ហើយដល់ពេលធ្វើយុទ្ធនាការបោះឆ្នោតផ្លូវការចេញមក ក៏ខ្ញុំមិនដឹងដែរ»។

អ្នកវិភាគកត់សំគាល់ថា យុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា គឺអាងលើកម្លាំងទ័ពក្នុងដៃ ការ​ប្រើ​ប្រាស់​ធនធានទាំងមនុស្ស និងហិរញ្ញវត្ថុ​សម្បូបែបរួមទាំងយុទ្ធសាស្ត្រគំរាមកំហែងផងដែរ។

យុទ្ធសាស្ត្រគំរាមកំហែងនេះ ត្រូវបានរបាយការណ៍​ស្ទង់មួយ រកឃើញថា នៅតែមាន​ប្រសិទ្ធិ​ភាពទៅ​លើ​ពលរដ្ឋដែល​ធ្លាប់​ឆ្លងកាត់​សង្រ្គាម ពោលគឺមនុស្សដែលមានវ័យចំណាស់ៗ ប៉ុន្តែ​សម្រាប់​យុវជន​ដែល​មិន​ធ្លាប់​ឆ្លងកាត់​សង្រ្គាមគឺការប្រើ​យុទ្ធសាស្ត្រគំរាមនេះមិនមានប្រសិទ្ធភាពទេ៕

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required