លោក សុខ ទូច៖​ សម្តេច ហេង សំរិន ទេជាអ្នកយកដីវៀតណាមនៅ

លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា (FB: លោក សុខ ទូច)

ប្រធានរាជបណ្ឌិតសភាកម្ពុជាថ្លែងថា​ បើអ្នកណាមួយដឹងថា មានប្រទេសជិតខាងឈ្លានពាន​ចូលទឹក​ដីកម្ពុជាឲ្យប្រាប់រូបលោកហើយថា ចំពោះករណីចោទវៀតណាមទន្ទ្រានយកដីកម្ពុជាក្បែរផ្ទះលោក ហេង សំរិន នោះគឺលោកថា មិនពិតទេ។​

នៅក្នុងសន្និសីទស្តីពីស្ថានភាពព្រំដែននៅព្រឹកនេះ លោក សុខ ទូច​ បានច្រានចោល​ចំពោះការចោទថា វៀតណាម​ឈ្លានពាន​ផ្ទះ លោក ​ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដោយលោកថា លោក ហេង សំរិន ទេ ជាអ្នក​យកដីវៀតណាម​រស់នៅ។​ លោកថ្លែងថា «សម្តេច ហេង សំរិន ទេ ជាអ្នកយកដីវៀតណាមនៅនោះ។ ដោយសារ គាត់នៅទៅ De Facto គាត់នៅយូរទៅ ដោយសារទម្លាក់ផែនទីទៅ ដីលោកតាហេង សម្តេច ហេង សំរិន នោះ បានទៅវៀតណាម​ ប៉ុន្តែគាត់នៅយូរ…»

ក្នុងពេលសន្និសីទនោះ លោក សុខ ទូច ក៏បានព្រមាន​ចំពោះអ្នកដែលនិយាយថា វៀតណាម​ឈ្លានពានបូរណភាពទឹកដីកម្ពុជា ដោយមិនមានភស្តុតាងអាចព្រឈមមុខផ្លូវច្បាប់។​

ទន្ទឹមនឹងការលើកឡើងពីបូរណភាពទឹកដីនេះ លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង នៅក្នុងវេទិកាមួយនៅខេត្តកំពង់ធំនៅថ្ងៃនេះថ្លែងថា គោលដៅគណបក្សរបស់លោក ចង់ឲ្យប្រទេសមានឯករាជ្យ បូរណភាពទឹកដីពេញលេញមិនរណបបរទេស។​

អ្នកវិភាគបញ្ហាសង្គម លោក ឡៅ ម៉ុងហៃ មិនបកស្រាយបញ្ហាព្រំដែននៅចំណុចផ្ទះ លោក ហេង សំរិន ទេ ប៉ុន្តែលោក​ថា ការរឹតត្បិតមិនឲ្យមហាជននិយាយពីបញ្ហាព្រំដែននោះមិនមែនជាការល្អទេ លោក​ថា អ្នកធ្វើការងារពាក់ព័ន្ធព្រំដែន​គួរស្តាប់សម្តីមហាជនឬ រៀបចំជាវេទិកាសាធារណៈដើម្បីពិគ្រោះពីបញ្ហាទាំងនេះ។​

លោក​មាន​ប្រសាសន៍ថា៖ «បើ​យល់​ល្អណា ពី​បញ្ហា​ព្រំដែន​ដែល​ធ្លាប់​មាន​នោះ គឺ​គួរ​តែ​ធ្វើ​កម្មវិធីមួយ​ គម្រោង​មួយ​ដែល​អាច​ទៅ​សួរ​អ្នក​ស្រុកចាស់ៗ​ ដែល​ធ្លាប់​រស់​នៅ​ទី​នោះ ថាតើ​ពី​មុន​នោះ គាត់​ចាំ​ថា​​ព្រំ​ប្រទល់​វា​នៅ​កន្លែង​ណា? … តែ​កាល​ណា​មាន​ការ​ចោទ​ប្រកាន់​ថា​មាន​ការ​និយាយ​ផ្តេស​ផ្តាស​អី​ហ្នឹង ចុះ​បើ​គេ​និយាយ​ការពិត? តើ​ច្បាប់​ដាក់​ទោស​អ្នក​និយាយ​ការពិត​ដែរ​ទេ?»

វីអូឌី មិនទាន់អាចសុំការបញ្ជាក់ពីលោក ហេង សំរិន បានទេនៅថ្ងៃនេះ ដោយទូរសព្ទហៅចូលច្រើនដង តែមិនមានអ្នកទទួល។​​

កន្លងមកមានការចោទថា ការដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម​ធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី ហើយថា សូម្បីផ្ទះជាភូមិកំណើត​លោក ហេង សំរិន ប្រធានរដ្ឋសភា នៅស្រុកពញ្ញក្រែកខេត្តត្បូងឃ្មុំ បច្ចុប្បន្ន​ក៏ត្រូវ​វាស់វែងទៅថា នៅក្នុងទឹកដីវៀតណាម​ដែរ។​ ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា ការដោះស្រាយបោះបង្គោលព្រំដែនជាមួយវៀតណាម ធ្វើឲ្យកម្ពុជា​ចំនេញទឹកដី គឺលោកថាផ្ទៃដីជាក់ស្តែងរបស់កម្ពុជាគឺធំជាង​១៨១ ០៣៥គីឡូម៉ែត្រការ៉េ៕

រាយការណ៍បន្ថែមដោយ កញ្ញា ហ៊ាង សុគន្ធារី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ