លោក ហ៊ុន សែន បំពាក់​មេដាយ​ដល់​កញ្ញា ធី សុវណ្ណថា

កញ្ញា ធី សុវណ្ណថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ , លោក ព្រាប សុវត្ថិ អ្នកនាង មាស សុខសោភា និងកញ្ញា ស៊ុន ស្រីពេជ្រ រាប់ពីឆ្វែងទៅស្តាំ

សកម្មជនហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា ដែលបច្ចុប្បន្នជាប្រធានអង្គការយុវជនកិច្ចការសង្គម ត្រូវបានរដ្ឋាភិបាលបំពាក់គ្រឿងឥស្សរិយយស ដែលរដ្ឋាភិបាលថា សកម្មជនរូបនេះ មានស្នាដៃក្នុងការចូលរួមថែរក្សា និងអភិរក្សបរិស្ថានធម្មជាតិ នៅក្នុងប្រទេសកម្ពុជា។

យោងតាមអនុក្រឹត្តចុះថ្ងៃទី១២ ខែសីហាកន្លងមក កញ្ញា ធី សុវណ្ណថា ដែលសកម្មក្នុងការរៀបចំវេទិកាសាធារណៈនាពេលបច្ចុប្បន្ននេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបំពាក់មេដាយមុនីសោភ័ណ្ឌ ថ្នាក់ធិបឌិន្ទ។

កញ្ញា ធី សុវណ្ណថា មិនមែនជាបុគ្គលតែម្នាក់ទេ ដែលបានទទួលគ្រឿងឥស្សរិយយសនេះ ប៉ុន្តែ ព្រះសង្ឃ ២អង្គ ក្នុងនោះមាន ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម តារាចម្រៀង លោក ព្រាប សុវត្ថិ អ្នកនាង មាស សុខសោភា និងកញ្ញា ស៊ុន ស្រីពេជ្រ ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបំពាក់មេដាយដូចគ្នាផងដែរ។

ជាមួយគ្នានោះ អង្គការអភិរក្សសត្វព្រៃចំនួន ២ និងក្រុមហ៊ុនឯកជនចំនួន ៣ ក៏ត្រូវបានរដ្ឋាភិបាលសម្រេចបំពាក់មេដាយដូចគ្នានេះផងដែរ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថាបុគ្គល និងស្ថាប័នទាំងនោះ “មានស្នាដៃល្អក្នុងការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ទាំងកម្លាំងកាយ-ចិត្ត ប្រាជ្ញាស្មារតី និងហិរញ្ញវត្ថុ ក្នុងបុព្វហេតុអភិរក្ស និងការពារធនធានធម្មជាតិកន្លងមក”។

ការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កើតឡើង១០ថ្ងៃមុនវេទិកាបរិស្ថានមួយ ដែលរៀបចំធ្វើឡើងនៅឯវិមានសន្តិភាព កាលពីថ្ងៃទី២២ ខែសីហាកន្លងមក និងជាង១ខែក្រោយពីលោកបានថ្លែងនៅឯខេត្តកោះកុងថា លោគាំទ្រចលនាមហាជន ដែលបានចូលរួមថែរក្សា និងអភិរក្សបរិស្ថានធម្មជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ