ក្រសួង​អប់រំនិងដៃគូរ​ប្រកាស​ប្រើ​ប្រាស់សៀវភៅ​គោលការណ៍ណែនាំ​ស្តីពី​ការ​ប្រឹក្សា​យោបល់​អាជីព

ក្រសួងអប់រំយុវជននិងកីឡា និងអង្គការជំនួយព្រះវិហារប្រទេសហ្វាំងឡង់ (FCA) ប្រកាសដាក់ឲ្យប្រើសៀវភៅស្តីពីគោលការណ៍ណែនាំប្រឹក្សាយោបល់អាជីព បន្ទាប់ពីទទួលបានជោគជ័យក្នុងគម្រោងសាកល្បងនៅក្នុងខេត្តបាត់ដំបង។

ការប្រកាសនេះ បានធ្វើឡើងក្នុងវេទិកាវិស័យអប់រំប្រទេសហ្វាំងឡង់លើកទី៣ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ គ្រូបង្រៀន  មន្រ្តីក្រសួងអប់រំ មន្រ្តីមន្ទីរអប់រំ និងមន្រ្តីអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការលើវិស័យអប់រំប្រមាណជាមួយរយនាក់បានចូលរួមក្នុងវេទិការយៈពេលពីរថ្ងៃនេះ។

ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំយុវជននិងកីឡា លោក រ័ត្ន សារ៉ា មានប្រសាសន៍ថាសៀវភៅប្រឹក្សាយោបល់អាជីពនេះត្រូវបានបង្កើតឡើងសម្រាប់ផ្តល់ការប្រឹក្សាយោបល់អាជីពដល់សិស្សកម្រិតមធ្យមសិក្សា។ លោកមានប្រសាសន៍ថាការផ្តល់ប្រឹក្សាយោបល់អាជីពជួយសិស្សឲ្យត្រៀមខ្លួនជាមុននិងគិតល្អិតល្អន់អំពីជំនាញសម្រាប់អនាគតឲ្យពួកគេដែលត្រូវជ្រើសរើស ការវាយតម្លៃភាពខ្លាំងនិងភាពខ្សោយរបស់ខ្លួនឯង រួមទាំងការគិតជាមុនថាតើពួកគេត្រូវរៀនអ្វីខ្លះដើម្បីសម្រេចគោលដៅដែលបានកំណត់នោះ។

លោកថា៖ «ជាលទ្ធផល វាបានកាត់បន្ថយការបោះបង់ចោលសាលារបស់សិស្ស ដោយសារតែសិស្សមានអារម្មណ៍ថាពួកគេកាន់តែជិតស្និត និងមានអ្នកប្រឹក្សាយោបល់នៅពេលដែលសិស្សានុសិស្សមានបញ្ហាលើការសិក្សារបស់ពួកគេ ឬក៏បញ្ហាផ្ទាល់ខ្លួន»

បើតាមរបាយការណ៍នៃប្រព័ន្ធព័ត៌មានគ្រប់គ្រងវិស័យអប់រំក្នុងឆ្នាំ២០១៥-២០១៦ បង្ហាញថា អត្រាបោះបង់ចោលការសិក្សាមាន១៩ភាគរយ សម្រាប់សិស្សក្រោមកម្រិតមធ្យមសិក្សា និង ២៤.៣ភាគរយ សម្រាប់សិស្សកម្រិតធម្យមសិក្សា។

តំណាងមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបងឲ្យដឹងថា អត្រាបោះបង់ចោលការសិក្សានៅទូទាំងខេត្តបាត់ដំបងនៅតែមានចំនួនខ្ពស់ តែលោកបានបញ្ជាក់ថាអត្រាបោះបង់ចោលការសិក្សានៅសាលាដែលមានផ្តល់ការប្រឹក្សាយោបល់អាជីពគឺមានការថយចុះ។

FCA បានផ្តួចផ្តើមគម្រោងផ្តល់ប្រឹក្សាយោបល់អាជីពក្នុងខេត្តបាត់ដំបងនៅក្នុងឆ្នាំ២០១៥។ គម្រោងនេះ បានសាកល្បងដោយបណ្តុះបណ្តាលគ្រូបង្រៀនចំនួន១០នាក់ ដែលធ្វើការនៅក្នុងសាលាវិទ្យាល័យ១ និងអនុវិទ្យាល័យ៣នៅក្នុងខេត្តបាត់ដំបងឲ្យក្លាយជាគ្រូផ្តល់ប្រឹក្សាយោបល់អាជីព។

នាយកប្រចាំប្រទេសកម្ពុជានៃអង្គការព្រះវិហារប្រទេសហ្វាំងឡង់ (FCA) លោកស្រី សារ៉ា ឡេមូសកូសស្គី (Saara Lehmuskoki) មានប្រសាសន៍ថាអង្គការនេះ មានផែនការគាំទ្រក្រសួងអប់រំដើម្បីផ្តល់ការបង្វឹកសមត្ថភាពដល់គ្រូបង្គោលនៅតាមសាលារៀនផ្សេងទៀតនៅទូទាំងប្រទេស។

គ្រូបង្គោលនៅវិទ្យាល័យអន្លង់វិល ក្នុងខេត្តបាត់ដំបង លោក ម៉ក់ ប៊ុនទិត្យ បង្ហាញថាការប្រឹក្សាធ្វើឡើងតាមរយៈវិធីសាស្រ្ត ប្រឹក្សានៅក្នុងថ្នាក់ ប្រឹក្សាទល់មុខ និងការចងបណ្តាញទាំងក្នុងនិងក្រៅសាលាដើម្បីពង្រីកទំនាក់ទំនង និងការយល់ដឹងរបស់សិស្ស។

គ្រូបង្គោលប្រឹក្សាអាជីពអនុវិទ្យាល័យអូរដំបង១ អ្នកនាង ហេង កញ្ចរ៉ា ចែករំលែកក្នុងវេទិកាថា គ្រូប្រឹក្សាផ្តល់ការប្រឹក្សាអំពីសីលធម៌ មុខវិជ្ជាដែលសិស្សសិក្សា ការជួយសិស្សដែលមានអារម្មណ៍ឯកោ និងរស់នៅក្នុងគ្រួសារដែលមានអំពើហឹង្សាក្នុងគ្រួសារ។ល។

លោក រ័ត្ន សារ៉ា មានប្រសាសន៍ថាក្រសួងមានយុទ្ធសាស្រ្តពង្រីកការប្រឹក្សាយោបល់អាជីពទៅលាសាផ្សេងទៀត ហើយទទូចឲ្យសាលានានាប្រើប្រាស់សៀវភៅស្តីពីគោលការណ៍ណែនាំនេះដែលក្រសួងនឹងដាក់ក្នុងគេហទំព័ររបស់ក្រសួងអប់រំ។

សៀវភៅសម្រាប់គ្រូបង្គោលប្រឹក្សាអាជីពមាន៣ផ្នែកសំខាន់។ ផ្នែកទី១ផ្តោតលើការស្គាល់ខ្លួនឯង ជីវិតនិងក្តីសុបិន្តនៃអាជីព ការសិក្សា ជំនាញនិងភាពខ្លាំង និងការអប់រំនិងជម្រើសនៃអាជីព។ ចំណែផ្នែកទី២ផ្តោតលើមេរៀន និងផ្នែកទី៣គឺផ្តោតលើការប្រឹក្សាយោបល់លើបញ្ហាការសិក្សានិងបញ្ហាផ្ទាល់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ