រដ្ឋាភិបាលយោធាថៃគ្រោងស្នើធ្វើបត្យាប័នជនសង្ស័យជេរប្រមាថរាជវង្ស

រដ្ឋាភិបាលយោធាថៃ បាននិយាយថ្ងៃនេះថា ប្រទេសនេះនឹងស្នើទៅប្រទេសដទៃ ឲ្យបញ្ជូនត្រឡប់មកវិញនូវមនុស្សទាំងឡាយ ដែលត្រូវបានសង្ស័យថា បានជេរប្រមាថព្រះមហាក្សត្ររបស់ខ្លួន ក្រោយពីការសោយទិវង្គតព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ កាលពីសប្ដាហ៍មុន។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Retuters។
ប្រទេសថៃកំពុងតែកាន់ទុក្ខរយៈពេល ១ឆ្នាំ ហើយប្រតិកម្មនានា កំពុងតែកើនឡើងខ្ពស់ ក្រោយពីការសោយទិវង្គតមហាក្សត្រអង្គនេះ បន្ទាប់ពីគ្រងរាជ្យសម្បត្តិអស់រយៈពេល ៧០ឆ្នាំ។
នៅក្នុងប្រទេសថៃ ការរិះគន់រាជវង្ស រាជានុសិទ្ធិ ឬក៏រាជទាយាទ គឺជាបទល្មើសដែលអាចជាប់ពន្ធនាគារដល់ទៅ ១៥ឆ្នាំ។
បើតាម Reuters រដ្ឋាភិបាលយោធា បាននិយាយថា ខ្លួនកំពុងតាមដានជនសង្ស័យជេរប្រមាថក្សត្រថៃ ដែលកំពុងរស់នៅឯបរទេស ដោយរដ្ឋាភិបាលយោធាថៃថា អ្នកជេរប្រមាថស្ដេចថៃទាំងនោះ ព្យាយាមបង្កចលាចលនៅក្នុងប្រទេសថៃ។
រដ្ឋមន្ត្រីយុត្តិធម៌ថៃ លោក ផៃប៊ូន ឃុមឆាយា បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលថៃនឹងស្នើសុំកិច្ចសហប្រតិបត្តិការ មិត្តភាព និងការគោរពពីបណ្ដាប្រទេសទាំងនោះ ហើយថៃសង្ឃឹមថា ប្រទេសទាំងនោះនឹងយល់ថា ជនជាតិថៃទាំងអស់ មិនអាចទទួលយកការជេរប្រមាថបាននោះឡើយ។
ប៉ុន្តែ លោក ផៃប៊ូន សារភាពថា មានឧបសគ្គផ្នែកផ្លូវច្បាប់ និងកាទូតជុំវិញការស្វែងរកធ្វើបត្យាប័ននេះ។
កាលពីសប្ដាហ៍មុន រដ្ឋាភិបាលថៃបានជំរុញទៅពលរដ្ឋខ្លួន ឲ្យរាយការណ៍ពីករណីជេរប្រមាថរាជវង្ស ទៅអាជ្ញាធរ។ ថៃក៏បានស្នើទៅក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត ឲ្យត្រួតពិនិត្យមើលខ្លឹមសារ និងបិទចោលនូវខ្លឹមសារមិនសមរម្យផងដែរ។
ជនជាតិថៃមួយចំនួន បានលើកឡើងបញ្ហានេះដោយខ្លួនឯង។ វីដេអូឃ្លីបជាបន្តបន្តដែលត្រូវបានបង្ហោះនៅលើអនឡាញប៉ុន្មានថ្ងៃមកនេះ បង្ហាញនូវក្រុមមហាជនចោទប្រកាន់មនុស្សម្នាថាបានប្រមាថមើលងាយរាជវង្សថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ