​វិភាគ៖ តើ​មាន​អ្វី​នឹង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ ក្រោយ​ការ​សោយ​ទិវង្គត​​ព្រះ​មហាក្សត្រ​ថៃ ភូមិបុល អាដុលយ៉ាតេជ?

បន្ទាប់ពីតស៊ូនឹងជំងឺជរាភាពអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ទីបំផុតទៅរដ្ឋាភិបាលថៃរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា កាលពីថ្ងៃទី១៣ ខែតុលាកន្លងមកថ្មីៗនេះ បានប្រកាសតាមទូរទស្សន៍ទៅកាន់សាធារណជនថា ព្រះមហាក្សត្រថៃ ភូមិបុល អាដុលយ៉ាតេជ បានសោយទិវង្គតក្នុងជន្មាយុ ៨៩ឆ្នាំ នៅឯមន្ទីរពេទ្យសិរីរាជ ៥ថ្ងៃក្រោយពីទ្រង់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលមន្ទីរពេទ្យនេះ។

រាជវាំងថៃបានប្រកាសនៅល្ងាចថ្ងៃនោះថា ក្រុមគ្រូពេទ្យថៃ បានព្យាយាមព្យាបាលព្រះរាជសុខភាពព្រះមហាក្សត្រថៃយ៉ាងយកចិត្តទុកដាក់អស់ពីសមត្ថភាពហើយ ប៉ុន្តែ អាការៈព្រះឈួនក្សត្រ ភូមិបុល កាន់តែធ្ងន់ធ្ងរ ក្រោយពីលាងសម្អាតព្រះលោហិត ឬលាងឈាមនៅក្នុងភាសារាស្ត្រសាមញ្ញ។

ខណៈដែលប្រជាជនថៃទូទាំងប្រទេសកំពុងកាន់ទុក្ខយ៉ាងសោកសៅចំពោះការសោយទិវង្គតព្រះមហាក្សត្ររបស់ពួកគេនេះ ស្ថានការណ៍នៅក្នុងប្រទេសថៃ បានស្ថិតក្នុងមន្ទិលសង្ស័យបន្តបន្ទាប់ថា តើនឹងមានអ្វីកើតឡើង នៅក្រោយសុវណ្ណគតនៃព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ។

ជាបឋម គ្មានទេការមើលរំលង ឬមើលស្រាលពីស្ថានការណ៍នយោបាយនៅក្នុងប្រទេសនេះ ជាទីដែលព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ ត្រូវបានប្រជាជនថៃ គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងជាទីដែលការបែកបាក់ខាងនយោបាយបន្តហ៊ុំព័ទ្ធប្រទេសនេះ ខណៈអំណាចនៃការគ្រប់គ្រងប្រទេសស្ថិតនៅក្រោមរដ្ឋាភិបាលយោធាដឹកនាំដោយលោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា ដែលបានដឹកនាំការធ្វើរដ្ឋប្រហារកាលពីខែឧសភា ឆ្នាំ២០១៤កន្លងមក ទម្លាក់របបគ្រប់គ្រងស៊ីវិលដឹកនាំដោយអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ប្អូនស្រីបង្កើតរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ី ស៊ីណាវ៉ាត់ ដែលក៏ត្រូវបានបណ្ដេញចេញពីអំណាចកាលពី ១០ឆ្នាំមុន តាមរយៈរដ្ឋប្រហារយោធាផងដែរ។

នៅក្នុងបញ្ហានយោបាយនេះ វាមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅទៅនឹងស្ថេរភាពនៃរបបរាជានិយមក្នុងប្រទេសថៃ និយាយដោយខ្លី វាពាក់ព័ន្ធនឹងទៅនឹងអនាគតព្រះមហាក្សត្រថ្មីរបស់ប្រទេសនេះ។ វាច្បាស់ហើយថា រាជទាយាទថៃ ព្រះអង្គម្ចាស់ មហាវិជ្ជរ៉ាឡុងកន នឹងឡើងសោយរាជ្យសម្បត្តិបន្តពីព្រះបិតារបស់ទ្រង់ បន្ទាប់ពីលោក ប្រាយុទ្ធ ច័ន្ទអូចា បានប្រកាសជាសាធារណៈអំពីព័ត៌មាននេះ បើទោះបីជាព្រះអង្គម្ចាស់ មហាវិជ្ជរ៉ាឡុងកន បានប្រកាសលើកពេលការរៀបចំពិធីឡើងគ្រងរាជ្យសម្បត្តិផ្លូវការទៅថ្ងៃក្រោយក៏ដោយ។

ប៉ុន្តែ អ្វីដែលជាក្ដីបារម្ភនោះគឺថា តើអនាគតក្សត្រថ្មីអង្គនេះ នឹងមានឥទ្ធិពលដូចព្រះបិតារបស់ទ្រង់ឬយ៉ាងណា។ កាលនៅមានព្រះជន្ម ព្រះមហាក្សត្រ ភូមិបុល ក្នុងឋានៈជាប្រមុខរដ្ឋ និងកងកម្លាំងយោធាថៃ ទ្រង់គឺជាអ្នកចុះហត្ថលេខាទៅលើការតែងតាំងមន្ត្រីកំពូលៗនៅក្នុងជួររដ្ឋាភិបាល និងជួរកងទ័ព។ សំខាន់បំផុតនោះគឺថា ក្សត្រ ភូមិបុល គឺជានិមិត្តរូបនៃឯកភាពជាតិថៃទាំងមូល និងទទួលបានការគោរពយ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាជនថៃទូទៅ។ ប៉ុន្តែ ព្រះអង្គម្ចាស់ មហាវិជ្ជរ៉ាឡុងកន ហាក់ផ្ទុយពីព្រះបិតារបស់ទ្រង់ទៅវិញ។

បន្ទាប់ពីការលេចធ្លាយនូវរូបថតដែលបង្ហាញពីរបៀបដែលរាជទាយាទអង្គនេះតែងកាយ និងវីដេអូឃ្លីបដែលបង្ហាញអតីតមហេសីរបស់ទ្រង់ អ្នកម្នាង ស្រ៊ីរក្ម្សី ស្ថិតក្នុងរាងកាយអាក្រាតស្ទើតែទាំងអស់ នៅក្នុងពិធីជប់លៀងខួបកំណើតឆ្កែសំណព្វចិត្ត កាលពីខែវិច្ឆិកា ឆ្នាំ២០០៩កន្លងមកនោះ ព្រះអង្គម្ចាស់ មហាវិជ្ជរ៉ាឡុងកន ត្រូវបានកាសែតញូវយ៉កថែមស៍របស់អាមេរិក ប្រដូចទៅនឹងផ្លេយប៊យរស់នៅតាមបែបអឺរ៉ុប។ រាជទាយាទព្រះជន្ម ៦៤ឆ្នាំរូបនេះ ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ផ្លូវការចំនួន ៣លើករួចមកហើយ ចាប់តាំងពីឆ្នាំ១៩៧៧។ មហេសីទី១ ព្រះនាង សោមសាវលី កិត្យាការ៉ា ដែលជាប្អូនស្រីជីដូនមួយខ្សែខាងមាតារបស់ទ្រង់ បានរៀបអភិសេកជាមួយទ្រង់នៅឆ្នាំ១៩៧៧ មុននឹងទ្រង់មានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងភាពយន្ត អ្នកនាង យុវធីតា ផុនប្រសឺត ចាប់តាំងពីចុងទសវត្សរ៍ ១៩៧០ ហើយរៀបអភិសេកជាផ្លូវការនៅឆ្នាំ១៩៩៤។ ចំណែកមហេសីទី ៣ ព្រះនាម ស្រ៊ីរក្ម្សី ស៊ូវ៉ាឌី ដែលបានរៀបអភិសេកកាលពីឆ្នាំ២០០១ និងបានរួមរស់ជាមួយគ្នារហូតដល់ចុងឆ្នាំ២០១៤ នៅពេលមហេសីអង្គនេះ ត្រូវបានដកហូតឋានៈក្នុងខ្សែរាជវង្សទាំងអស់។ បច្ចុប្បន្ននេះ ព្រះអង្គម្ចាស់ មហាវិជ្ជរ៉ាឡុងកន កំពុងមានទំនាក់ទំនងស្នេហាជាមួយអតីតនារីបម្រើលើយន្តហោះ អ្នកម្នាង សុធីតា វិជ្ជរ៉ាឡុងកន ដែលកំពុងរស់នៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ ព្រមទាំងមានកូនប្រុសម្នាក់ទៀតផង។

ជីវិតអាពាហ៍ពិពាហ៍ ហើយលែងលះជាបន្តបន្ទាប់បែបនេះ បានធ្វើឲ្យកិត្តនាមរបស់រាជទាយាទអង្គនេះ មានភាពស្រអាប់ និងបង្កឲ្យមានមន្ទិលសង្ស័យយ៉ាងច្រើនអំពីអនាគតរបស់រាជវង្សថៃ បន្ទាប់ការសោយទិវង្គតរបស់ព្រះមហាក្សត្រ ភូមិបុល ខណៈដែលរាជទាយាទអង្គនេះ បានប្រកាសលើកពេលរៀបចំការឡើងសោយរាជ្យសម្បត្តិជាផ្លូវការ។ កាសែតញូវយ៉ក ថែមស៍របស់អាមេរិក បានចុះផ្សាយថា កិត្តនាមស្រអាប់របស់រាជទាយាទអង្គនេះ បានជំរុញឲ្យមានមន្ទិលសង្ស័យថា រដ្ឋប្រហារយោធាឆ្នាំ២០០៤ អាចជាការប៉ុនប៉ងរបស់ពួកយោធា ដើម្បីពង្រឹងកណ្ដាប់ដៃរបស់ខ្លួនលើរដ្ឋាភិបាល មុននឹងមានការបន្តរាជ្យសម្បត្តិ និងធានានូវការផ្លាស់ប្ដូរដ៏រលូន។

កាសែត Independent របស់អង់គ្លេស បានផ្សាយថា ក្រុមវរជនធំៗរបស់ប្រទេសថៃ បានខ្វែងគំនិតគ្នាជុំវិញបញ្ហាថា តើនរណាគួរឡើងសោយរាជ្យបន្តពីក្សត្រ ភូមិបុល។ បើតាមកាសែតនេះ ក្រុមមេទ័ពថៃមួយចំនួន ពេញចិត្តម្ចាស់ក្សត្រី សិរិនថន ដែលជាអនុជរបស់ព្រះអង្គម្ចាស់ មហាវិជ្ជរ៉ាឡុងកន ដោយចង់ឲ្យម្ចាស់ក្សត្រីអង្គនេះ ឡើងសោយរាជ្យបន្តពីព្រះបិតារបស់ទ្រង់ ប៉ុន្តែ ច្បាប់ថៃបានហាមឃាត់បុត្រីមិនឲ្យឡើងគ្រងរាជ្យ។

សារទូរលេខកាទូតមួយនៅឆ្នាំ២០១០ ដែលបញ្ចេញដោយវេបសាយ Wikileaks បានលើកឡើងថា សមាជិកក្រុមអ្នកនយោបាយថៃ បង្ហាញក្ដីសង្ឃឹមថា ព្រះមហាក្សត្រ ភូមិបុល នឹងកែប្រែច្បាប់ដើម្បីតែងតាំងម្ចាស់ក្សត្រីអង្គនេះជារាជទាយាទ។ ក្រុមយវរជននយោបាយថៃ បានបង្ហាញពីការលូកដៃពីសំណាក់ម្ចាស់ក្សត្រី សិរិថន ចូលក្នុងនយោបាយ និងរារាំងការផ្ទេរហិរញ្ញវត្ថុ។ សារទូរលេខសម្ងាត់នោះ ឲ្យដឹងថា ក្រុមអ្នកនយោបាយថៃ មើលឃើញថា រាជទាយាទ មហាវិជ្ជរ៉ាឡុងកន មិនបានកែប្រែឥរិយាបថនោះឡើយ បើទោះបីជាទ្រង់មានព្រះជន្មដល់ ៥៧ឆ្នាំក៏ដោយ។

ទោះជាយ៉ាងណា ឥរិយាបថ និងជីវិតស្នេហារបស់ទ្រង់ គឺជាក្ដីបារម្ភមួយ ប៉ុន្តែ អ្វីដែលជំរុញឲ្យមានក្ដីបារម្ភកាន់តែខ្លាំងនោះ គឺទំនាក់ទំនងរបស់ទ្រង់ជាមួយអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីនណាវ៉ាត់។ បើតាមកាសែត Independent រាជទាយាទ មហាវិជ្ជរ៉ាឡុងកន ត្រូវបានគេដឹងថា គឺជាមិត្តភក្តិជាមួយលោក ថាក់ស៊ីន ពាណិជ្ជករទ្រព្យសម្បត្តិពាន់លានដុល្លារ និងជាអតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានបណ្ដេញចេញពីអំណាចកាលពីឆ្នាំ២០០៦។ ក្ដីបារម្ភពីសម្ព័ន្ធភាពដ៏ខ្លាំងក្លានេះ ត្រូវបានគេនិយាយថា គឺជាហេតុផលដែលនាំទៅរកការធ្វើរដ្ឋប្រហារយោធាកាលពីឆ្នាំ២០០៦ និងឆ្នាំ២០១៤កន្លងមក។

ជុំវិញភាពមិនច្បាស់លាស់នៅក្នុងរង្វង់នយោបាយថៃ អ្នកសិក្សាស្រាវជ្រាវ និងវិភាគនយោបាយអន្តរជាតិនៅវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានមានប្រសាសន៍ថា ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រថៃ លោក ប្រេម ទីនស៊ូឡានុន ដែលកំពុងឈរជាប្រមុខរដ្ឋស្ដីទី ខណៈពិធីសោយរាជ្យសម្បត្តិផ្លូវការ ត្រូវបានលើកពេលនោះ មិនមានទំនាក់ទំនងល្អជាមួយរាជទាយាទ មហាវិជ្ជរ៉ាឡុងកន នោះឡើយ

បើទោះបីជាស្ថានការណ៍នយោបាយថៃស្ថិតក្នុងមន្ទិលសង្ស័យក៏ដោយ ប៉ុន្តែ លោក ឈាង វណ្ណារិទ្ធិ ជឿថា វានឹងជះឥទ្ធិពលទៅដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងថៃនោះឡើយ ដោយលោកថា រដ្ឋាភិបាលកម្ពុជានាពេលសព្វថ្ងៃ មានគោលនយោបាយការបរទេសបត់បែនទៅតាមការផ្លាស់ប្ដូរនយោបាយនៅក្នុងប្រទេសថៃ។

ទោះជាយ៉ាងណា អ្នកវិភាគរូបនេះ ប្រាប់ថា សេដ្ឋកិច្ចនៃបណ្ដាប្រទេសក្នុងតំបន់ទន្លេមេគង្គ អាចនឹងមានរងផលប៉ះពាល់ ខណៈកំណើនសេដ្ឋកិច្ចថៃប្រឈមនឹងដើរថយក្រោយ ដោយសារការធ្លាក់ចុះទំនុកចិត្តវិនិយោគទៅលើប្រទេសនេះ នៅក្រោយសុវណ្ណគតព្រះមហាក្សត្រ ភូមិបុល។

លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ៖ «សេដ្ឋកិច្ចទី១ គឺទំនុកចិត្តរបស់អ្នកវិនិយោគ ពីព្រោះថា អ្នកវិនិយោគ មុននឹងទៅវិនិយោគនៅប្រទេសណាមួយ តំបន់ណាមួយ មើលលើស្ថេរភាពនយោបាយ។ អីចឹងទេ កន្លងទៅ ទុនវិនិយោគចូលទៅក្នុងប្រទេសថៃ មានការធ្លាក់ចុះ បើប្រៀបធៀបទៅនឹងមុនឆ្នាំ២០១៦។ អាហ្នឹង វាប៉ះពាល់ទៅដល់កំណើនសេដ្ឋកិច្ច។ នៅពេលស្ថាប័នព្រះមហាក្សត្រមិននឹងនរហើយ ឃើញទីផ្សារភាគហ៊ុនធ្លាក់ចុះតម្លៃតែម្ដង។ យើងមិនដឹងថា វានឹងវិវត្តទៅដល់កម្រិតណាទៀត ពីព្រោះថា អ្នកវិភាគនិយោគហ្នឹង និយាយឲ្យចំអ្នកទិញភាគហ៊ុនហ្នឹង ភាគច្រើន Emotional (មានក្ដីបារម្ភ) ពេលឃើញអ្វីមួយកើតឡើង ឬអស្ថេរភាពអ្វីមួយហ្នឹង ចាប់ផ្ដើមលក់ភាគហ៊ុនចេញ ជាគំហុកហ្នឹង ធ្វើឲ្យតម្លៃភាគហ៊ុនហ្នឹង វាធ្លាក់ចុះ។ យើងមើលផ្នែកទេសចរណ៍ ក៏អាចប៉ះពាល់ដែរ។ ក្រោយពីរដ្ឋប្រហារឆ្នាំ២០១៤មក យើងឃើញថា ទេសចរណ៍បានឡើងមកវិញ ព្រោះថា មានស្ថេរភាពនយោបាយនោះឯង។ អីចឹងបើវាត្រឡប់ទៅមានអស្ថេរភាពនយោបាយ វាអាចប៉ះពាល់ដល់វិស័យទេសចរណ៍នេះឯង»

កាលពីសប្ដាហ៍កន្លងមកនេះ សន្ទស្សន៍ហិរញ្ញវត្ថុថៃ បានខាតបង់ជាបន្តបន្ទាប់ បន្ទាប់ពីរាជវាំងថៃប្រកាសថា សុខភាពព្រះមហាក្សត្រ ភូមិបុល ស្ថិតក្នុងភាពមិននឹងនរ បើទោះបីជាសន្ទស្សន៍ភាគហ៊ុនថៃ បានងើបឡើងវិញបន្តិចក្ដីកាលពីចុងសប្ដាហ៍នេះ បន្ទាប់ពីដំណឹងសុវណ្ណគតក្សត្រ ភូមិបុល ត្រូវបានប្រកាសជាសាធារណៈ។

កំណើនសេដ្ឋកិច្ចថៃ អាចនឹងខាតបង់បន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដែលត្រូវបានគេព្រួយបារម្ភថា កើតចេញពីការធ្លាក់ចុះចំនួនភ្ញៀងទេសចរបរទេសចូលទៅលេងប្រទេសនេះ បន្ទាប់ពីរដ្ឋាភិបាលថៃប្រកាសកាន់ទុក្ខរយៈពេលមួយឆ្នាំសម្រាប់ការសោយទិវង្គតព្រះមហាក្សត្រ ភូមិបុល។ លោក ប្រាយុទ្ធ បានប្រកាសឲ្យផ្អាករាល់កម្មវិធីកម្សាន្តទាំងអស់នៅទូទាំងប្រទេស សម្រាប់កាន់ទុក្ខរយៈពេលមួយខែ និងការកាន់ទុក្ខរយៈពេលដល់ទៅ ១ឆ្នាំ។

ជាមួយក្ដីបារម្ភនេះ អាជ្ញាធរទេសចរណ៍ថៃ បានចេញមកប្រកាសកាលពីចុងសប្ដាហ៍កន្លងមកថា ទីតាំងទេសចរណ៍នានា នឹងនៅបើកដំណើរការធម្មតាសម្រាប់ភ្ញៀវទេសចរ ហើយសេវាដឹកជញ្ជូន ធនាគារ មន្ទីរពេទ្យ និងសេវាសាធារណៈដទៃទៀត ក៏ត្រូវបានថៃប្រកាសថា នឹងនៅដំណើរការធម្មតាដដែល។ ប៉ុន្តែ អាជ្ញាធរទេសចរណ៍ថៃ បានណែនាំដល់ភ្ញៀវទេសចរបរទេស ឲ្យរក្សាអកប្បកិរិយាសមរម្យ និងបង្ហាញាការគោរព អំឡុងដំណើរកម្សាន្តរបស់ពួកគេនៅទីនោះ។ បញ្ហានេះ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា នឹងធ្វើឲ្យប៉ះពាល់ដល់គោលដៅបង្កើនចំនួនភ្ញៀវទេសចរឲ្យដល់ ៣២លាននាក់ ដែលកំណត់ដោយរដ្ឋាភិបាលយោធា នៅក្នុងឆ្នាំ២០១៦នេះ។ ក្រុមប្រឹក្សាទេសចរណ៍ថៃ បានប្រកាសថា រដ្ឋាភិបាលថៃសម្លឹងឆ្ពោះទៅរកការបង្កើនចំណូលពីវិស័យទេសចរណ៍ឲ្យបានដល់ ៦១.០២ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ