ចិនលើកឡើងជាថ្មីពីគ​ម្រោងវាយយកដែនដីតៃវ៉ាន់គ្រប់គ្រងវិញ​

រដ្ឋាភិបាលកណ្តាលរបស់ចិន​បានថ្លែងនៅថ្ងៃពុធនេះជាថ្មីទៀត​ថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ពួកគេប្រឹងប្រែងធ្វើការងារយ៉ាងខ្លាំងក្នុងការជំទាស់​ចំពោះការចង់ប្រកាសឯករាជ្យរបស់ដែនដីតៃវ៉ាន់ ហើយថាអាចនឹងប្រើកម្លាំងទ័ពវាយយកវិញក្នុងករណីចាំបាច់។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ថ្លែងនៅក្នុងសមាជបក្សនៅព្រឹកថ្ងៃពុធនេះថា ចិននៅតែគិតថា ដែនដីតៃវ៉ាន់ជាខេត្តមួយរបស់ចិន ហើយថា នឹងមានការប្រើប្រាស់កម្លាំងទ័ពវាយយកមកគ្រប់គ្រងវិញ នៅក្នុងពេលវេលាណាមួយដែលចិនចាត់ទុកថាសមស្រប។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អឹងវេន ថ្លែងនៅក្នុងទិវាសេរីភាពជាតិ​កាលពីថ្ងៃទី១០ខែតុលាថា លោកស្រីនឹងការពារលទ្ធិប្រជាធិបតេយ្យ រក្សាសិទ្ធិសេរីភាពរបស់ប្រជាជន​​។ ​

ប្រធានាធិបតីតៃវ៉ាន់រូបនេះថ្លែងជាលើកទី២ហើយ ក្នុងការការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពពលរដ្ឋនេះ បន្ទាប់ពីការលើកឡើង​ម្តងកាលពីខែឧសភាឆ្នាំ២០១៦ ក្រោយពេលលោកស្រីជាប់ឆ្នោតជាប្រធានាធិបតី។​

ចាប់តាំងពីលោកស្រី សៃ អឹងវេន ឡើងកាន់តំណែងមក រដ្ឋអំណាចចិនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ ដើម្បីដាក់សម្ពាធឲ្យដែនដីនេះ ទទួលស្គាល់ថា គោលនយោបាយចិនតែមួយ ហើយតៃវ៉ាន់ជាផ្នែកមួយរបស់ចិន​។​ ​

តៃវ៉ាន់ជាដែនដីមួយដែល​ មានប្រជាជនជាង ២៣លាននាក់ នៅលើផ្ទៃដីជាង៣៦ ០០០ គីឡូម៉ែត្រការ៉េ។ ដែនដីនេះ ផ្តាច់ចេញពីចិនកាលពីឆ្នាំ១៩៤៩ ក្រោយពេលសង្គ្រាមស៊ីវិលនៅក្នុងប្រទេសចិនបានបញ្ចប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ