អាមេរិក៖ កម្ពុជាគួរពង្រឹងវិធីសាស្ដ្រនៃការដាំដុះដើម្បីដោះស្រាយបញ្ហាបន្លែពីបរទេស

អ្នកលក់បន្លែនៅផ្សារដើមគ កាលពីពេលកន្លងទៅ (រូបភាព៖ សហការី)

មន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានជូនជាយោបល់ថា រដ្ឋាភិបាលកម្ពុជា ត្រូវពង្រឹងវិធីសាស្ត្រនៃការដាំដុះផ្នែកកសិកម្ម ដោយថា ជាផ្នែកមួយ ដើម្បីទប់ស្កាត់ការនាំចូលបន្លែពីបរទេស ខណៈរដ្ឋាភិបាលអះអាងថា បានដោះស្រាយបញ្ហានេះហើយ។

ក្នុងពិធីប្រគល់វិញ្ញានបត្រអាហារូបករណ៍ និងមូលនិធិស្រាវជាវ ដល់ក្រុមនិស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្ម នៅថ្ងៃពុធទី១៨តុលានេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ ថ្លែងថា ទោះបីកម្ពុជា ទទួលបានកំណើនផ្នែកឧស្សាហកម្មខ្ពស់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្ដែប្រជាជនកម្ពុជាប្រមាណជាង៧០ភាគរយ នៅតែពឹងផ្អែកលើវិស័យកសិកម្ម។​ លោកថា វិស័យកសិកម្ម នឹងជួយប្រទេសកម្ពុជា លុបបំបាត់ភាពក្រីក្ររបស់ប្រជាជន ពិសេសជំរុញកំណើនសេដ្ឋកិច្ច។

ក្នុងនោះដែរ លោក វីល្លៀម ហៃដ្ដ៍ យល់ថា ការនាំចូលបន្លែ និងផ្លែឈើពីបរទេស ប្រមាណជាង ៧០ភាគរយ គឺជាបញ្ហាប្រឈមមួយ ដោយថា កម្ពុជា ត្រូវរៀនពីវិធីសាស្ដ្រនៃការដាំដុះដំណាំផ្សេងៗ ដែលធ្វើឲ្យកសិកម្មរបស់កម្ពុជា មានភាពចម្រុះ និងសំបូរបែប។ លោកថា សហរដ្ឋអាមេរិក និងដៃពាក់ព័ន្ធ បានផ្ដល់ប្រាក់ជំនួយ និងអាហារូបករណ៍ឥតគិតថ្លៃ ដល់និសិត្សកម្ពុជា ទៅសិក្សានៅឯសហរដ្ឋអាមេរិក ដើម្បីឲ្យពួកគេយកចំណេះដឹង ដែលបានរៀនសូត្រទីនោះ មកអភិវឌ្ឍប្រទេសវិញ។

លោកថា៖ «បើទោះ ជាកំណើនលើវិស័យឧស្សាហកម្ម មានលក្ខណៈល្អប្រសើរនាប៉ុន្មានទសវត្សកន្លងមកនេះក៏ដោយ ក៏ប៉ុន្ដែប្រជាជនកម្ពុជា ជាង៧០ភាគរយ នៅតែបន្ដពឹងផ្អែកលើវិស័យកសិកម្ម។ វាច្បាស់ណាស់ថា​ កម្ពុជានៅតែពឹងផ្អែកលើវិស័យកសិកម្ម ដើម្បីកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ហើយបើទោះបីជាវិស័យកសិកម្មកម្ពុជា មានការរីកចម្រើន ប៉ុន្ដែកម្ពុជា នៅតែនាំចូលបន្លែផ្លែឈើប្រមាណជាង៧០ភាគរយបញ្ហាប្រឈមគន្លឹះមួយទៀត គឺការអភិវឌ្ឍវិស័យសាកវប្បកម្ម ដែលជាផ្នែកមួយនៃការធ្វើពិពិធកម្មកសិកម្មទាំងមូល»

បើតាមសេចក្ដីប្រកាសព័ត៌មានកាលពីម្សិលមិញ សហរដ្ឋអាមេរិក តាមរយៈអង្គការ USAID នឹងផ្ដល់ជំនួយជាទឹកប្រាក់ចំនួន១៥លានដុល្លារអាមេរិក សម្រាប់សកម្មភាពកសិកម្ម នៅតាមខេត្តមួយចំនួនដូចជា សៀមរាប បាត់ដំបង កំពង់ធំ និងពោធិសាត់ ដើម្បីដោះស្រាយកង្វះខាតហិរញ្ញវត្ថុ សម្រាប់វិស័យនេះ។

ឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន ក្រោយពិធីខាងលើ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន មានប្រសាសន៍ថា រដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ចំពោះបញ្ហានាំចូលបន្លែនេះហើយ ដោយលោកថា កម្ពុជា បាននាំចេញបន្លែផ្លែឈើ ដែលគ្មានជាតិគីមី ទៅប្រទេសវៀតណាម។

លោកបន្ថែមថា ប្រជាពលរដ្ឋ មានការយល់ដឹងច្រើនជាងមុនអំពីបញ្ហានេះ បន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី​ ហ៊ុន សែន បានថ្លែងដាស់តឿនដល់ពួកគាត់ថា កុំបន្ទោសរដ្ឋាភិបាល រឿងនាំចូលបន្លែគីមី ប៉ុន្ដែត្រូវបន្ទោសពលរដ្ឋខ្លួនឯង ដែលជាអ្នកបញ្ជាទិញ។

លោកថា៖ «ឥឡូវនេះ មានជម្រើសហើយ ប៉ុន្ដែឥឡូវហ្នឹង វៀតណាម គេចាប់ទិញរបស់របរពីកម្ពុជាទៅវិញ ដោយកម្ពុជា ផលិតជាប្រភេទមួយ ដែលគ្មានជាតិពុល ធ្វើដូចគេ ដាក់ជីច្រើនលើសកម្រិត ហើយយើងនេះ ប្រើជារបៀបសរីរាង្គ។ នាំចូល គឺអាស្រ័យទៅលើប្រជាជន ឥឡូវនេះ វាចូលក្នុងបរិបទថ្មីមួយថា ប្រជាជនបានយល់ដឹងថា បន្លែដែលមានជាតិពុល បន្លែណា ដែលផ្ដល់សុខភាពជូនគាត់ ដូចសម្ដេចតេជោ បានប្រកាសអញ្ចឹង មិនមែនកត្តារដ្ឋាភិបាល ១០០ភាគរយទេ គឺកត្តាប្រជាជនខ្លួនឯង យើងដឹងថា ហូបអាហ្នឹងទៅវាផ្ដល់ទុក្ខទោស យើងកុំហូប»។

ក្នុងពិធីមួយ​នៅ​ខេត្តសៀមរាប កាលពីពេលកន្លងទៅ លោក ហ៊ុន សែន បានថ្លែងដាស់តឿនពលរដ្ឋ រឿងចូលចិត្ដហូបបន្លែគីមី។ ប៉ុន្ដែក៏មានប្រតិកម្មរិះគន់ជាបន្តបន្ទាប់ ពីប្រជាពលរដ្ឋ និងអ្នកតាមសង្គម ដោយថា រដ្ឋាភិបាល ហាក់ច្រានចោលទំនួលខុសត្រូវ ក្នុងនាមជាស្ថាប័នកំពូលរបស់រដ្ឋ។

ប្រធានសម្ព័ន្ធសហគមកសិករកម្ពុជា លោក ថេង សាវឿន ផ្ដល់អនុសាសន៍មួយចំនួនថា ដើម្បីទប់ស្កាត់ការនាំចូលបន្លែគីមីនេះ ដូចជា ពង្រឹងការត្រួតពិនិត្យបន្លែផ្លែឈើពីប្រទេសវៀតណាម រដ្ឋាភិបាលគួរទម្លាក់បញ្ចប់ថវិកាទៅថ្នាក់មូលដ្ឋាន ដើម្បីបង្កើតទីផ្សារសហគមន៍ និងធានាប្រព័ន្ធធារាសាស្រ្ដ ដែលអាចផ្គត់ផ្គង់ទាំងរដូវប្រាំង និងរដូវវស្សា។

បើតាមរបាយការណ៍អង្គការ USAID របស់អាមេរិក បានបង្ហាញថា ពលរដ្ឋកម្ពុជាជាង ៧០ភាគរយកំពុង​ប្រកបរបរកសិកម្ម ប៉ុន្តែ កសិករ អាចដាំបន្លែបានតែ១ភាគ៣ នៃតម្រូវការទីផ្សារ ដោយសារបញ្ហាផ្សេងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ