គេហទំព័រហ្វេបុក​របស់​ក្រសួង​ធម្មការ​ប្រកាស​បិទ​ដោយ​សារ​គ្មាន​លុយ​បន្ត​ការងារ

គេហទំព័ររបស់ក្រសួងធម្មការ និងសាសនា បានប្រកាសបិទបន្ទាប់ពីថាមិនបានទទួលលុយឧបត្ថម្ភសម្រាប់បន្តការងាររបស់ខ្លួនជិតមួយឆ្នាំមកនេះ។

គេហទំព័រហ្វេសប៊ុកដែលមានឈ្មោះថា ក្រសួងធម្មការ និងសាសនា បានបង្ហោះសារមួយលើកឡើងថាគេហទំព័រហ្វេសប៊ុកនេះ នឹងត្រូវបិទមួយរយៈ ឬត្រូវបិទទាំងស្រុងផង ក្នុងករណីដែលខ្លួនពុំមានថវិការដើម្បីបន្តការងារខ្លួនបន្តទៀត។

លោក មាស សំណាង ជាប្រធានក្រុមផ្សព្វផ្សាយហ្វេសប៊ុករបស់ក្រសួងនេះ បានសរសេរថាក្រុមការងារខ្លួនបានទទួលប្រាក់ឧបត្ថម្ភតែហាសិបម៉ឺនរៀលគត់ ពីក្រសួងធម្មការចាប់ពីខែមករា មករហូតមកដល់ពេលនេះ គឺមិនទទួលបានថវិការអ្វីបន្ថែមទៀតទេ។

លោកបានសរសេរថា « ក្រុមការងារយុវជនយើងខ្ញុំ បានការជួយ ឧបត្ថម្ភ ថ្លៃ Internet និងប្រាក់ឧបត្ថម្ភផ្សេង ចំនួន ៥០០.០០០៛ (ហាសិបម៉ឺនរៀលគត់) ពីក្រសួងធម្មការ និងសាសនា (ឯកឧត្តម មិន ឃិន) ចាប់តាំងពីខែមករា ឆ្នាំ២០១៦ មកទល់នឹងសព្វថ្ងៃនេះ ១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ យើងខ្ញុំពុំទទួលបានអ្វីទាំងអស់ សូម្បីតែលុយដាក់ Internet ក៏ប្រើប្រាស់ ថវិកាផ្ទាល់ខ្លួនដែរ។ ហេតុនេះ ក្នុងនាមខ្ញុំ និងក្រុមការងារ សូមសម្រាក ឫឈប់ទាំងស្រុង បើក្នុងករណីរកថវិកាមិនបាន សូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលកន្លងមកធ្លាប់តាមដាន សូមបានជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន គ្រប់ក្រុមគ្រួសារ គ្រប់ពេលវេលាកុំបីខានឡើយ »

លោកមាស សំណាង បានឲ្យវីអូឌីដឹងបន្ថែមថា លោកបានដាក់សំណើរសុំប្រាក់ឧបត្ថម្ភប្រមាណជា៣ដងរួចមកហើយតែក្រសួងមិនបានឆ្លើយតបទៅនឹងសំណើររបស់លោកនោះទេ។ លោកថាចាប់តាំងពីខែមករាមកលុយចំណាយសម្រាប់អ៊ិនធើណែត និងប្រាក់ឧបត្ថម្ភសម្រាប់ក្រុមការងារនេះមួយចំនួនត្រូវធ្លាក់ទៅលើការចំណាយរបស់លោកផ្ទាល់ ដោយថាលោកមិនចង់ឃើញហ្វេសប៊ុករបស់ក្រសួងត្រូវបានបិទនោះទេ។

លោកថា « គាត់ឧបត្ថម្ភមករហូតក្នុងអណត្តិទី៤ មកក្នុងអណត្តិទី៥មកដល់យើងពីខែមករា មកដល់ថ្ងៃនេះគឺថា សំណើរសុំលុយនោះអត់បាន។ ដល់សុំលុយអត់បានដូចខ្ញុំគ្រប់គ្រងផេកអញ្ចឹងមិនត្រូវដាក់អ៊ិនធើណែត តែកាលណាក្រសួងមិនឲ្យលុយ ទាំងគេទាំងយើងគឺធ្វើការមិនកើតមិនអញ្ចឹង។ ដល់ធ្វើការមិនកើតអញ្ចឹងផេកយើងនឹងរាងអសកម្ម ដល់អសកម្ម បងប្អូនយើងដែលតាមដានព័តមានអញ្ចឹងលោកសួរ ដល់អញ្ចឹងដើម្បីកុំឲ្យអ្នកដែលតាមដានហ្នឹងគាត់សង្ស័យ យើងជូនដំណឹង »

វីអូឌីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុន្នី បាននៅឡើយទេ ដោយលោកមិនលើកទូរស័ព្ធ។

បើតាមលោក មាស សំណាង ក្រុមការងាររបស់លោកលោកមានគ្នា៨នាក់ដែលត្រូវបានក្រសួងបង្កើតឡើងតាំងពីឆ្នាំ២០១០ ដើម្បីបង្ហោះនូវព័ត៌មាននានាដែលទាក់ទងទៅនឹងក្រសួងធម្មការ និងសាសនា ដែលត្រូវបានបង្កើតឡើងដោយមានការតែងតាំងត្រឹមត្រូវ ចំពោះប្រាក់ឧបត្ដម្ភប្រចាំខែវិញគឺមានចំនួន៥០ម៉ឺនរៀល តែប្រាក់ឧបត្ថម្ភទាំងនេះត្រូវបានដាច់តាំងពីខែមករាឆ្នាំនេះ បន្ទាប់ពីមានការផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងធម្មការ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ