ហ៊ុយ យ៉ាឡេង ប្រកាស​ឲ្យ​​​រឿង​«​​វិកលចរឹត»​ទៅ​​បរទេសមិនគិតថ្លៃ

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 8:48 AM | កំសាន្ដ | 0 | 6285
Previous Next

​​​ក្នុងដំណើរ​​យករឿង​​«​វិកលចរឹត»​​​​​ទៅកាន់​មហោស្រព​ភាព​យន្ត​​អន្តរជាតិ​នៅ​ក្នុងប្រទេស​ចិនកាលពីព្រឹកថ្ងៃទី​១៧ធ្នូ ​​លោក​ហ៊ុយ យ៉ាឡេង​ ​ផលិតករ​បានអះអាងថាខ្លួន​នឹង​ផ្ដល់រឿង​​​ដែល​លោក​ផលិត​មួយ​​នេះ​ទៅ​អោយ​បរទេស​​ដោយ​ឥត​គិតថ្លៃ ​​ប្រសិន​​​រឿង​​របស់លោកមិនទទួលបានការចាប់អារម្មណ៍​​​​​ក្នុងការ​ទិញដូរ។ ​លោកថា​​ខ្លួនមាន​បំណង​​ចង់អោយស្នាដៃ​​របស់លោកដែល​​​​​លោកជឿជាក់​ខ្លាំង​​ទៅលើ​គុណភាព ​​​​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​​ជាសាធារណៈ​ក្នុងក្រសែ​ភ្នែ​កបរទេស។

​លោកហ៊ុយ យ៉ាឡេង បញ្ជាក់ថា ​​​​​ពេញ​មួយ​សប្ដាហ៍​​​​​​ចាប់ពីថ្ងៃទី​១៧ ​ធ្នូ ​​​​​​​មហោស្រព​ភាព​យន្ត​អន្តរជាតិរបស់​​ខេត្ត​ណានជីង​​ក្នុង​ប្រទេស​ចិន​នឹង​ត្រូវ​​ចាប់​​ផ្ដើម​ដោយ​​​រឿង​របស់​លោក​គឺ​រឿង​«​វិកលចរឹត»ក៏​​ត្រូវ​បាន​​​​ជ្រើសជា​ភាព​យន្ត​​​​​​​​តំណាង​​ប្រទេស​កម្ពុជា​​អោយ​ចូល​​រួមប្រកួតប្រជែង​​ក្នុង​ព្រឹត្តិការណ៍​នោះដែរ​។

លោកថា​​ជា​លើកទី​១​ដែល​ស្នាដៃ​របស់លោកត្រូវ​បាន​ក្រសួង​វប្បធម៌​ ​​​​ជា​ពិសេស​គឺ​នាយកដ្ឋានភាព​​យន្ត​​​​​​​​កំណត់អោយ​ភាព​យន្ត​របស់លោក​​បាន​​​បង្ហាញ​ខ្លួន ខណៈដែលលោកក៏ត្រៀម​យុទ្ធសាស្រ្ត​​នឹងធ្វើអោយ​​​រឿង​​របស់លោក​​​​​​​​បាន​បោះ​ជំហាន​​​ចូល​​​អន្តរជាតិ។

​​​​​​មហោស្រព​​​​ភាពយន្ត​របស់​ខេត្ត​ណានជីងនេះ​ លោកថា​ធ្វើឡើង​​​​​រាល់ឆ្នាំ ប៉ុន្តែ​​លោកថា​​​​ភាព​យន្ត​កម្ពុជា​ទើបតែ​មាន​ឱកាសចូល​​​​​​ប្រកួត​ជា​លើកទី​១​​​ប៉ុណ្ណោះ ដោយ​ក្រៅពី​រឿង​របស់លោកក៏មាន​រឿង​​«​គ្រាប់ពេជ្រ»​ដែល​​​ផលិតដោយ​ផលិតករ​ខ្មែរទៅជាមួយដែរ។ ​ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​​ លោកថា​​រឿង​​«​​វិកលចរឹត»​ត្រូវ​បាន​កម្មវិធី​កំណត់​​​​​​ចាក់​​បង្ហាញជា​សាធារណៈ​​​​​អោយ​ក្រុម​ផលិតករ និង​ភ្ញៀវ​កិត្តិយ​​​​​​គ្រប់​ប្រទេស​​វិនិច្ឆ័យ​​​​នៅ​​អំឡុង​ពាក់កណ្ដាលអាទិត្យ​តែ​លោកមិនទាន់ច្បាស់​ថា​​រឿង​​​​​របស់​លោក​​ចាក់​ចំថ្ងៃ​​​២០ ឬ​​​២១​ធ្នូ ​អោ​យ​ប្រាកដ​នោះទេ។

លោក​មិន​ហ៊ាន​សង្ឃឹម​​ពីការឈ្នះពានពី​មហោស្រព​ភាពយន្ត​ដែល​​រឿង​«​វិកលចរឹត»​ចូល​ប្រកួត​នោះ​ទេ ​​ក្នុង​ពេលដែល​លោកក៏យល់ឃើញថា​ ​​​​​ខ្សែរឿង​បរទេសដែល​តំណាង​ដោយ​ប្រទេស​នីមួយៗ​​​​​​​ក៏ពិតជាមាន​គុណភាព​ និង​​​​​សាច់រឿង​ល្អ។ លោក​សង្ឃឹម​ត្រឹមតែ​​​​បាន​​​​ទទួលការ​សរសើរ​​ពីការ​ចូល​រួម​​​​នេះ​ប៉ុណ្ណោះ ​ដោយសារតែ​​​​​​រឿងដែល​លោ​កផលិត​ស្ថិត​ក្នុង​​​​​​​ផ្នត់គំនិតជា​ភាពយន្ត​អន្តរជាតិ​​ភាគច្រើន។

មុន​ចេញ​ទៅចិន លោកថា​រឿង​​«​វិកលចរឹត»​​បាន​​​ដាក់រត់អក្សរ​​​​​អង់គ្លេសរួច​​​​​អស់​ហើយ ដោយ​​​​បទភ្លេង​ក្នុង​រឿងទាំង​មូល​ក៏ត្រូវ​និពន្ធថ្មី​​​​​​​មិនដាក់​បទ​​បរទេស​នោះដែរ ​ដើម្បី​​​​​​​​កុំអោយគណកម្មការ​​ភាពយន្ត​​នៅ​ចិនច្រាន​ចោល​មិនអោយចូល​ប្រកួត។ ​​​​​​​លោកប្រកាសនឹងធ្វើអោយ​​​​​​​​​ផលិតករ​បរទេស​ចាប់អារម្មណ៍​​ខ្សែ​រឿង​របស់​លោក ដោយលោក​​នឹងមាន​ប្រទេស​​ណាមួយ​​ហ៊ានទិញ​​​រឿង​មួយ​នេះ  យកទៅ​ផ្សាយជា​សាធារណៈ​នៅ​ក្នុង​ប្រទេស​​របស់គេ។ ​

យ៉ាងណាក៏​ដោយ​​​​ប្រសិន​បើ​​ក្នុង​ករណី​​ដែលរឿង​របស់លោក​មិនទិញ​​​​​ នោះ​លោក​នឹង​ស្នើ​​​​​​​​ជា​សាធារណៈ​ក្នុង​​​​វេទិកា​សុំ​​​ប្រគល់រឿង​នេះ​អោយ​​ទៅ​​​​ប្រទេស​​ណាមួយ អោយតែ​​​​​​ផលិតករ​របស់ប្រទេស​នោះ​​​​​​​​​​​​​​​ចាក់ផ្សាយ​ ឬ​​បញ្ចាំង​​​​​​ស្នាដៃ​របស់​លោក​​អោយ​​​ប្រជាជន​​​​របស់គេ​បានស្គាល់​​ពីស្នាដៃ​​របស់ខ្មែរ។

លោកនិយាយ​ថា​«​​​រឿង​ហ្នឹង​​(​​​​វិកលចរឹត) ​ខ្ញុំ​រំពឹង​ថា​នឹងមាន​​បរទេស​ទិញ​​​​​​​​​​​ តែ​បើ​​​​​​​​​ថ្ងៃ​ចុង​ក្រោយ​​​មុន​ចប់ពិពណ៌នៅ​តែ​អត់មាន​អ្នកហ៊ាន​អ្នកទិញ ​ខ្ញុំ​នឹង​ប្រកាសឲ្យ​​​​​​​​អត់​យកលុយតែម្ដង ​ហើយ​មិនដែល​​​​​រឿង​​យើង​​ផលិត​ប៉ុណ្ណឹង​ហើយ! ​ឲ្យ​គេ​! គេ​មិន​យកនោះទេ»។

លោកថា​ឲ្យ​​​​ផលិតករ​បរទេស​ណាមួយ ​​​​យល់​ព្រម​​យករឿង​​​របស់លោ​ក​ទៅ​បញ្ចាំង​​ ឬ​​ចាក់​ផ្សាយជា​សាធារណៈអោយ​ប្រជាជន​គេមើល នោះ​លោក​​​​​​នឹង​​ប្រគល់​អោយភ្លាម​គឺ​អត់ចង់​បាន​លុយ​ទេ។

​នេះ​ជា​លើកទី​​១​ដែល​ផលិតករ​ខ្មែរ​ប្រកាស​ប្រគល់​រឿងឲ្យ​​បរទេស​ដោយ​​មិន​ត្រូវ​​​​​​​​លុយកាក់ ជា​ថ្នូរ​នឹង​​ឲ្យ​មាន​​​ការ​បញ្ជ្រៀប​​​ស្នាដៃ​របស់​​​ខ្មែរឲ្យ​​​ជនជាតិ​បរទេស​បាន​ស្គាល់។ ​លោក​ហ៊ុយ យ៉ាឡេង ​​​​បន្ត​​ថា​មាន​តែ​​មធ្យោបាយ​ប្រគល់​រឿង​ឲ្យ​​បរទេស​ប៉ុណ្ណោះ ដែល​​​​​​រឿង​របស់ខ្មែរ​ត្រូវ​បាន​គេ​​ទៅ​ផ្សាយជា​សាធារណៈ​​ ​ហើយអាច​ឲ្យ​​ប្រជន​ជន​របស់​​​​​​​ផលិតករ​​​​ដែល​​លោក​នឹង​ព្រម​ព្រៀង​នោះ​​​​បាន​ឃើញ​​ពី​​​​ការ​ប្រឹង​ប្រែង​​​​​​​​​​ក្នុងវិស័យ​ភាពយន្ត​របស់ខ្មែរ។

​​លោកថា​​​​បើ​រង់ចាំឲ្យ​​​​​​​​បរទេសទិញ គឺ​រឿង​​​ស្មុគស្មាញ ​ប៉ុន្តែ​បើឲ្យ​​​មិនគិត​លុយ គឺ​ច្បាស់​ណាស់ថា​​​​​​​​​​​ផលិតករដែលទទួល​បានរឿង​របស់លោកនឹង​​យកស្នាដៃ​របស់​លោក​ទៅ​​​ធ្វើ​​​​​​​អាជីវកម្ម​។ លោក​ថ្លែង​ថា«​​​​​ខ្ញុំ​នៅតែ​​យល់ថា​រឿងខ្ញុំ​​ចូល​ភ្នែក​​បរទេស ​ហើយខ្ញុំត្រៀម​ហើយថា​បើ​គេ​​​អត់ទិញ ​​ខ្ញុំឲ្យ​​តែ​ម្ដង​​ ​ដោយ​ឲ្យ​​យក​​ទៅធ្វើអាជីវកម្ម​មិចបានដែរសំខាន់ឲ្យ​តែ​គាត់​យក​រឿង​​​​ទៅ​ចាក់ ​​​ឬ​ទៅ​​ផ្សាយ​បន្ត​!»។ ​

លោកមានជំនឿ​​១០០ភាគរយ ​ថា​​រឿង​«​វិកលចរឹត»​នឹង​ក្លាយជា​រឿង​ខ្មែរ​​ទី​១​ដែល​​​​​អាច​​​​​ទាក់​ភ្នែ​ក​បរទេស​​តាម​រយៈ​​​​​​​​​​​ប្រគល់​ឲ្យ​​ផលិតករ​​​យកទៅធ្វើ​អាជីវកម្ម​​ដោយមិន​​​​​សុំ​​​​​​​លុយ​កាក់តបស្នង​។

មកទល់ពេល​នេះ​លោក​ហ៊ុយ ​យ៉ាឡេង ​​​​បានអះអាងថា​ខ្សែ​រឿង​​«​វិកលចរឹត»ទទួល​បាន​​ដើម​​ដែល​បានចំណាយ​រហូត​ដល់​​៤៥០០០​ដុល្លារ​នោះ​វិញ​ហើយ ​​បន្ទាប់ពី​មាន​ក្រុម​ហ៊ុន​ច្រើន​​ឡើង​​​បាន​​​ដឹកនាំ​​​បុគ្គលិករបស់ខ្លួន​​​​​​​​​​​ជា​ទ្រង់ទ្រាយធំៗ​​​​មកទស្សនា​រឿង​​លោក​​​​។ លោក​រំភើបចិត្តដែល​រឿង​​មួយ​នេះ​​​មាន​ការគាំទ្រ ខណៈដែលរឿង​របស់លោកក៏ត្រូវ​​​​​​​សម្រេច​អោយ​​​​​បញ្ចាំង​បន្ត​​​​​ដោយមិនទាន់កំណត់​​​ទម្លាក់ចុះ៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required