ប្រេងសាំងកាន់តែឡើងថ្លៃ ខណៈស្ថានការណ៍​នយោបាយ​មិនច្បាស់​លាស់

តម្លៃប្រេងឥន្ធនៈ រួមមានប្រេងសំាង និងម៉ាស៊ូត ​នៅកម្ពុជា បានហក់ឡើងថ្លៃខ្ពស់​ជាបន្ត​បន្ទាប់ នៅរយៈពេល​៦ខែចុងឆ្នាំ២០១៧នេះ ​ចំ​ពេល​ដែល​​ស្ថានភាព​នយោបាយ​កម្ពុជា​មិន​ច្បាស់​លាស់។

នៅតាមស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនក្នុងរាជធានីភ្នំពេញ​នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ​ តម្លៃ​ប្រេង​សំាង​​ស៊ុបពែ​​ក្នុង​មួយ​លីត្រ​​ ៤១៥០រៀល សំាងធម្មតាតម្លៃ៣៨៥០ និងប្រេង​ម៉ាសូត​តម្លៃ​ ៣៥៥០រៀល ​ក្នុ​ង​១លីត្រ​ដោយ​តម្លៃនេះ​ បាន​កើន​ឡើង​ពី ១៥០ ទៅ ៤០០រៀល បើធៀប​នឹង​ជាង ​៦ខែ​មុន​​។

អ្នករត់រ៉ឺម៉កកង់បី​​នៅម្តុំពេទ្យលោកសង្ឃ លោក ព្រាប ភ័ណ្ឌ​ បានត្អូញត្អែរ​ពីការឡើង​ថ្លៃប្រេង​សាំងឡើង​ថ្លៃកាន់តែខ្ពស់​ ដោយ​ថា ធ្វើឲ្យ​ប្រាក់​ចំណេញ​របស់​លោក​កាន់​តែ​រួម​តូច​ ​​ព្រោះលោកមិន​អាច​ដំឡើង​ថ្លៃឈ្នួល​​ពីភ្ញៀវដែលធ្លាប់ជិះ​រ៉ឺម៉កកង់បី​របស់លោកនោះទេ។ លោក​បន្ថែម​ថា បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​គ្រួសារ​លោក។

លោកបន្ថែមថា៖ «ប៉ះពាល់​ខ្លាំង​ណាស់​ដល់ជីវភាព​ ព្រោះ​​ការប្រកបរបរ​រត់កង់បីនេះ ជួនថ្ងៃណា​បាន ជួនថ្ងៃ​ណា​អត់​។ អត់ដឹងធ្វើម៉េចទេ ចេះតែរកទៅ​»

អ្នកប្រកបរបរ​រត់រ៉ឺម៉កកង់បី​ម្នាក់ទៀត​នៅតាមបណ្តោយ​ផ្លូវសហព័ន្ធរុស្ស៊ី លោក វុធ ថា បានលើកឡើងថា​ ឥលូវនេះ ​ភ្ញៀវដែល​ជិះ​រ៉ឺម៉កកង់បី​របស់លោក ​ក៏មានចំនួនតិច ព្រោះមានអ្នករត់ច្រើន ហើយ​សាំង​ក៏កាន់​តែឡើង​ថ្លៃទៀតនោះ បាន​ធ្វើ​ឲ្យ​​លោករកប្រាក់​ចំណេញ​បានកាន់តែតិច ដោយសារចំណាយលើសាំងអស់ច្រើន។

លោក​បាន​សំណូមពរ​ទៅ​​រដ្ឋាភិ​បាល​ឲ្យ​​សម្រួល​តម្លៃ​ប្រេង​សាំង​ចុះ​ថោក ដោយ​លោក​ថា បញ្ហា​សាំងឡើងថ្លៃនេះ​ មិនមែន​ប៉ះពាល់តែលោក​អ្នក​រត់រ៉ឺម៉កកង់បីនោះទេ ប៉ុន្តែ លោក​ថា វាប៉ះពាល់ដល់ពលរដ្ឋខ្មែរទាំងមូល។

លោកថា៖ «សំណូមពរដល់រាជរដ្ឋាភិបាលជួយឲ្យ​សាំងចុះថ្លៃផង ដើម្បីឲ្យ​អ្នកប្រកបរបររត់កង់បី និងរបរក្រៅប្រព័ន្ធបានរស់ផង»

ពាក់ព័ន្ធនឹងបញ្ហាប្រេងឥន្ធនៈឡើងថ្លៃនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម អ្នកនាង​​ សឹង សុផារី បាន​ប្រាប់​ទៅ​ប្រជា​ពលរ​ដ្ឋ​ដែលប្រើ​ប្រាស់ប្រេ​ង​ឥន្ធនៈ​ទាំង​អស់ ​​​​កុំឲ្យបន្ទោសរដ្ឋាភិបាល​ជុំវិញ​ការ​តម្លៃ​ថ្លៃប្រេងឥន្ធនៈនេះ ដោយ​ថា ការឡើងថ្លៃប្រេងនេះ ដោយ​សារ​​ចរន្តទីផ្សារអន្តរជាតិមានការប្រែប្រួល​។

អ្នកនាងស្នើថា៖ «ប្រេងដែលយើងទិញពីក្រៅសុ្រក មិនមែនជា​ធនធានដែលយើង[កម្ពុជា]ផលិតបាន។ អ្នក​ណា ក៏ចង់បានសាំងថោកដែរ។ សុំស្វែងយល់ឲ្យ​កាន់តែច្រើនពីទីផ្សារអន្តរជាតិ និង​ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ​សេរី​ ព្រោះយើងប្រើប្រព័ន្ធហ្នឹងហើយ យើងត្រូវ​រៀនរស់ជាមួយនឹងរបៀប​ដំណើរការ គ្រាន់តែសុំឲ្យមាន ការយល់ដឹង​ពីព្រោះខ្ញុំសង្ឃឹមថា ថ្ងៃក្រោយ គឺយើងមានផលិតប្រេងខ្លួនឯង យើងនឹងថយ ចង់និយាយថា ថ្លៃប្រេងគេលក់រាយ​ នឹងថយដោយស្វ័យប្រវត្តិ​»

អ្នកនាំពាក្យក្រសួងពាណិជ្ជករូបនេះ បានបញ្ជាក់ទៀត​ថា តម្លៃ​ប្រេងឥន្ធនៈទំាងអស់​ ក្រសួង​ពាក់ព័ន្ធជាអ្នក​កំណត់​តម្លៃជា​រៀងរាល់​ ១០ថ្ងៃម្តង​ ​ឲ្យក្រុមហ៊ុនលក់​តាម​ការកំណត់នោះ ដោយថា បើមិនគោរពតាមការណែនាំ ​ក្រសួង​នឹង​ធ្វើ​ការ​ផាកពិន័យ ឬបញ្ឈប់មិនឲ្យធ្វើអាជីវកម្ម​។

លោក វ៉ន ពៅ​ ប្រធានសមាគមន៍សេដ្ឋកិច្ចប្រជាធិបតេយ្យឯករាជ្យក្រៅ​ប្រព័ន្ធ ហៅកាត់ថា IDEA លើក​ឡើង​ថា តម្លៃ​សាំង​ឡើង​ថ្លៃ នាំ​ឲ្យ​ប៉ះពាល់​ដល់សេដ្ឋកិច្ចទាំងមូល ព្រោះ​នៅពេល​ដែល​សាំងឡើង​ថ្លៃ​ ទំនិញ​ផ្សេងៗ​ក៏ចាប់ផ្តើមឡើងថ្លៃផងដែរ។ លោក​អះ​អាង​ថា​ ​ពលរដ្ឋ​ជា​អ្នក​ទទួល​រង​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​។

លោកក៏បានកក់សម្គាល់​ឃើញផងដែរថា ដោយសារតែនាពេលបច្ចុប្បន្ន​ស្ថានការណ៍នយោបាយនៅ​កម្ពុជា​ពេលនេះ​ហាក់មានកំដៅ ហើយពលរដ្ឋមិនហាន​ចេញតវ៉ាទាមទារដូចកាលពេលមុន ព្រោះតែខ្លាច​រអា​ពីសុវត្ថិភាព ដែលជាហេតុ​ធ្វើឲ្យ​ក្រុមឈ្មួញមានឱកាស​កេងចំពេញតាមអំពើចិត្ត។

លោកយល់ឃើញថា៖«តាមការមើលឃើញរបស់ខ្ញុំ គឺជាការឆ្លៀតឱកាសរបស់ក្រុមឈ្មួញ ឲ្យតែ​អ្នកនយោបាយ​រវល់ឈ្មោះគ្នា ចឹងគាត់ឆ្លៀតឱកាស និងដំឡើងថ្លៃប្រងឥន្ធនៈតែម្តង​ គឺយក​ឱកាស​នេះ​ដើម្បី​ជាផល​ចំណេញ​តែម្តង»

យោងតាម​លិខិតជូនដំណឹង​របស់ក្រសួងពាណិជ្ជកម្ម​​ស្តីពី​ថ្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយ ដែល​បាន​កំណត់​សម្រាប់​​ការ​លក់​សម្រាប់រយៈពេល​ ១០ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ ២១ ខែធ្នូ ឆ្នាំ២០១៧នេះ តម្លៃប្រេងសាំងធម្មតា ៣៨៥០រៀល និងប្រេងម៉ាស៊ូត ៣៥៥០រៀល នៅក្នុងនោះក្រសួងមិនបានកំណត់​តម្លៃ​ប្រេង​សំាង​​ស៊ុបពែ​នោះឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ