បទយកការណ៍៖ ពលរដ្ឋខេត្តកោះកុង ស៊ូទ្រាំរស់នៅភ្នំពេញយ៉ាងលំបាកវេទនា ដើម្បីរងចាំដំណោះស្រាយ

កំពុងញាប់ដៃចំអិនអាហារពេលល្ងាចជាមួយពលរដ្ឋរងគ្រោះផ្សេងទៀត ដោយមើលទៅក្សត់ខ្សោយកម្លាំង និងបាក់ស្បាតជាខ្លាំង​ អ្នកស្រី ខន ផុន អាយុ៥៧ឆ្នាំ បានឲ្យដឹងដោយលាយឡំនឹងទឹកភ្នែករលីងរលោងថា អ្នកស្រី​ និងពលរដ្ឋរងគ្រោះ១៧៥គ្រួសារផ្សេងទៀត បានបង្ខំចិត្តចាកចេញពីស្រុកកំណើតនៅខេត្តកោះកុង មកតវ៉ានៅទីក្រុងភ្នំពេញ ដើម្បីចង់បានដំណោះស្រាយបញ្ហាដីធ្លី ដែលអូសបន្លាយជាង១១ឆ្នាំមកហើយ។

អ្នកស្រី៖ «មីងមកវត្តនេះថ្ងៃទី២០ (ធ្នូ ២០១៦) ឥឡូវហ្នឹងដល់ថ្ងៃទី១៩ ថ្ងៃទី១៨ (មករា) ខ្វះតែ២ថ្ងៃទៀតមីងនៅមួយខែហើយ។ មីងមកទាមទារឲ្យលោកឯកឧត្តមក្រសួងជួយដោះស្រាយដីធ្លីឲ្យមីង ​មីងបាត់បង់ដីធ្លីអស់រយៈពេល១១ឆ្នាំហើយ នៅខេត្តកោះកុង ស្រុកស្រែអំបិល ឃុំដងពែង។​​ មីងមកចង់ឲ្យជួយព័ត៌មានទៅដល់ឭខាងក្រសួងដែនដីឲ្យជួយដោះស្រាយឲ្យមីងឆាប់ៗ»

អ្នកស្រី ខន ផុន រៀបរាប់បន្ដថា ពលរដ្ឋរងគ្រោះទាំង១៧៥គ្រួសារបានមកស្នាក់នៅវត្តសាមគ្គីរង្សីជិតមួយខែហើយ និងថា ពួកគាត់ត្រូវស៊ូទ្រាំទាំងលំបាកលំបិនដូច្នេះ គឺដើម្បីឲ្យរដ្ឋាភិបាលជួយរកដំណោះស្រាយសមរម្យជូនពួកគាត។

អ្នកស្រីថា៖«១១ឆ្នាំហើយ មីងវេទនារងទុក្ខ អត់មានបាយទឹកហូប កូនអត់មានលុយបានកូនទៅរៀនទាំងអស់ មីងកូន៩នាក់ ប្រុស១ ស្រី៨នាក់ មីងអត់មានអីទេ អត់មានបាយ មានទឹកហូបទេ ព្រោះមីងវេទនាណាស់ អត់មានផ្ទះសម្បែងនៅទេ មីងនៅតាមភ្នំ ធ្វើផ្ទះលើភ្នំ មានគេមកកាត់ដី កាត់ផ្ទះមីង កាត់ដើមឈើរលំ កិនផ្ទះមីង មីងអត់អីនៅទេរាល់ថ្ងៃនេះ មីងវេទនាណាស់ ហើយអត់មានបាយអីហូបទេក្មួយ មីងមកតវ៉ានេះ មីងចង់ក្មួយនេះជួយព័ត៌មានទៅដល់លោកសម្ដេច ហ៊ុន សែន ឲ្យគាត់ជួយដែលពួកមីងនេះ ឲ្យដោះស្រាយ ជួយជម្រុញ ឲ្យដោះស្រាយដីមីងឆាប់ៗនេះ»

ពលរដ្ឋរងគ្រោះម្នាក់ទៀត លោក ប៊ុត ប្រុស ជាអតីតនាយទាហានពីសង្គមចាស់។ និយាយដោយមានទឹកមុខក្រៀមក្រំបន្តិច និងមានទឹកភ្នែកស្រក់ចុះមកដំណាលគ្នាផងនោះ លោកបានឲ្យដឹងថា លោកបានបង្ខំចិត្តចាកចេញពីស្រុកកំណើតនៅសហគមជីខលលើ ភូមិត្រពាំងកណ្ដោល ស្រុកស្រែអំបិល ដោយទុកប្រពន្ធ និងកូនចោលនៅផ្ទះ ដើម្បីមកតវ៉ាសុំយកដីគាត់មកវិញ។

លោកបន្ដថា បន្ទាប់ពីក្រុមហ៊ុនរំលោភយកដី ប្រពន្ធគាត់បានប្រកបរបរលក់ដូរបន្ដិចបន្ដួចតាមចិញ្ចើមផ្លូវ ដើម្បីបានប្រាក់ខ្លះទុកគ្រាន់ចិញ្ចឹមកូនបានរៀនសូត្រ និងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។

លោកថា៖«មកទាំងអស់គ្នាទាំងទុក្ខសោក ចោលកូន ចោលប្រពន្ធនៅឯផ្ទះនោះ មកពិបាកនៅទីនេះ តាំងពីការហូបចុក ជួនកាលត្រីខមួយកំប៉ុងហូបគ្នា៥-៦-៧នាក់ ជួលកាលមកស្ងោនឹងស្ពៃ ស្ងោនឹងត្រកួន ហាក់ដូចប្រជាពលរដ្ឋមករស់នៅតំបន់នេះ ស្ទើរតែស្មើសម័យ ប៉ុល ពត អ៊ីចឹង។ និយាយចំកន្លែងហ្នឹង  យើងពិបាកក្នុងការនិយាយ ដោយសារអី ដោយសារយើងជាជនជាតិខ្មែរដូចគ្នា តែគេធ្វើបាបចំពោះពួកយើងខ្លាំងណាស់»

លោកក៏បានអំពាវនាវដល់រដ្ឋាភិបាលជួយរកដំណោះស្រាយសមស្រប ដោយរំលឹកឡើងវិញពីប្រវត្តិជម្លោះដីធ្លីថា ប្រជាពលរដ្ឋបានចូលទៅរស់នៅក្នុងតំបន់នោះតាំងពីយូរណាស់មកហើយ គឺ មុនរដ្ឋាភិបាលសម្រេចផ្ដល់ដីសម្បទានដល់ក្រុមហ៊ុន លី យ៉ុងផាត់។

លោកថា៖«ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលនឹងអាចមើលឃើញការទុក្ខសោករបស់ប្រជាពលរដ្ឋយើង កុំឲ្យទុកប្រជាពលរដ្ឋជាសំរាមដូចថ្ងៃនេះ។ ពួកយើងក៏ជាពលរដ្ឋក្នុងប្រទេសស្របច្បាប់ មិនមែនជាចំណាកស្រុក មិនមែនជនពនេចរក្រៅប្រទេសហូរចូលដែរ សូម្បីតែប្រទេសជិតខាងក៏អាចរស់នៅប្រទេសយើងបាន ចុះប្រទេសយើងដូចគ្នា ចុះមិនផ្ដល់សិទ្ធិសេរីភាពក្នុងការគ្រប់គ្រងដីធ្លី អាជ្ញាធរ និងក្រុមហ៊ុនគេថាពួកយើងមានដីច្រើនណាស់ ក៏ប៉ុន្ដែក្រុមហ៊ុននោះគាត់ម្នាក់ គាត់គ្រប់គ្រងដី៣-៤ម៉ឺនហិកតា ចុះគាត់មិនថាច្រើន ហើយចុះពួកយើងគ្រាន់តែកាន់កាប់តាំងពី៧៩ខ្លះ តាំងពី៨០ជាងខ្លះ ហេតុអីបានគ្រប់គ្រងដីធ្លីហ្នឹងមិនបាន»

ទើបត្រឡប់មកពីតវ៉ាសួរនាំរកដំណោះស្រាយនៅក្រសួងពាក់ព័ន្ធ និងកំពុងមមាញឹកពិនិត្យលិខិតស្នាម និងញត្ដិត្រៀមដាក់ទៅស្ថាប័នបន្ទាប់ អ្នកស្រី ផាវ ញ៉ឹង អាយុ៥៨ឆ្នាំ គឺជាតំណាង​ពលរដ្ឋ​នៅ​ឃុំ​ជី​ខក្រោម ​ស្រុក​ស្រែអំបិល។ មានប្រសាសន៍ប្រាប់អ្នករាយការណ៍ព័ត៌មានវីអូឌី ដោយសំឡេងខ្សាវៗ អ្នកស្រី ផាវ ញ៉ឺង និយាយថា ពលរដ្ឋទាំង១៧៥គ្រួសារបានទៅតវ៉ានៅក្រសួងជាច្រើនរួចមកហើយ ដូចជាក្រសួងកសិកម្ម ក្រសួងមហាផ្ទៃ រដ្ឋសភាជាតិ ទីស្ដីការគណៈរដ្ឋមន្ដ្រី និងខុទ្ទាកាល័យសម្ដេច ហ៊ុន សែន ប៉ុន្ដែអ្នកស្រីថានៅតែគ្មានដំណោះស្រាយ។

អ្នកស្រីបន្ដថា ក្រសួងស្ថាប័នមិនព្រមទទួលញត្តិរបស់គាត់ទេ ដោយថា ចុងក្រោយ បានចង្អុលបង្ហាញឲ្យទៅជួបលោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែន នគរូបនីយកកម្ម និងសំណង់។

អ្នកស្រីថា៖ «ចាប់តាំងពីថ្ងៃទី៤ សីហា ឆ្នាំ២០១៦ កន្លងទៅ គឺយើងមានដាក់ច្រើនស្ថាប័នហើយ ទី១ នៅរដ្ឋសភាជាតិ ទី២ យើងដាក់នៅក្រសួងកសិកម្ម ទី៣ នៅទូតសហភាពអឺរ៉ុប ដែលកន្លែងនាំស្ករអំពៅចេញ ដាក់នៅខុទ្ទាកាល័យសម្ដេច ហ៊ុន សែន ប៉ុន្ដែឯកសារទាំងអស់នោះត្រូវបានក្រសួងពាក់ព័ន្ធបញ្ជូនមកស្ថាប័នតែមួយគត់ គឺឯកឧត្តម ជា សុផារ៉ា នៅក្រសួងរៀបចំដែន​ដី ដើម្បីដោះស្រាយដីហ្នឹង»

បើតាមអ្នកស្រី ផាវ ញ៉ឺង ពលរដ្ឋរងគ្រោះទាំង១៧៥គ្រួសារនៅស្រុកស្រែអំបិល និងស្រុកបុទមសាគរខេត្តកោះកុងបាន​បាត់បង់​ដីទំ​​ហំជាង ៧៨២​​ហិកតា តាំងពីឆ្នាំ២០០៦ និងអ្នកខ្លះ២០០៩។ អ្នកស្រីបន្តថា ដីទាំងនោះ​​ត្រូវ​​បា​​ន​ក្រុមហ៊ុ​​នចំនួន២ បានទន្រ្ទានយក គឺមាន ក្រុមហ៊ុនរបស់ លោក ហេង ហ៊ុយ និងក្រុមហ៊ុនស្ករសរបស់លោក លី យ៉ុងផាត់ ជាសមា​ជិ​កព្រឹទ្ធ​​សភាមកពីគណបក្សប្រជាជនកម្ពុជា។

ទោះជាយ៉ាង តំណាងក្រុមហ៊ុនលោក លី យ៉ុងផាត់ បានបដិសេធថា ក្រុមហ៊ុនលែងជាប់ពាក់ព័ន្ធរឿងជម្លោះដីធ្លីជាមួយអ្នកកោះកុងទៀតទេ។

ថ្វីបើមានបញ្ហាខ្វះស្បៀងអាហារបរិភោគ និងជួបទុក្ខលំបាក ពេលមកស្នាក់នៅក្នុងក្រុងភ្នំពេញ អ្នកស្រី ផាវ ញ៉ឺង ថា ក្រុមប្រជាពលរដ្ឋមិនបានបោះបង់ចោលការតវ៉ានោះទេ។

អ្នកស្រីថា៖«ដំបូងយើងវេចអង្ករមក ប៉ុន្ដែមកដល់ពេលនេះ គឺយើងអត់មានវិញទេ យើងរៃលុយគ្នាទិញអង្ករ ទិញម្ហូបបន្លែអី ធ្វើទៅតាមលទ្ធភាពដោយសារតែពួកយើងអត់មានអី […] រាល់ពេលសកម្មភាពដែលយើងតវ៉ាតែងតែមានអាជ្ញាធរ ដូចជាសន្ដិសុខរបស់រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ ប៉ូលិស ប៉េអឹម ទាហាន ជាដើម មានការរារាំង ទើបតែមកជិតបោះឆ្នោតនេះទេ អត់សូវអី វាយពួកខ្ញុំឡើងចង់ងាប់ ខ្ញុំឡើងនោមឈាម នោមអី»

តំណាងពលរដ្ឋឲ្យដឹងដែរថា ពួកគាត់ទាមទារសំណងដី២ហិកតា និងប្រាក់៥០០០ដុល្លារ ក្នុងមួយគ្រួសារ ដោយថា តំណាងក្រសួងរៀបចំដែនដី នគរនីយកម្ម និងសំណង់ បានចេញមុខទទួលយកសំណើនេះទៅពិភាក្សា ប៉ុន្តែបានមិនធានាថា បានដូចពលរដ្ឋទាមទារទាំងអស់នោះទេ។

VOD នៅមិនទាន់អាចទាក់ទងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និង លោក សេង ឡូត មន្ដ្រីនាំពាក្យ ដើម្បីសុំការបំភ្លឺបាននោះទេ។

ប៉ុន្ដែ លោក ទេព ធន់ ប្រធានគណៈកម្មការដោះស្រាយដីធ្លីនៃក្រសួងរៀបចំដែនដីបានបញ្ជាក់ថា ក្រសួងរៀបចំដែនដីមិនអាចសម្រេចលើវិវាទដីធ្លីនៅខេត្តកោះកុងនេះបានទេ ដោយថា ក្រសួងបានត្រឹមតែសម្រួបសម្រួលរវាងពលរដ្ឋរងគ្រោះ និងក្រុមហ៊ុន។

លោកថា៖«ប៉ុន្ដែកិច្ចការហ្នឹង វាឋិតនៅក្នុងកិច្ចការដែលយើងកំពុងដោះស្រាយ សម្របសម្រួល។ យើងនៅស្ថាប័នក្រសួងមិនមានសិទ្ធិសម្រេចទេមានសិទ្ធិត្រឹមតែសម្របសម្រួល មើលតំណាលរឿង តើវាយ៉ាងម៉េច អីយ៉ាងម៉េច។ ចំពោះការដោះស្រាយ អាស្រ័យដោយភាគី ប៉ុន្ដែភាគីខាងក្រុមហ៊ុន ក៏ជាភាគីមួយមានកាតព្វកិច្ចអនុវត្តកិច្ចសន្យា»

យ៉ាងនេះក្ដី តំណាងពលរដ្ឋរងគ្រោះផ្សេងទៀតនិយាយថា ពួកគាត់នឹងបន្ដតវ៉ាដើម្បីជម្រុញឲ្យមានដំណោះស្រាយ បើទោះបីជាត្រូវស៊ូទ្រាំរស់នៅទាំងលំបាកវេទនាក្នុងទីក្រុងភ្នំពេញយូរយ៉ាងណាក៏ដោយ៖«ហើយបើឯកឧត្តម ជា​ សុផារ៉ា ដោះស្រាយមិនចេញ ខ្ញុំរត់ទៅរកនាយករដ្ឋមន្ដ្រីផ្ទាល់តែម្ដងទៅស្លាប់ក៏មិនស្ដាយ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ