វិភាគ៖ តើការបន្តប្តឹងលោក សម រង្ស៊ី ឆ្លុះបញ្ចាំងដូចម្តេចពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា?

មជ្ឈដ្ឋានមួយចំនួន ទំនងជាធុញទ្រាន់ ទៅនឹងអ្នកនយោបាយ ដែលស្ទើពេញមួយអាណត្តិមកនេះ​ បង្កើត​​តែរឿងប្តឹងផ្តល់គ្នា ច្រើ​​ន​ជាងចាប់ដៃគ្នាពិភាក្សាទល់មុខ ស្វែងរកការឯ​ក​ភា​ព​​ជាតិ ឈា​​ន​ទៅ​​​ដោះ​​ស្រា​​យប​ញ្ហារបស់ប្រជាជនដែលកំ​ពុង​ជួបប្រទះ ។

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បាននី​រទេសខ្លួន​ទៅ​ក្រៅប្រ​ទេសម្តងទៀត កាល​ពី​ចុង​ឆ្នាំ២០១៥ គេចចេញពីការតាមចាប់ខ្លួន របស់តុលាការ ក្រោយពី​មន្ត្រី​​​​ជាន់​ខ្ពស់ ​របស់​គណបក្ស​កាន់​អំណាច លោក ហោ ណំាហុង សើរើបណ្តឹ​ងចា​ស់ ក្នុងសំណុំរឿង​ប​រិហាកេរ្តិ៍។

បើគិតត្រឹមថ្ងៃទី១៨ខែមករាឆ្នាំ២០១៧ លោក សម រង្ស៊ី បាន​​ជា​ប់​ប​ណ្តឹ​ងយ៉ាងតិច ចំនួន៥ទៀត ដែលភាគ​ច្រើ​ន ប្តឹង​ទាំងនោះ ប្តឹងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប​​ណ្តឹងទាំងនោះ មានករណីរិះគន់ហ្វេសប៊ុក លោក ហ៊ុន សែន ការរិះគន់ថា រដ្ឋាភិបាលនៅពីក្រោយ កា​រ​បា​​ញ់សម្លាប់លោក កែម ឡី ការផ្សព្វផ្សាយសន្ធិសញ្ញាព្រំដែនឆ្នាំ១៩៧៩ ការរិះគន់ប្រធានរដ្ឋសភា លោក ហេង សំរិន និ​​ង​​​សំណុំរឿងថ្មីចុងក្រោយនេះ គឺលោក ហ៊ុន សែន កំពុងឲ្យមេធាវីរៀបចំពាក្យបណ្តឹង ប្តឹងពី​​ប​ទបរិហាកេរ្តិ៍ដោយទា​​​រ​​​សំ​ណងជម្ងឺចិត្ត១លានដុល្លារ ទាក់ទិននឹងលោក សម រង្ស៊ី និយាយ​តាមឯកសា​បែកធ្លា​យមួយ​ថា លោ​​​​ក ហ៊ុ​​ន សែន សន្យាផ្តល់លុយឲ្យកញ្ញា ធី សុវណ្ណថា ១លានដុល្លារ សម្រាប់រៀបគ​ម្រោង​បំបែក​បំ​បាក់​ប​ក្ស​​ប្រឆាំង។

ប៉ុន្តែកន្លងទៅបើទោះបីជាតុលាការធ្លាប់កាត់ទោសឲ្យលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារច្រើនឆ្នាំ​ក៏ដោយ តែ​​លោក សម រង្ស៊ី មិនដែលបានមកទទួលទោសម្តងណាទេ។តែផ្ទុយទៅវិញអំឡុងឆ្នាំ២០១៣លោក សម រង្ស៊ី ត្រូវ​បានព្រះមហាក្សត្រលើកលែងទោស ឲ្យបានចូលប្រលូកក្នុងឆាកនយោបាយឡើងវិញ។

តើការបន្តប្តឹងលោក សម រង្ស៊ី ឆ្លុះបញ្ចាំងដូចម្តេចពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ?

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី លើកឡើងថា វាមិនមែនជារឿងថ្មីទេ ដែល​ប្រ​ព័ន្ធ​​ច្បាប់នៅកម្ពុជា មិនអាចដាក់ទោសអ្នកមានឥទ្ធិពលមួយចំនួនបាននោះ។ ប៉ុន្តែលោកវិភាគថា​ កា​​​រ​​​ដែ​ល​​​​​​​លោក ហ៊ុន សែន បន្តប្តឹងលោក សម រង្ស៊ី មួយរណីទៀត ទៅតុលាការពេលនេះ លោ​កថា​ជា​ល្បែង​ចា​ស់​​ ដែ​​ល​ពលរដ្ឋភាគច្រើន បានចាត់ទុកថាជារឿងកំប្លុកកំប្លែង របស់អ្នកនយោបាយ ។

លោក មាស នី វិភាគទៀតថា បើរដ្ឋាភិបាល នៅបន្តលេងល្បែងបែបនេះ លោកថា នឹងធ្វើឲ្យ​ពលរដ្ឋ​បាត់ប​ង់ជំ​នឿកាន់តែខ្លាំង ទៅស្ថា​ប័នកំ​ពូលៗ របស់ជាតិ ដូចជាស្ថាប័នរដ្ឋាភិបាល រដ្ឋសភា និងតុលាការ ថាមិនប្រឹងប្រែងជួយទប់ស្កាត់ភាពអយុត្តិធម៌សង្គម ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោកថា៖រហូតដល់ការវាយដំសភា [តំណាងរាស្ត្រ]បក្សប្រឆាំង ដកលោក កឹម សុខា ប្តឹងសភា ដោ​យមិន​ទា​ន់ដ​​កអភ័យឯកសិទ្ធិអីជាដើមហ្នឹង វាសុទ្ធតែអត់ត្រូវនឹងអ្វីដែលបាន​ចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ហើ​យ​នៅក្នុ​ង​កា​លៈ​ទេសៈដែលរដ្ឋាភិបាលមួយ លែង យើងធ្វើអី យើងលែងមើ​លពីគោល​ការ​ណ៍ច្បា​ប់ហើ​យ ​យើង​ធ្វើ​អីទៅ​តា​ម​​ដែ​លយើងនឹកឃើញ ។អាហ្នឹងយើងអាចនឹងត្រូវបានគេចោទថា យើង​ក្បត់​រដ្ឋធ​ម្ម​នុ​ញ្ញ​»។

លោក មាស នី វិភាគទៀតថា បើរដ្ឋាភិបាល នៅតែបន្តលែង​ល្បែងបែបនេះទៀតនោះ លោកថានឹងធ្វើឲ្យ​ផ្ទៃ​​ក្នុ​​​​ង​របស់កម្ពុជាប្រឈមនឹងការបែកបាក់ បាត់បង់ឱកាសបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ ​​​ប្រ​កួត​ប្រជែ​​ងជាមួយប្រទេសជាសមាជិកអាស៊ាន ហើយទីបំផុត ដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា នឹងពឹងតែ​លើប្រ​ទេ​ស​ជិតខា​ង ។

លោកថា៖«ចុងបំផុតមានតែច្រកមួយទេ គឺរស់នៅក្រោមស្លាបនៃប្រទេសជិតខាងទាំងពីរ ។ហើយនៅពេល​ហ្នឹង បើប្រទេសយើងស្ថិតនៅក្នុងអាណានិគមន៍សេដ្ឋកិច្ចនៃស្លាបប្រទេសជិតខាងហើយ គឺកម្លាំងពលកម្ម ចំណា​កស្រុក​ដែលយើងឃើញសព្វថ្ងៃនេះ នឹងអាចមានកាន់តែច្រើនតទៅទៀត។

ហើយទីចុងបំផុតពល​រដ្ឋខ្មែរគ្រា​ន់តែជាកម្លាំងមួយគ្រាន់តែគេយកទៅប្រើជាពលករ របស់គេ សម្រាប់អភិវ​ឌ្ឍ​ស​ម្រាប់ប្រទេសគេ រីឯប្រទេសយើង គ្រាន់តែជាតំបន់មួយ ដែលអ្នក​មានៗ​គេមក​ហែក​ចែក​គ្នាតែ​ប៉ុណ្ណឹង»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា ការរិះគន់បែបស្ថាបនា និងតុលា​ការឯករាជ្យ ជាគោលការគ្រឹះនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោក លោក សូ ចន្ថា លើកឡើងទៀតថា ការដែលលោក ហ៊ុន សែន បន្តប្តឹងលោក សម រង្ស៊ី ទៅ​តុលាការជាថ្មីទៀតនេះ លោកវិភាគថា ជាការព្យាយាមពង្រឹងអំណាច តាមសេនារីយូបំបែកបំបាក់ ជាជា​ង​​ស្វែ​ង​រក​ការបង្រួបបង្រួមជាតិ ឈានទៅដោះស្រាយបញ្ហានានា ដែលពលរដ្ឋកំពុងជួបប្រទេះ ។

លោកថា៖«នៅក្នុងសង្គមមួយ បើមេដឹកនាំហាក់មិនខ្វល់ខ្វាយ ពីមតិរិះគន់ពីឯករាជ្យភាពរបស់ស្ថាប័នជាតិ នៅពេលនោះហើយវាឆ្លុះបញ្ចាំងថា មេដឹកនាំនោះធ្វើអ្វីក៏ដោយឲ្យតែបានសម្រេចគោលដៅ បើទោះ​បីប្រើ​មធ្យោបាកខ្វក់ ធម្យោបាយដែល​ធ្វើឲ្យប៉ះ​ពាល់ផលប្រយោ​ជន៍ជាតិក៏ដោយ។​អញ្ចឹងតាមរយៈ​រុញតុលា​ការ​មិន​ឯករាជ្យបែបនេះ ខ្ញុំគិតថាវាធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នជាតិដ៏ធ្ងន់ធ្ងរ»។

លោក សូ ចន្ថា វិភាគទៀតថា បើរដ្ឋាភិបាលនៅតែបន្តប្រើសេណារីយូនេះ ​ជម្លោះផ្ទៃក្នុងកាន់តែរីកខ្លាំង ហើយអ្នកទួលផលពីជម្លោះផ្ទៃក្នុងរបស់កម្ពុជានេះ គឺប្រទេសជិតខាង។

លោកថា៖«ខ្ញុំចង់ឲ្យមេដឹកនាំកម្ពុជាបើកចិត្តឲ្យទូលាយជាងនេះ ហើយគិតពីស្ថានភាពនៅ​ខាងក្រៅ។ ​​មានន័យ​ថាបើយើងគិតតែប្រកួតប្រជែងចាត់ទុកគ្នាជាសត្រូវ ហើយប្តឹងផ្តល់គ្នា ហើយចាប់អ្នកនេះ ឬអ្នក​នោះ​​​​ដាក់គុក មានន័យថា យើងឈ្នះតែជាមួយខ្មែរគ្នាឯង ។

ប៉ុន្តែ​បើយើងក្រឡេកមើលបដិបទខាងក្រៅ យើង​​ចា​ញ់ប្រៀ​បបរទេសឆ្ងាយណាស់ មានន័យថា បរទេ​ស​អាច​​ជ្រៀ​តចូល អាចកេងចំណេ​ញផលប្រ​​យោ​ជន៍ខ្មែរ ជៀសមិនផុតទេ»។

អ្នកវិ​ភាគវ័យក្មេង លោក រិទ្ធា មេតា​ វិភាគថា បើប្រព័ន្ធយុត្តិធម៌​នៃប្រទេសមួយមិនឯករាជ្យ ការសមេ្រ​ចរប​ស់​​ចៅក្រម បានទៅលើ ​ អ្នកនយោបាយដែ​លមានឥ​ទ្ធិពលឬប​ក្សកំពុង​គ្រប់គ្រង​អំណា​ច។ លោកវិភា​គ​​ថា កា​រ​​​ដែលលោ​ក ហ៊ុន សែន បន្តប្តឹងលោក សម រង្ស៊ី ទៅតុលាការបន្តទៀតនេះ លោកថា អាចជា​​ការគំរា​ម​​ថ្មីទៀត ទៅដៃគូ​​ប្រ​​កួត​ កុំ​ឲ្យបន្តរិះគន់ ដើម្បីងាយស្រួលក្នុងការបន្តគ្រប់គ្រងអំណាច តាមរយៈពង្រឹ​ងអំ​ណា​ច​ ដោយមិនចាំបាច់ធ្វើកំណែទ​ម្រង់ពិ​តប្រា​​ក​ដ ដូចការទាមទារ របស់ម្ចាស់ឆ្នោត ​ ។

ប៉ុន្តែលោក រិទ្ធា មេតា វិភាគថា យុទ្ធសាស្ត្រពង្រឹកងអំណាចបែបនេះ មិនបាន​ជួយព​ង្រឹងយ​ន្តកា​រប្រ​ជាធិប​តេ​យ្យ​នៅកម្ពុជាទេ តែផ្ទុយទៅវិញលោកថា បានផ្តល់​​គំរូអា​ក្រក់​ទៅវិញទេ ដល់ក្មេ​ងជំ​នាន់​ក្រោយ។

លោកថា៖«គាត់ឃើញមេៗគាត់កាច់គ្នា គាត់កុងគ្នាអញ្ចឹងគាត់[យុវជន]​ ចូលទៅគាត់កុងគ្នាដែរ ។ អញ្ចឹង​អ្នកន​យោបាយដែលចង់ដឹកនាំប្រទេសហ្នឹង គាត់អត់បានសាមគ្គីគ្នា អត់បានឯកភាពគ្នាទេ គឺមានតែ​ការកាច់មួលគ្នា និងការបែកបាក់ទេ ។ អញ្ចឹងហើយវាជាគំរូអាក្រក់​ ដែលអ្នកចង់ជួយជាតិ ឬក៏អ្នកដែ​លមាន​ទឹ​ក​​​ចិត្តស្នេហាជាតិ ចង់ឲ្យប្រទេសយើងរីកចម្រើន កុំឲ្យមានអ្នកក្រ​ អ្នកសុំទាន មានអ្នក​ចំ​ណា​កស្រុកអីហ្នឹង អត់​​​មា​នកន្លែងដែលធ្វើឲ្យគាត់ចង់ជួយបាន ។អញ្ចឹងថាចង់ឲ្យយុវ​ជនចូលបម្រើជាតិ​យ៉ាង​ម៉េច​ បើឃើ​ញ​តែ​ឈ្លោះគ្នាអញ្ចឹង»។

ទោះជាយ៉ាងណាលោក ហ៊ុន សែន ធ្លាប់អះអាងញឹកញាប់ថា រដ្ឋាភិបាលគ្មានអំណាចណាមួយ ជ្រៀត​ជ្រែ​កប្រ​ព័ន្ធតុលាការ ក្រោមហេតុផលនយោបាយទេ ហើយក៏បានបញ្ជាក់ផងដែរថា នៅកម្ពុជា​ក៏គ្មានអ្ន​កទោ​ស​ន​យោបាយទេ។

សរុបជារួម អ្នកវិភាគយល់ថា ការយកប្រព័ន្ធតុលាការធ្វើជាឧបករណ៍នយោបាយ ដើម្បីការ​ពារផល​ប្រ​យោ​​ជន៍​​ក្រុ​មគ្រួសារ និងបក្ខពួក ហើយភ្លេចគិត​ រកយុទ្ធសាស្ត្រ​ដោះស្រា​យប​​ញ្ហាពល​រដ្ឋ​នៅ​​តាមព្រំដែន ភ្លេចគិ​ត​ពីប​​ញ្ហាអត់ការងារធ្វើរបស់ពលរដ្ឋនៅក្នុងស្រុក បញ្ហាជម្លោះដីធ្លី អយុ​ត្តិធម៌​ស​​ង្គ​ម​​​ជា​​​​​ដើមនោះ ពួ​ក​គេព្រ​មា​​នថា បក្សកាន់អំណាច អាចនឹងបន្តបាត់បង់អសនៈ​បន្ថែមទៀត ​​ក្រោយការ​បោះ​ឆ្នោ​​តឆ្នាំ​២​​០​១​​​៨ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ