ក្រសួងមហាផ្ទៃបដិសេធថា លោក ស ខេង មិនបានសន្យាដោះលែងអ្នកជាប់ឃុំ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីកន្លងទៅ​

ក្រសួងមហាផ្ទៃ បានចេញលិខិតមួយដោយបដិសេធថា លោក ស ខេង  មិនបានសន្យាដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស   ៤ រូប និង មន្ត្រី គ.ជ.ប  លោក នី ចរិយា ដូចការអះអាង របស់តំណាងសហគមន៍បឹងកក់នោះទេ ។

កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ​២០១៧ តំណាងសហគមន៍បឹងកក់ អ្នកស្រី ប៊ូវ សោភា លើកឡើងថា ការចាប់មន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប លោក នី ចរិយា និងអ្នកស្រី ទេព វន្នី ធ្វើជាចំណាប់ខ្មាំង ដើម្បីដាក់គំនាបទៅគណបក្សប្រឆាំងនោះ មិនបានចំណេញអ្វីទៅបក្សកាន់អំណាចឡើយ។ អ្នកស្រីអំពាវនាវឲ្យលោក ស ខេង ត្រូវដោះលែងអ្នកជាប់ឃុំចំនួន៥នាក់ដូចអ្វីដែលបានលើកឡើងជាសាធារណៈថា នឹងដោះលែងតាំងពីចុងឆ្នាំ២០១៦។

ប៉ុន្តែនៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ នេះ ក្រសួងមហាផ្ទៃបានចេញលិខិតដោយបដិសេធថា លោក ស ខេង ពុំធ្លាប់បានសន្យាដោះលែងអ្នកដែលកំពុងជាប់ឃុំទាំង ៥ នាក់ នោះទេ «ហើយជាក់ស្ដែងតាមប្រសាសន៍ជាកំណត់ត្រាសំឡេង  ដែលនៅជាភស្តុតាង សម្ដេចបានមានប្រសាសន៍ថា៖ ខ្ញុំអត់បានជជែករឿងនេះ ទេគឺឯកឧត្ដម កឹម សុខា ជជែកជាមួយសម្ដេចតេជោ ហើយប្រហែលជាបើតាមខ្ញុំដឹងមុនបំណាច់ខែ ១២ នេះ នឹងមានការដោះស្រាយករណីមន្ត្រីសិទ្ធិមនុស្សនិងអគ្គលេខាធិរង គ.ជ.ប »។

កាលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦  បន្ទាប់ចេញពីកិច្ចប្រជុំបិទទ្វារចំនួនពីរដែលធ្វើឡើងរវាងលោក កឹម សុខា ជាមួយលោក ហ៊ុន សែន និងលោក ស ខេង នៅថ្ងៃនោះ លោក ស ខេង ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងការចរចារវាងលោក កឹម សុខា ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមានពាក់ព័ន្ធនឹងរឿងលោកមេឃុំ ស៊ាង ចែត រួមទាំងមន្ត្រីសិទ្ធិមនុស្សនិងលោក នី ចរិយា ផងដែរ។ បន្ទាប់ពីមានការចរចានោះនៅថ្ងៃទី៨ ខែធ្នូ មេឃុំមកពីគណបក្សប្រឆាំងគឺលោក ស៊ាង ចែត ត្រូវបានដោះលែងឲ្យមានសេរីភាព។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ