Freedom House៖ ប្រជាធិបតេយ្យក្នុងឆ្នាំ២០១៧ជូបវិបត្តិធ្ងន់ធ្ងរ

អង្គការអន្តរជាតិធ្វើការលើកស្ទួយសិទ្ធិសេរីភាព សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យបានបង្ហាញរបាយការណ៍ថា ក្នុងឆ្នាំ២០១៧ ប្រជាធិបតេយ្យនិង​សិទ្ធិសេរីភាពនៅលើពិភពលោកជូបវិបត្តិខ្លាំង ខណៈសហរដ្ឋអាមេរិក​ក្រោមការដឹកនាំរបស់លោក ដូណាល ត្រាំ ដកខ្លួនចេញពីកិច្ចការទាំងនេះ។​

របាយការណ៍ប្រចាំឆ្នាំចេញផ្សាយនៅដើមសប្តាហ៍នេះ បានបង្ហាញពីការសិក្សាលើស្ថានភាពប្រទេស និង ស្ថានភាពប្រជាជន។ ក្នុងនោះគឺនៅលើពិភពលោកប្រទេសចំនួន​៤៥%ស្ថិតក្នុងលក្ខខណ្ឌមានសេរីភាព ២៥% មិនមានសេរីភាព និង ៣០% មានសេរីភាពដោយផ្នែក ចំណែកប្រជាជន៣៩%មានសេរីភាព ២៤%ភាគរយមានសេរីភាពដោយផ្នែក និង ៣៧% មិនមានសេរីភាព។​

ក្នុងរបាយការណ៍សិក្សារកឃើញថា សេរីភាពមូលដ្ឋាននៃការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ សេរីភាពសារព័ត៌មាន និង នីតិរដ្ឋរងការវាយប្រហារស្ទើរពាសពេញពិភពលោក។​ ក្នុងនោះ៧១ប្រទេស ជួបបញ្ហាការធ្លាក់ចុះសេរីភាពនយោបាយ និង សិទ្ធិស៊ីវិល។​

អាមេរិក

Freedom House ក៏បានលើកឡើងពីការដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីតួនាទីអ្នកគាំទ្រ និង ពង្រឹងលទ្ធិប្រជាធិបតេយ្យ។ ក្រោយការឡើងកាន់តំណែងកាលពីដើមឆ្នាំ២០១៧ លោក ដូណាល ត្រាំ បានប្រកាសអនុវត្តន៍គោលនយោបាយ«អ្វីៗគ្រប់យ៉ាងដើម្បីពលរដ្ឋអាមេរិកមុនគេ»។ លោក ត្រាំបានកាត់ផ្តាច់ជំនួយ ដែលឧបត្ថម្ភដល់ប្រទេស ឬ ស្ថាប័ននានាក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យលើពិភពលោក។​

លោក ត្រាំ ក៏រងការចោទថា បានតែងតាំងសាច់ញាតិ ឬ មនុស្សដែលស្និទ្ធ ឲ្យកាន់តួនាទីក្នុងជួររដ្ឋាភិបាល ដើម្បីតែការពង្រឹងមុខជំនួញតែប៉ុណ្ណោះ។​

ចំណុចទាក់ទងលទ្ធិប្រជាធិបតេយ្យដែលFreedom House លើកឡើងដែរនោះ គឺលោក ដូណាល ត្រាំ រងការចោទថា បានធ្វើសកម្មភាពលួចលាក់ជាមួយចារកម្មរបស់រុស្ស៊ី ក្នុងការកែប្រែលទ្ធផលនៃការបោះឆ្នោត​កាលពីចុងឆ្នាំ២០១៦។​

សង្គ្រាម និង​ហិង្សា

សង្គ្រាមរ៉ាំរ៉ៃ និង ជម្លោះនយោបាយដូចជា នៅស៊ីរី អ៊ីរ៉ាក់  និង ការបង្ក្រាបលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ាជាដើម​ ជាផ្នែកធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសិទ្ធិសេរីភាពប្រជាពលរដ្ឋ និង លទ្ធិប្រជាធិបតេយ្យ។​

ស្របពេលជាមួយគ្នានេះ ការសិក្សាក៏បានលើកឡើងដែរថា រុស្ស៊ី និង​ចិនកំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួនទាំងផ្នែកសេដ្ឋកិច្ច និង នយោបាយ ជាមួយបណ្តាប្រទេសនានា ដោយពួកគេមិនបានគិតលើសិទ្ធិសេរីភាពប្រជាពលរដ្ឋរស់នៅក្នុងប្រទេសទាំងនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ