ខាត់ សុឃីម ស្ដោះហើយលេបវិញរឿងលក់ផ្ទះនៅផ្សារដេប៉ូ

អ្នក​នាង​ ខាត់ សុឃីម នាពេល​កន្លង​មក (រូបភាព​៖ វង្ស សុម៉ាលីន)

នៅទីបំផុត តារាចម្រៀងពហុជំនាញ ខាត់ សុឃីម បានប្រកាសប្ដូរចិត្តលែងលក់ផ្ទះនៅផ្សារដេប៉ូ បើទោះជាអ្នកនាង និងស្វាមីបានប្រកាសក្ដែងៗថាមិនកែប្រែជំហរនោះ។ យ៉ាងណាក៏ដោយ អ្នកនាងបញ្ជាក់ថា ហេតុផលដែលនាំឲ្យខ្លួនស្ដោះហើយលេបវិញនោះគឺដោយសារតែមានសម្ពាធផ្ទួនៗធ្វើឲ្យប៉ះពាល់ដល់ជីវភាព និងផ្លូវចិត្តប៉ុណ្ណោះ។

គ្មានអ្នកណាមិនដឹងនោះទេថា អ្នកនាង ខាត់ សុឃីម បានប្រកាសលក់ផ្ទះដែលជាអតីតហាងចាស់នៅម្ដុំផ្សារដេប៉ូក្នុងតម្លៃ៨០ម៉ឺនដុល្លារ និងក្រោយមកក៏បានប្ដូរនៅត្រឹមតែ៦០ម៉ឺនដុល្លារវិញ ដោយអះអាងថាដើម្បីឲ្យឆាប់លក់ដាច់។ អ្នកនាងធ្លាប់បានប្រាប់ថា ផែនការលក់ផ្ទះគឺដើម្បីយកលុយទៅទិញផ្ទះថ្មីបីល្វែងជាប់គ្នាបើកជាសម្អាង ឬយកលុយទៅសាងសង់ហាងថ្មីនៅលើដីទំនេរនៅម្ដុំមុខវិទ្យាល័យសាមគ្គីឲ្យមានស្ដង់ដារ។

អ្នកនាង ខាត់ សុឃីម បានទាំងសម្រេចចិត្តរើហាងទៅដាក់នៅស្ទឹងមានជ័យ ដើម្បីឲ្យហាងដែលបានប្រកាសលក់ឆាប់មានអ្នកទិញក្នុងតម្លៃរង្វង់៦០ម៉ឺនដុល្លារនោះផង។ ប៉ុន្តែក្នុងពេលការទម្លាក់ថ្លៃត្រូវគេឃើញមានអ្នកប្រជែងទិញ អ្នកនាងបែរជាចេញមុខប្រកាសថាឈប់លក់។ តារារូបនេះបញ្ជាក់ថា ខ្លួនសម្រេចចិត្តឈប់លក់ផ្ទះនោះហើយ បើទោះជាមានអុ្នកហ៊ានឲ្យតម្លៃខ្ពស់ខ្លាំងប៉ុណ្ណាក៏ដោយ។ អ្នកនាងមានប្រសាសន៍ថា៖ “ខ្ញុំទៅមើលណា(គ្រូទាយ​) ក៏គេអត់ឲ្យខ្ញុំលក់ផ្ទះហ្នឹងដែរ ប៉ុន្តែខ្ញុំវាចេះតែចង់បានលុយ៥០-៦០ម៉ឺន(ដុល្លារ)ទៅធ្វើស្អីៗទៀតទើបចេះតែចង់ជម្នះដាក់លក់ ប៉ុន្តែឥឡូវអត់ទេ ឈប់ហើយ ព្រោះតាំងពីខ្ញុំដាក់លក់ផ្ទះហ្នឹងមកថាស៊យនោះស៊យ ដល់អីចឹងខ្ញុំយំតើ ព្រោះកាលខ្ញុំនៅប្រើហាងហ្នឹងខ្ញុំអត់ដែលអីចឹងទេ។ និយាយឲ្យចំទៅថា ដូចគេមិនឲ្យខ្ញុំលក់អីចឹង”

អ្នក​នាង​ ខាត់ សុឃីម និង​ស្វាមី​ នាពេល​កន្លង​មក (រូបភាព​៖ វង្ស សុម៉ាលីន)
អ្នក​នាង​ ខាត់ សុឃីម និង​ស្វាមី​ នាពេល​កន្លង​មក (រូបភាព​៖ វង្ស សុម៉ាលីន)

ពាក់ព័ន្ធនឹងមុខរបរ អ្នកនាងបញ្ជាក់ថា សឹងនឹងដាច់ម៉ូយអស់ទៅហើយ បើទោះជាពេលកន្លងមកគេឃើញតារាស្រីរូបនេះ និងស្វាមី នៅតែសកម្មក្នុងការទទួលបានអតិថិជនមិនសូវលោះថ្ងៃ។ អ្នកនាងបញ្ជាក់ថា ការទទួលបានអ្នកជួលសម្អាងរាល់ថ្ងៃ គឺដោយសារតែអ្នកនាងបានផុសនៅលើហ្វេសប៊ុក និងដោយសារតែអ្នកនាងបានភ្ជាប់ទំនាក់ទំនងក្នុងនាមជាតារាសិល្បៈខ្លាំងក្លាប៉ុណ្ណោះ បើសម្អាងការលើកទីតាំងថ្មីដែលបានប្ដូរទៅបុរីសាន់វ៉េនៅស្ទឹងមានជ័យគឺត្រូវផ្កាប់ឆ្នាំងតែម្ដង។ អ្នកនាងពោលថា៖ “ពេលខ្ញុំប្រកាសលក់ផ្ទះ ហើយមិនទាន់រើហាងមិនទាន់អីទេ ប៉ុន្តែថាតាំងពីរើមកគឺអស់អាលីងម៉ូយ។ ខ្ញុំនិយាយត្រង់បើកុំតែបានតារាយោង ថាអាលាយម្មង ហើយបើនិយាយរឿងរសេមរសាមវិញគឺមានមិនចេះចប់ អីចឹងបានថាជឿហើយអត់លក់ទេ ចង់អ្នកណាឲ្យប៉ុន្មានក៏ដោយ មានគេហ៊ានឲ្យខ្ញុំតើ តែខ្ញុំប្រាប់ឈប់លក់វិញហើយ ព្រោះអាណិតផ្ទះ”

តារាពហុជំនាញរូបនេះបន្តថា ខ្លួនបានចាត់ចែងជួលជាងទៅជួសជុលផ្ទះនោះបើកជាហាងជាបណ្ដើររួចហើយ ដោយជាន់ខាងលើដែលមានទំហ៊ំ២ល្វែងជាប់គ្នាគឺអ្នកនាងនឹងឲ្យរៀបចំជាស្ទូឌីយោថតរូបជាសម្អាង និងជាន់ខាងក្រោមអ្នកនាងនឹងបើកសាឡនឲ្យធំក្នុងពេលបើកសម្ពោធ។ អ្នកនាងប្រាប់ថា ទំហំទឹកប្រាក់នឹងត្រូវអស់ច្រើន ដើម្បីឲ្យបានហាងមួយដែលមានស្ដង់ដាដូចគ្នានឹងហាងធំៗ។ អ្នកបន្ថែមថា៖ “ផ្ទះហ្នឹងកាលខ្ញុំទិញតែប៉ុន្មានម៉ឺនទេ ហើយបើនិយាយពីលុយទិញវិញគឺម្ចាស់ផ្ទះគាត់អាណិតគាត់យកម្ដងបន្តិចៗ គ្មានបានជាដុំអីទេ អីចឹងបានគេថាផ្ទះហ្នឹងទ្រព្យយើងហើយកុំលក់ ទុកធ្វើកេរ”។

អ្នកនាងខាត់ សុឃីម ឲ្យដឹងដែរថា អ្នកនាងគ្រោងដំណើរការអាជីវកម្មនៅលើហាងចាស់នៅអំឡុងក្រោយចូលឆ្នាំខ្មែរ ដោយការបើកសម្ពោធនឹងអាចអធឹកអធមផងដែរ។ អ្នកនាងនិយាយថា៖ “ពីមុនខ្ញុំមិនសូវខ្វល់អារឿងសាឡនអីហ្នឹងទេ ព្រោះរវល់តែរឿងសម្អាង ប៉ុន្តែឥឡូវអត់ទេ គឺទៅជួលជុលបើកសម្អាង និងស្ទីឌីយោ (studio)នៅក្នុងហាងចាស់ហើយ នឹងដាក់សាឡនឲ្យធំទៀត ព្រោះកន្លែងខ្ញុំចំប្លង់ បើធ្វើអាហ្នឹងឲ្យខ្លាំងក៏រកលុយស្រួលដែរ។ អីចឹងឈប់លក់ហើយ បើអត់លុយទិញថែមនៅតែហ្នឹងទៅ អត់រើអត់រុះទៅណាទៀតទេ វីវរដូចគេថាលក់ទ្រព្យស្អីៗទៅងាប់ហើយ”។ អ្នកនាងសារភាពថា ហេតុផលនៃការប្ដូរហាងបានរុញឲ្យអ្នកនាងស្រុតចុះលុយកាក់គួរសម ដោយសូម្បីតែការងារសិល្បៈក៏មិនសូវនឹងនធ្វើឲ្យអ្នកនាងស្រឡះចិត្តនោះដែរ អីចឹងហើយទើបអ្នកនាងសម្រេចចិត្តប្ដូរជំហរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ