អ្នកភូមិរុញឲ្យទម្លាយព័ត៌មានពីគម្រោងអភិវឌ្ឍទីក្រុងរណបដោយខ្លាចមានការបណ្តេញចេញ

អ្នកមានជម្លោះដីធ្លីជិត២០០នាក់រួមទាំងកុមារផងស្វែងរកព័ត៌មានលំអិតពីក្រុមហ៊ុនអភិវឌ្ឍក្រុង​​រណ​ប​​មួ​យនៅរាជធានី​ភ្នំ​ពេញ​​ដោយពួកគេអះអាងថាការបិទបាំងព័ត៌មានពីគម្រោងអភិវឌ្ឍនោះធ្វើ​ឲ្យ​ពួកគេនឹងត្រូវបានគេ​​​​បណ្តេញចេញ​ទាំងបង្ខំ។

ប្រជាសហគមន៍មកពីព្រែកតាគង់១និងសហគមន៍ខ្វាក្នុងខណ្ឌមានជ័យប្រាប់អ្នកសារព័ត៌មាននៅក​​ន្លែង​តវ៉ាមុខស្នាក់ការ​ក្រុមហ៊ុន ING នៅរាជធានីភ្នំពេញនាថ្ងៃទី១៩ខែកុម្ភៈនេះថាក្រុមហ៊ុននោះបាន​បូ​ម​​​ខ្សាច់លុបបឹងទំពុនស្ថិតក្នុង​សង្កាត់ចក្រអង្វែលើ ខណ្ឌមានជ័យ មិនបានផ្តល់ដំណឹងដល់ពួកគេដែ​​​​ល​បា​នរស់នៅទីនោះទេ។

ស្ត្រីអ្នកតវ៉ាទាំងនោះអះអាងទៀតថាការមិនទទួលបានដំណឹងពីគម្រោងអភិវឌ្ឍបែបនេះក្រុមអ្នកត​វ៉ាគិ​ត​​ថាពួកគេនឹងអាច​ត្រូវ​បាន​បណ្តេញចេញដូចសហ​គមន៍ដទៃៗ​ទៀតដែលបា​នបណ្តេញចេ​ញរួច​ហើយ​។ ​ពួកគេបន្តថា៖ “ខ្សាច់បើខែខ្យល់វិញហូប​បាយ​អត់កើតទេហុយពេញផ្ទះទាំងអស់ហូបបាយអត់កើតទេសូម្បី​តែច​ងម៉ុងហូបបាយក៏ហូបអត់កើតទេ។ ព្រោះអីខ្សាច់ហ្នឹង លើរនាបផ្ទះខ្ញុំហ្នឹងទៀត(ពុំនូកខ្សាត់)ចង់​ដល់​ដំ​បូង​​ហើយ។ អ​ញ្ចឹងពួកខ្ញុំភ័យពួកខ្ញុំបារម្ភខ្ញុំចង់ដឹងថាតើការអភិវឌ្ឍ​របស់ពួកគាត់​ហ្នឹងអភិ​​វឌ្ឍ​យ៉ា​ងម៉េ​ចឲ្យពួ​កគាត់បំភ្លឺឲ្យច្បាស់”។

ស្រី្ត​អាយុ៦៦ឆ្នាំម្នាក់ទៀតឈ្មោះ ជា សន ឲ្យដឹងដែរថាគាត់បានមករស់នៅភូមិព្រែកតាគង់១នេះតាំ​ង​ពី​ឆ្នាំ​​​​​​១៩៩៣ពោល​គឺ​២៣ឆ្នាំមកហើយ។ គាត់ថាពួកគាត់អាចរកប្រាក់បានពី​៣ទៅ៥ម៉ឺ​នរៀ​ល​ក្នុងមួ​យ​ថ្ងៃ​​តា​​​​​​​ម​​​រ​​​យៈ​​​​​ដាំ​​ត្រកួននិងបន្លែ​ផ្សេងៗនៅ​លើ​ដី​លិចទឹកនេះដែលស្ត្រីវ័យចំណាស់រូបនោះថាប្រាក់ចំ​​ណូ​ល​នេះ​អាច​ចិញ្ចឹមជីវិតនិង​ប​ញ្ជូ​​​ន​​​ចៅ​​ៗ​​ទៅសា​​លាបានដូចពល​រដ្ឋដទៃដែរ។

ចំ​ណែកដំណឹងពីការអភិវឌ្ឍនេះគាត់ថាទាំងក្រុមហ៊ុននិងអា​ជ្ញា​ធ​រមិនបានប្រាប់អ្នកភូមិទេ។

អ្នក​​ស្រី ជា សន ថារូបគាត់និងអ្នកភូមិមកតវ៉ានៅថ្ងៃសុក្រនេះចង់ប្រាប់ក្រុមហ៊ុនថាពួកគេចង់ឲ្យកាត់​ឃ្វៀ​​​​​ល​​ដីទាំ​ងនោះ​ចេញពីគម្រោងអភិវឌ្ឍតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រី។

គាត់បន្តថា៖ “ងាយស្រួលណាស់ក្មេងអាចទៅរៀនបានទោះបីជាដើរកាត់ទឹកបន្តិចបន្ទួចក៏អាចទៅរៀនបានព្រោះជិត ហើយ​មន្ទីរពេទ្យក៏អញ្ចឹងដែរក្មេងរស់បានច្រើនណាស់ក្នុងបឹងហ្នឹងដោយសារគន្ធ​បុប្ផា(មន្ទីរ​ពេ​ទ្យ​គន្ធ​​បុប្ផា)ឈឺយកទៅដល់ភ្លាមមួយ​អាទិត្យពីរអាទិត្យជាយកមកផ្ទះវិញ ម្តាយ​ឱពុកមាន​ពេល​ធ្វើ​ការ​​ងារ។ ជាសំណូមពរបស់ខ្ញុំបើសិនជាអភិវឌ្ឍសុំឲ្យក្រុមហ៊ុនហ្នឹងគេឃ្វៀលដីឲ្យពួកខ្ញុំរស់នៅកន្លែងហ្នឹងម៉ង(ក​ន្លែងចាស់ដែល​ធ្លាប់រស់នៅ)អត់ចេញចាស! សំណងប៉ុន្មានក៏អត់យកដែរ”។

កុមា​​រដែលចូលរួមការតវ៉ានោះពួកគេប្រាប់ថាខ្លះរៀនថ្នាក់ទី៤និងខ្លះទៀតថ្នាក់ទី៦ពួកគេបាននាំ​គ្នា​​លើ​កបដាសុំអភិវឌ្ឍ​នៅ​នឹង​កន្លែងនិងច្រៀងរៀបរាប់ពីអត្ថប្រយោជននៃ​របរប្រចាំថ្ងៃរ​បស់ឪពុក​ម្តា​យគេ​តា​មរ​យៈដាំ​បន្លែនៅជិតផ្ទះលើបឹង​ធម្មជាតិ​មួយនេះដែលក្រុមហ៊ុន​កំពុងបូមខ្សាច់ពន្លិច។ ពួកគេបន្ថែមថា៖ “ពួកយើងរស់នៅតែការពឹងផ្អែកត្រកួនកញ្ឆែតរកត្រី​ចិញ្ចឹម​គ្រួសារបើបាត់បង់ទៅរស់នៅលំបា​កយ៉ាង​ណា? ជីវិតគ្រួសារតើដល់ពេលណាទើបបានរីករាយដូចគេ។ ស្តាយអើយសែន​ស្តាយ​ភូមិធ្លាប់រស់នៅដ​​ល់​ចាក​ចេញទៅរស់នៅលំបាកយ៉ាងណា? ឱក្រុមហ៊ុនអើយកន្តើយដល់ណា? ប្រជាខ្លោចផ្សារសូមមេ​ត្តាជួ​យដោះទុក្ខផង”។

ក្រោ​យពីមានសម្រែកច្រៀងជាពួករបស់ក្មេងៗតំណាងក្រមហ៊ុន ING លោក កែវ សូថា ចេញជួ​បក្រុម​អ្នក​តវ៉ា​។ ប៉ុន្តែលោក កែវ សូថា មិនបានឆ្លើយទៅនឹងការទាមទាររបស់អ្នកភូ​មិដែលសុំកា​ត់ឃ្វៀ​លដីចេ​ញ​​ពីក្រុ​ម​ហ៊ុនដើម្បីអភិវឌ្ឍ​នៅនឹង​កន្លង​នោះ​ទេដោយគ្រាន់តែអះអាងថាព័ត៌មានល​ម្អិតពីគោល​ការណ៍​ផ្ត​​ល់​​សំ​ណ​ងនេះក្រុមហ៊ុននិង​អាជ្ញារា​ជធានីនឹ​ងប្រា​ប់​នៅ​ដើម​សប្តាហ៍ក្រោយ។

លោកបន្ថែមថា៖ “សំណងគឺមានបើសិនមានប៉ះពាល់នៅនឹងកន្លែង បើសិនជាមានផលប៉ះពាល់កន្លងមក​គឺយើ​ងបាន​ធ្វើរូចហើយសាលាក្រុងបានធ្វើ ប៉ុន្តែសហការជាមួយក្រុមហ៊ុន(ពលរដ្ឋសួរ) ខ្ញុំអត់ដឹង អត់ដឹងព្រោះមិនទាន់ដោះស្រាយ។ អញ្ចឹង​នៅពេលដំណើរការគម្រោងប៉ះពាល់គេ​ចាប់ដោះស្រាយហើយ”។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង​ ឌីម៉ង់ អះអាងថាមន្ត្រីជំនាញនឹងសិក្សាពីផលប៉ះពាល់នេះបើមាន​លិខិត​ផ្លូវការ​ពីក្រុមអ្នកតវ៉ា។ លោកបន្តថា៖ “ឲ្យគាត់ដាក់ពាក្យមកដើម្បីឲ្យដឹងថាផ្ទះ​គាត់នៅត្រង់​ណា​ ​ដើ​​​ម្បី​យើង​ដោះ​ស្រាយ​ជាមួយគណៈកម្មាធិការ​ដោះស្រាយផលប៉ះពាល់នៅសាលារាជធានី”។

បើតាមអ្នកតវ៉ាក្រុមហ៊ុន ING នោះបានបូមខ្សាច់លុបបឹងធម្មជាតិនោះជាងពីរឆ្នាំមកហើយដែលពួកគេថាភាគីក្រុមហ៊ុនមិន​ដែលចុះជួប​ពលរ​ដ្ឋផ្តល់ព័​ត៌មានពីផលប៉ះ​ពាល់ដ​ល់ពួកគា​ត់ដែ​ល​រ​ស់នៅទីនោះទេទើបពួកគេបារម្ភពីការ​បណ្តេញដូច​សហគមន៍​បឹងកក់និងបុរីកីឡា​ជាដើម។ ​នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានលោក សៀ ភារម្យ ជំរុញឲ្យរដ្ឋាភិបា​ល​ចុះ​ធ្វើ​​​វេទិ​​កា​សាធារណៈ​ក្នុងតំបន់ដែលរងផលប៉ះពាល់ហើយផ្តល់សំណងសមរម្យដល់ប្រជា​សហគមន៍​ទាំង​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ