អង្គការតម្លាភាពស្នើឲ្យគ្រប់គណបក្សបញ្ចូលយន្តការប្រឆាំងអំពើពុករលួយទៅក្នុងគោលនយោបាយខ្លួន

អង្គការតម្លាភាពកម្ពុជាស្នើឲ្យគណបក្សនយោបាយដែលគ្រោងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ រៀបចំជាគោលនយោបាយក្នុងការប្រឆាំងនឹងអំពើពុករលួយ ដោយអង្គការនេះអះអាងថា យន្តការក្នុងការប្រឆាំងអំពើពុករលួយនាពេលបច្ចុប្បន្ននៅមានចំណុចខ្វះខាតនៅឡើយ។

នៅព្រឹកថ្ងៃសុក្រនេះ អង្គការតម្លាភាពកម្ពុជាបានរៀបចំជាកិច្ចពិភាក្សាមួយដែលមានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិល និងវិស័យឯកជនមួយចំនួន សរុបប្រមាណជាង៣០ស្ថាប័ន ដើម្បីរៀបចំជាសេចក្ដីព្រាងគោលនយោបាយប្រឆាំងអំពើពុករលួយ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល មានប្រសាសន៍ថា កន្លងមក លោកសង្កេតឃើញថាពុំមានគណបក្សនយោបាយណាបានរៀបចំជាគោលនយោបាយឲ្យបានស៊ីជម្រៅក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនោះទេ គឺគ្រាន់តែមានការលើកឡើងជាសារនយោបាយប៉ុណ្ណោះ។ លោកបន្តថា ការពិភាក្សាក្នុងថ្ងៃនេះមានបំណងប្រមូលមតិយោបល់ពីបណ្ដាអង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីលើកឡើងពីចំណុចដែលពួកគេគិតថានៅខ្វះខាត និងលើកឡើងជាយោបល់ ដើម្បីដាក់ជូនទៅកាន់គណបក្សនយោបាយនានាយកទៅពិចារណាក្នុងការដាក់បញ្ចូលជាគោលនយោបាយរបស់ខ្លួន។

លោក ព្រាប កុល បន្ថែមថា៖ “ឆ្នាំ២០១៧ ២០១៨នេះយើងចង់ឃើញលម្អិត ថាគាត់ប្រឆាំងយ៉ាងម៉េច គាត់កែទម្រង់យ៉ាងម៉េច។ ច្បាប់ប្រឆាំងអំពើពុករលួយត្រូវធ្វើវិសោធនកម្មមាត្រាណាខ្លះ។ ច្បាប់ស្ដីពីការផ្ដល់ព័ត៌មាន ទទួលព័ត៌មាន ឬក៏ច្បាប់ការពារសាក្សី និងអ្នករាយការណ៍ ត្រូវអនុម័តក្នុងទ្រង់ទ្រាយស្ដង់ដារយ៉ាងម៉េច។ ចឹងយើងចង់ឲ្យមានភាពច្បាស់លាស់ ហើយយើងចង់ជួយPromote ជួយផ្សព្វផ្សាយអ្វីដែលជាឆន្ទៈរបស់អ្នកនយោបាយឲ្យប្រជាពលរដ្ឋបានដឹង ឲ្យគាត់ដឹងថាគណបក្សមួយនេះគាត់ប្ដេជ្ញាអីចឹង ហើយគណបក្សមួយនេះគាត់ធ្វើអីចឹង ឲ្យប្រជាពលរដ្ឋគាត់មើលថាតើមានភាពខុសគ្នាដូចម្ដេច”

anti-corruption-platform-discussion-19-02-16
កិច្ចពិភាក្សារៀបចំជាសេចក្ដីព្រាងគោលនយោបាយប្រឆាំងអំពើពុករលួយដែលរៀបចំ​ដោយ​អង្គការតម្លាភាព​កម្ពុជា នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញាឫទ្ធិ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិស្វាគមន៍ការរៀបចំសេចក្ដីព្រាងគោលនយោបាយនេះ ដោយលោកថា ការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងការស្នើនីតិវិធី និងយុទ្ធវិធីក្នុងការទប់ស្កាត់ និងលុបបំបាត់អំពើពុករលួយជារឿងល្អ។ លោកមានប្រសាសន៍ថា៖ “យើងយល់ឃើញថាល្អ អង្គការសង្គមស៊ីវិលលោកចូលរួមចំណែកលើកពីយុទ្ធស្ត្រ យុទ្ធវិធី នីតិវិធីនៃការទប់ស្កាត់ និងការលុបបំបាត់អំពើពុករលួយជារឿងមួយល្អ។ ថ្វីត្បិតតែយើងមានខ្លះហើយក៏ដោយ យើងសង្ឃឹមថា វាជាផ្នែកមួយបំពេញបន្ថែមឲ្យកាន់តែល្អច្រើនទៀត”

យ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ឈឹម ផលវរុណ មានប្រសាសន៍ថា គណបក្សនយោបាយដែលត្រូវបង្កើតឡើងគឺមានរៀបចំជាគោលនយោបាយរបស់ខ្លួនរួចស្រាប់ហើយ ដោយលោកថា មិនត្រូវការមតិយោបល់ពីអង្គការសង្គមស៊ីវិលនោះទេ។ លោកចាត់ទុកការរៀបចំរបស់អង្គការជាសេចក្ដីព្រាងគោលនយោបាយដែលរៀបចំឡើងដោយអង្គការតម្លាភាពថាគ្រាន់តែជាការបម្រើឲ្យបរទេសប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា៖ “គណបក្សណាក៏ដោយ រួមទាំងគណបក្សប្រជាជន និងគណបក្សប្រឆាំង គេបង្កើតឡើង គេមានគោលនយោបាយ កម្មវិធីនយោបាយរបស់គេ រួមទាំងបរិបទនៃការប្រឆាំងអំពើពុករលួយ ឬប្រជាធិបតេយ្យសិទ្ធមនុស្ស។ ដូច្នេះគេមានអ្នកចេះអ្នកដឹង គណបក្សណាក៏ដោយ ហើយគេមិនដែលស្ដាប់ភ្នាក់ងារបរទេសទេ។ ហើយអ្នកទាំងអស់ហ្នឹងធ្វើដោយសារតែស៊ីឈ្នួលលុយបរទេស ចឹងហើយបានយើងហៅថាភ្នាក់ងារបរទេស។ ហើយបើសិនជាភ្នាក់ងារបរទេសដែលជាជនជាតិខ្មែរហ្នុងពូកែជាងគេ ទៅទៅធ្វើគណបក្សទៅ ប្រកួតប្រជែងជាមួយគណបក្សដែលមាន”

ក្នុងកិច្ចពិភាក្សានាថ្ងៃនេះ តំណាងអង្គការសង្គមស៊ីវិល និងវិស័យឯកជនបានពិភាក្សា និងឯកភាពគ្នាលើកជាសំណើចង់ឲ្យគណបក្សនយោបាយដែលឈ្នះឆ្នោតក្នុងអាណត្តិក្រោយធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងច្បាប់ប្រឆាំងអំពើពុករលួយដូចជា ថ្នាក់ដឹកអង្គភាពប្រឆាំងអំពើពុករលួយត្រូវឆ្លងកាត់ការផ្ដល់សេចក្ដីទុកចិត្តដោយរដ្ឋសភា និងការប្រកាសទ្រព្យសម្បត្តិគួរធ្វើឡើងជាសាធារណៈជាដើម។ កិច្ចពិភាក្សាក៏បានលើកឡើងអំពីសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានដែលក្រសួងព័ត៌មានកំពុងរៀបចំ ដោយក្រុមអង្គការសង្គមស៊ីវិលចង់ឲ្យមានការបញ្ជាក់ឲ្យច្បាស់ពីនិយមន័យនៃពាក្យព័ត៌មានសម្ងាត់ និងស្នើចង់ឲ្យមានច្បាប់ការពារសាក្សី និងអ្នករាយការណ៍ ដោយកិច្ចពិភាក្សាយល់ថា ច្បាប់ទាំងនេះមានសារៈសំខាន់ក្នុងការទប់ស្កាត់ និងលុបបំបាត់អំពើពុករលួយផងដែរ។

បើតាមលោក ព្រាប កុល អង្គការតម្លាភាពនឹងយកសេចក្ដីស្នើគោលនយោបាយដែលសម្រេចបានក្នុងថ្ងៃនេះទៅពិភាក្សាជាមួយភាគីពាក់ព័ន្ធបន្តទៀត ដូចជាដៃគូអភិវឌ្ឍ ប្រជាពលរដ្ឋជាពិសេសយុវជន មុននឹងបញ្ជូនសេចក្ដីព្រាងនេះទៅគណបក្សនយោបាយ ដើម្បីពិចារណាជ្រើសរើសយកចំណុចដែលគណបក្សនយោបាយនោះចង់បញ្ចូលទៅក្នុងគោលនយោបាយរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ