Angelina Jolie តារាហូលីវូដ អាមេរិក បង្ហាញក្តីសង្ឃឹមថា ខ្លឹមសារនៃសាច់រឿងរបស់លោកស្រី ដែលនិយាយពីរបបខ្មែរក្រហមនោះ នឹងចូលរួមចំណែកបន្ថែមក្នុងការអប់រំយុជនជំនាន់ក្រោយក្នុងតំបន់សង្គ្រាម និង ពិភពលោកឲ្យយល់ពីសោកនាដកម្មនៃរបបកាប់សម្លាប់ក្នុងទសវត្សរ៍ឆ្នាំ១៩៧០។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្នុងថ្ងៃបើកសម្ពោធចាក់បញ្ជាំងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ »ជាលើកដំបូងនៅខេត្តសៀមរាបកាលពីម្សិលមិញ លោកស្រី Angelina Jolie ថ្លែងថា លោកស្រី សង្ឃឹមថា សាច់រឿងនេះ អាចជួយរំឭកមនុស្សគ្រប់គ្នាទូទាំងពិភពលោក ពិសេសតំបន់មានសង្គ្រាមដូចនៅកម្ពុជា ឲ្យដឹងពីផលអាក្រក់នៃរបបព្រៃផ្សៃ។
លោកស្រី Jolie បានធ្វើការទំនាក់ទំនងជាមួយកម្ពុជា ចាប់តាំងពីលោកស្រី ចូលរួមធ្វើការសប្បុរសធម៌ជាមួយអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិជនភៀសខ្លួនកាលពីឆ្នាំ២០០១។ ចំណែកកូនចិញ្ចឹមរបស់លោកស្រី ដែលមានអាយុច្រើនជាងគេគឺ Maddox អាយុ១៥ឆ្នាំ គឺកូនដែលមានកំណើតនៅកម្ពុជា។ លោកស្រីក៏បានចូលរួមបង្កើតមូលនិធិ ដើម្បីជួយជំរុញដល់ការអភិវឌ្ឍន៍នៅតំបន់ជនបទដាច់ស្រយាលផងដែរ។
លោកស្រី Jolie បានចាត់ទុកកម្ពុជា ជាផ្ទះទី២របស់គាត់ហើយថា ប្រទេសសំបូរទៅដោយសម្បត្តិវប្បធម៌ល្អគួរឲ្យស្រលាញ់៕