គ.ជ.ប ប្រកាសទទួលពាក្យអ្នកស្នើសុំសង្កេតការណ៍សម្រាប់ការបោះឆ្នោតឃុំសង្កាត់​

គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​(គ.ជ.ប) ប្រកាស​ទទួល​ពាក្យ​ស្នើ​​សុំ​សង្កេត​ការណ៍​បោះឆ្នោត​ពី​អ្នក​សង្កេត​ការណ៍​ជាតិ អន្តរជាតិ និង​គណបក្ស​នយោបាយ ខណៈ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី ៤ កាន់តែ​ជិត​មក​ដល់​។

យោង​តាម​សេចក្តី​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប កាល​ពី​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ​នេះ​បាន​ឱ្យ​ដឹង​ថា គ.ជ.ប ចាប់​ផ្តើម​ទទួល​ពាក្យ​ស្នើ​សុំ សង្កេតការណ៍​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី ៤ នេះ មានអ្នក​សង្កេតការ​ជាតិ អន្តរ​ជាតិ និង​ភ្នាក់ងារ​គណបក្ស​នយោបាយ​ចាប់​ពី​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ​។

សម្រាប់​​ភ្នាក់​ងារ​គណបក្ស​នយោបាយ គ.ជ.ប បាន​ប្រកា​សថា គណបក្សដែល​មាន​បញ្ជី​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោ​ត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ មាន​សិទ្ធិ​ចាត់​តាំង​ភ្នាក់​ងារ​ពេញ​សិទ្ធិ​របស់​ខ្លួន ១ រូប និង​ភ្នាក់​ងារ​បម្រុង ១រូប ដើម្បី​សង្កេត​មើល​ការ​បោះ​ឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ​ក្នុង​ឃុំ សង្កាត់ ដែល​ខ្លួន​ឈរ​ឈ្មោះ​បោះ​ឆ្នោត ​។​

គ.ជ.ប ​ក៏​បាន​បន្ថែម​ទៀត​ថា​ការ​ដាក់​ពាក្យ​ស្នើ​សុំ​​សង្កេត​ការណ៍​ជាតិ សំរាប់​សមាគមន៍ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ​បាន​ចាប់​ផ្តើម​ផ្តល់ និង​ទទួល​ពាក្យ​ចាប់​ពី​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី ២៤ ខែ​ឧសភា ឆ្នាំ ២០១៧ ។

ដោយ​ឡែក​ការ​ស្នើ​សុំ​ធ្វើ​អ្នក​សង្កេត​ការណ៍​អន្តរ​ជាតិ ជា​អង្គការ​មិន​មែន​រដ្ឋាភិ​បាល​អន្តរជាតិ និង​ប្រទេស​នានា ដែល​មាន​បំណង​ចង់​សង្កេត​ការណ៍​បោះឆ្នោត នឹង​ចាប់​ផ្តល់ នឹង​ទទួល​ពាក្យ​ចាប់​ពី​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ​នេះ រហូត​ដល់​ថ្ងៃ​ទី ៣១ ឧសភា ឆ្នាំ​២០១៧​។

អ្នក​ដាក់​ពាក្យ​ស្នើ​សុំ​សង្កេត​ការណ៍​ជាតិ និង​អន្តរ​ជាតិ​អាច​យក​ពាក្យ​ស្នើ​សុំ​នៅ​ការិយា​ល័យ គ.ជ.ប ឬ​ទាញ​យក​ពាក្យ​តាម​គេហទំព័រ​​របស់​គ.ជ.ប និង​ដាក់​ពាក្យ​វិញ​នៅ​ការិយាល័យ​គ.ជ.ប​ដដែល​។ ​

ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ ២០១៧ ខាង​មុខ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ