ថៃ​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​លើ​តម្រួត​៦០​នាក់​​ជុំ​វិញ​ការ​ទទួល​អាំងប៉ាវ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន

តម្រួត​ថៃ​បាន​ចាប់​ផ្ដើម​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​មន្ត្រី​តម្រួត ៦០​នាក់​នៅ​តាម​ស្ថានីយ៍​តម្រួត ៤​កន្លែង​នៅ​ទីក្រុង​បាងកក ដោយ​សង្ស័យ​ថា ពួកគេ​បាន​ទទួល​អាំងប៉ាវ​ពី​​ម្ចាស់​បន​ល្បែង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មានសិង្ហបុរី Channel News Asia។

ការ​ទទួល​យក​កញ្ចប់​អាំងប៉ាវ​ក្រហម​ផ្ទុក​ទៅ​ដោយ​លុយ ត្រូវ​បាន​គេ​ចែក​ចាយ​នៅ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន។

មេ​បញ្ជាការ​តម្រួត​តំបន់ ៧នៅ​ទីក្រុង​បាងកក លោក​ឧត្ដមសេនីយ៍​ទោ​ ប៊ូនយ៉ាឫទ្ធិ រដ្ឋម៉ា បាន​បញ្ជា​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​នេះ បន្ទាប់​ពី​វីដេអូ​ឃ្លីប​មួយ​ដែល​បាន​បង្ហាញ​ក្រុម​តម្រួត​ថៃ​ឈរ​រង់ចាំ​ជា​ជួរ​ដើម្បី​ទទួល​អាំងប៉ាវ​ពី​ម្ចាស់​បន​ល្បែង​នោះ បាន​លេច​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​របស់​ប្រទេស​ថៃ។

យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក វីដេអូ​ឃ្លីប​នោះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចូល​ទៅ​ទស្សនា ១៥៩​ពាន់​ដង និង​ចែក​រំលែក​បន្ត​ជាង ២​ ២០០​ដង នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ ១៥​ម៉ោង ចាប់​តាំង​ពី​វា​ត្រូវ​បាន​បង្ហោះ​នៅ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

លោក ប៊ូនយ៉ាឫទ្ធិ បាន​និយាយ​ថា លោក​បាន​បញ្ជា​ឲ្យ​ស៊ើប​អង្កេត និង​សួរ​ចម្លើយ​តម្រួត​មក​ពី​តំបន់​តាលីងច័ន្ទ តំបន់​ធម្មសាលា តំបន់​បាងយីខាន និង​តំបន់​បាង​សៅថង មេ​តម្រួត​នៅ​តាម​ស្ថានីយ៍​តម្រួត​នីមួយៗ និង​មេ​តម្រួត​នៅ​តាម​ស្ថានីយ៍​នីមួយៗ​ផង​ដែរ។

លោក​បញ្ជាក់​ថា ស្ថានីយ៍​តម្រួត​ទាំង ៤​កន្លែង​ខាង​លើ ត្រូវ​បាន​បញ្ជា​ឲ្យ​សរសេរ​របាយការណ៍​បង្ហាញ​ទៅ​ការិយាល័យ​តម្រួត​ទីក្រុង​បាងកក​នៅ​ក្នុង​រយៈ​ពេល ១​សប្ដាហ៍។

បញ្ហា​នេះ​បាន​កើត​ឡើង​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​បន្ទាប់​ពី​ស្នងការ​រង​តម្រួត​ថៃ លោក​ឧត្ដមសេនីយ៍ ចាឡឺមកៀត ស៊ីវរៈខាន់ បាន​ចេញ​បញ្ជា​ទៅ​មេ​ស្ថានីយ៍​តម្រួត​ទាំង​អស់ ឲ្យ​ធានា​ថា មន្ត្រី​ក្រោម​ឱវាទ​របស់​ពួកគេ មិន​ទទួល​យក​អាំវប៉ាវ​ពី​ក្រុម​ឈ្មួញ​ជាប់​ខ្សែ​ស្រឡាយ​ចិន​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ