ខ្លាំង​ប៉ះខ្លាំង តែ ផាន់ ពិសិដ្ឋ នៅតែទម្លាក់គូប្រកួត​អោយធ្លាក់ហាលអាវ

កីឡាករ​ ផាន់ ពិសិដ្ឋ មកពីក្លិបពុទ្ធសេរីវង្ស​ខណ្ឌពោធិសែនជ័យ (សុខ ឆាយ)

នៅទី​បំផុត​ ​ការប្រកួតដែល​​​ដ៏ស្វិត​​ស្វាញដែលបានធ្វើឡើងនៅប៉ុស្ដិ៍លេខ​​​៥​ក្នុងព្រឹត្តិការណ៍​ប្រកួតជម្រុះ​ជើងឯក​វគ្គថ្មីដែលទើបបើកឆាក​​​​បាន​​៤សប្ដាហ៍​​កាលពីថ្ងៃទី១៦ កុម្ភៈ ​កីឡាករ​ទើបមានមុខប្រកួត​​លើសង្វៀន ​​​ផាន់ ពិសិដ្ឋ
បានក្លាយជាអ្នកទម្លាក់​​​​​​គូប្រកួត​របស់ខ្លួន​បានសម្រេច​គួរអោយភ្ញាក់ផ្អើល ក្នុងពេលដែល​​​​កីឡាករ លី ភា ត្រូវគេស្គាល់ថាជាជើង​ខ្លាំង និងជាកីឡាករល្អម្នាក់នៅ​លើ​​សង្វៀន។

ការទម្លាក់គូប្រកួតរបស់គេបានទទួលបានការ​ចាប់អារម្មណ៍យ៉ាង​ខ្លាំង ​ជាពិសេស​នៅពេលដែល​គេ​អាចមានសមត្ថភាព​​​​​វាយ​​បំបុក​និងវាយបកធ្វើអោយ​​កីឡាករ​​ដែល​ធ្លាប់​ត្រូវគេទទួលស្គាល់ថា​មានសមត្ថភាព​មិនធម្មតារូបនេះ​​​​​​​​​​បរាជ័យ​ដោយ​​គ្មានការ​​តវ៉ានៅចុង​ការប្រកួត។

​លោក សេង កដិកា អ្នករៀបចំកម្មវិធី​​​បានហៅ​ការប្រកួតរបស់គូទាំង​​​២​​ថា​​ប្រឹងអស់ពីសមត្ថភាព​រៀងខ្លួន ប៉ុន្តែបណ្ដាលមកពីការប្រកួតមួយនេះមិនអាច​​​អោយ​មានពិន្ទុ​ស្មើគ្នា ​​ទើប​​កំណត់យកតែកីឡាករ​ម្ខាង​ក្នុងចំណោម​ទាំង​​​២​​ដែលបាន​ប្រកួតគ្នា ​​​​​ដើម្បី​យកតែម្នាក់ឡើងទៅប្រកួត​​​​បន្ត​ក្នុង​វគ្គ​​១៦​នាក់ ហើយកីឡាករ​ម្នាក់ទៀតត្រូវធ្លាក់​​ហាលអាវ​​​​​​​​​​គួរអោយស្ដាយ​បើទោះជាគេ​​ជើងខ្លាំង​​​។

ការប្រកួត​​​រវាង ​​​​​​​​កីឡាករ​ ផាន់ ពិសិដ្ឋ មកពីក្លិបពុទ្ធសេរីវង្ស​ខណ្ឌពោធិសែនជ័យ និងកីឡាករ​ លី ភា មកពីក្លិប​សំរោងកោងកីឡាខេត្តបាត់ដំបង បានបង្ហាញ​​នូវ​ការប្រឹង​ប្រែងនៅលើសង្វៀន​ដែល​​​ស្ថិតនៅព្រែកកំពិស​យ៉ាងខ្លាំ
ង ទើប​​កីឡាករទាំងពី​រ​​​ត្រូវបានអ្នកគាំទ្រ​​​​ពេញចិត្តដោយសំឡេង​​​​អបអរសាទ​​រប្រហែលគ្នា ដែលមានន័យថា​​អ្នកណា​ឈ្នះ​​​ក៏​​បាន​​​​ឈ្នះដោយកិត្តិយស ហើយអ្នកចាញ់ក៏ធ្វើអោយ​អ្នកគាំទ្រ​អស់ចិត្ត​។

លោកថា​ការប្រកួតមួយគូរនេះ លោក​ពេញចិត្តជាងគេ ​ជាពិសេស​ក្នុងទឹកទី​​១ បើទោះជា​​កីឡាករ​ ផាន់ ពិសិដ្ឋ ​បង្ហាញការឈ្នះប្រៀបធ្វើអោយ​​​​​​​​ម្នាក់ៗមើលឃើញពី​ការ​​​​​​​​​ធ្លាក់ចេញរបស់​ លី ភា ក៏​​ក្នុងទឹកទី​២ ​កីឡាករ​លី ភា
ដែលជាជើងខ្លាំងនៅលើសង្វៀន​​​និងមានអ្នកស្នេហា​​ប្រដាល់​​ស្គាល់​ច្រើនមកហើយ ​​​សម្រុក​វាយ​លុក​បានល្អ​​​​​មកវិញ។ ​​ក្នុងទឹកទី​​២ និងទី​​៣ លោកថា​​​គណកម្មការកាន់តែ​ពិបាក​កាត់ក្ដី ហើយបើ​កុំតែ​កម្លាំង​​របស់​​​បង្គោល​រឹងជាងល្អជាង នោះប្រហែលជាជ័យជម្នះ​ក៏មិនងាយ​យកឈ្នះកីឡាករ​​រៀមច្បង​នោះដែរ។

​​ឆ្លងកាត់​​ការប្រកួតទាំង​​៣​​ទឹក ផាន់ ពិសិដ្ឋ សង្កត់ពិន្ទុនាំមុខបានល្អ​ ​ទើប​លទ្ធផលចុង​ក្រោយ គឺ​កីឡាករ​​បង្គោលក្រហមដែល​​លោក​បញ្ជាក់ថា​សូម្បីតែលោកខ្លួនឯងក៏គិតថាគេ​​​នឹងមិនអាចឈ្នះ​​បាន​​​ឡើងទៅកាន់​វគ្គ​​​១៦នាក់បាន​​សម្រាប់​ការប្រកួត​ដណ្ដើម​ជើងឯក​ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម​​រដូវ​កាលបែរជា​មានសមត្ថភាពទម្លាក់ជើងខ្លាំង​ម្នាក់ទៀត​អោយ​ហាលអាវ​​។

លោកថា​​​​ជារឿងសោកស្ដាយដែល​កីឡាករ​ល្អ​​ម្នាក់និងល្បីឈ្មោះ​ម្នាក់​​​​បាត់បង់​ឱកាសឡើងទៅប្រកួត​ក្នុង​វគ្គ​​បន្ត
​ក្នុងពេលដែល​​​ការប្រកួតជម្រុះមួយនេះគឺ​អត់មានអ្នក​ណាចង់ធ្លាក់ទាល់តែសោះ ជាពិសេស​​​​កីឡាករ​​ដែលមានក្រេឌីតជាង ដូចជាកីឡាករ ​​លី ភា។

ប៉ុន្តែ​​​លោកថា​​នេះក៏ជា​សារធ្វើអោយកីឡាករ​ដែល​​​​ត្រូវបានជ្រើសហើយសម្អាងថា​​ខ្លួនធ្លាប់មានថ្វីដៃនិង​​មាន​​កេរ្តិ៍ឈ្មោះភ្ញាក់ខ្លួនសម្រាប់អ្នកមិនទាន់បានឡើងរេញ​ជម្រុះនោះផងដែរ។ លោកអះអាងថារូបមន្តចាញ់ធ្លាក់ៗ ​​បានជួយអោយ​ប៉ុស្ដិ៍លេខ៥ អត់ឈឺក្បាល​​​​​​​រឿងកីឡាករ​​​​ប្រកួត​​លាក់ដៃ ឬលក់លទ្ធផល ​ហើយ​ក៏​ជា​​ជំនួប​​​រវាងកីឡាករ​ក្នុងប្រភេទដូចគ្នាមួយដ៏ច្រើន ដែល​​ជួយអោយ​​​​​​​អ្នកមានឈ្មោះប្រកួត​ទទួលបាន​​​ឱកាស​​​បានសាកកណ្ដាប់ដៃគ្នា និង​​​​​​ទទួលការ​ចាប់អារម្មណ៍នៅពេលប្រកួត​​ឈ្នះ​ផងដែរ។

លោកនៅតែអះអាងថា​​​បើ​ធៀប​នឹង​​​​​​​សមត្ថភាព និង​​​ប្រវត្តិប្រកួតរបស់កីឡាករខាងលើគឺ​ លី ភា ​​​មាន​​កម្រិតល្អជាង​​ ផាន់ ពិសិដ្ឋ ទើប​លោកសម្ដែងការ​ភ្ញាក់​ផ្អើលក្នុងពេលដែល​កីឡាករទាំងពីរ​ប៉ះគ្នា ហើយ​​ស្រាប់តែ​​​កីឡាករ​​​​​ ផាន់ ពិសិដ្ឋ ​​ដណ្ដើម​​បាន​​​​​ជោគជ័យ ក្រោយបើកឆាកប្រយុទ្ធស៊ីសាច់ហុតឈាមជាមួយគ្នា។

​កីឡាករ ​ផាន់ ពិសិដ្ឋ បានបង្ហាញអារម្មណ៍​​​​​ភ្ញាក់​​ផ្អើល បន្ទាប់ពី​បាន​ឆ្លងផុត​​​​​ជុំទី១ហើយបាន​ឡើងទៅកាន់វគ្គ​​១៦​នាក់​​​​​​​ដែលជាជុំទី​​២ ​ក្នុងពេលដែល​លោកក៏អះអាងថា​​មិនចង់ជឿ​​ភ្នែក​ថាលទ្ធផលចុងក្រោយ គឺលោកជាអ្នកឈ្នះ។ ការទម្លាក់កីឡាករ​ជើង​ខ្លាំង លី ភា ​លោកថាមិនទាន់​​សង្ឃឹមខ្ពស់សម្រាប់​ការ​ឈានឡើង​ទៅ​​​វគ្គបន្តទៀតនោះទេ ​​​ពិសេសសម្រាប់​ការ​ប្រកួតជម្រុះ​​ក្នុងវគ្គ​​១៦​នាក់​យក​​៨នាក់​ ​ដោយសារតែគូប្រកួតដែលបានឈានឡើងគឺទោះជាប៉ះមួយណា​ក៏មិនងាយ​​​វាយស៊ី។

លោក​​ថាការប្រកួត​កាលពីល្ងាចថ្ងៃទី​១៦ កុម្ភៈ លោកទទួលជ័យជម្នះដោយសារតែ​បាន​ហ្វឹកហាត់​​​​​រហូត​ដល់​ជាង​​២អាទិត្យជាប់លាប់ ​​​​ហើយ​​​​លោកក៏ខំប្រឹង​ប្រែង​អោយខ្លាំង​បន្តទៀតផងដែរ ​ដោយសារតែលោក​ក៏ចង់ឈ្នះ​ពាន
ឬឈានទៅដល់ដំណាក់​កាលដែលមានអ្នកទស្សនា​​​​​​ស្គាល់មុខ និង​ឈ្មោះបានច្បាស់ជាងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ